បាត់​ដំ​បង​: ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​បាត់​ដំ​បង​បាន​បញ្ជូន​ក្រុម​ក្មេង​ទំនើង​​ប្រើ​ដាវ​កាប់​គ្នា​​ចំ​នួន​ ៦ ​នាក់​ទៅ​សា​លា​​​ដំ​បូង​ខេត្ត​បាត់​ដំបង​នៅ​ថ្ងៃ​ចន្ទ​នេះ​បន្ទាប់​ពី​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ ​នៅ​ក្នុង​ភូ​មិ​រំចេក​ សង្កាត់​រតនៈ​ក្រុង​-​ខេត្ត​បាត់​ដំបង​ កាល​ពី​ថ្ងៃ​ទី​ ២៩​ មីនា។​

​លោក​ ជេត​ វណ្ណ​នី ​ស្នង​ការ​រង​ទ​ទួល​ផែន​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​ន​គរ​បាល​ខេត្ត​បាត់​ដំ​បង​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា ​ជន​សង្ស័យ​ ១​-​ឈ្មោះ​​ ជ័យ ​​សុ​ផាត ​ភេទ​ប្រុស​អា​យុ ​២​១ ​ឆ្នាំ ​(​ជន​ដៃ​ដល់​)​ ២​-​ឈ្មោះ​​ វឿន ​សុខ​ផេង ​ភេទ​ប្រុស​​អា​យុ​ ១​៩ ​ឆ្នាំ ​(​ជន​ដៃ​ដល់​)​ ៣​-​​ឈ្មោះ​ ចិត្ត ​រក្សា​ ហៅ​វិ​បុត្រ ​ភេទ​ប្រុស​ អា​យុ​​ ១​៧ ​ឆ្នាំ​ ៤-​ឈ្មោះ ​រ៉ាត់ ​ធា​រ៉ា​ ភេទ​ប្រុស​ អា​យុ​ ១​៨​ ឆ្នាំ​ ៥​-​ឈ្មោះ​​ សាន្ត ​សា​រិទ្ធិ​ ភេទ​ប្រុស ​អា​យុ​ ១​៦​ ឆ្នាំ​ ៦​-​ឈ្មោះ​ ណា​ន ​​យ៉ារ៉ា​ហ្វា​ត់​ ភេទ​ប្រុសអា​យុ ១៥ ​ឆ្នាំ។​

លោក​ប្រាប់​ថា​៖ ​«​ខ្ញុំ​បញ្ជូន​ពួក​គេ​ទៅ​តុលាការ​​មិន​ទាន់​ទេ​នៅ​ថ្ងៃ​អាទិត្យ​ ប៉ុន្តែ​នៅ​ក្នុង​កំណត់​ហេតុ​ខ្ញុំ​បាន​ចោទ​ពួក​គេ​ពី​បទ​ហិង្សា​​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​។​ពួក​គេ​ទាំង​ ៦ ​នាក់​បាន​កាប់​លើ​ជន​រង​គ្រោះ​​ ២ ​នាក់​របួស​ធ្ងន់»។

លោក​រំឭក​ប្រាប់​ថា​ ករណី​ទំនាស់​ឈាន​ទៅ​កាប់​ចាក់​គ្នា​នេះ​ដោយ​ពួក​គេ​ទាំង​ ២ ​ក្រុម​ដែល​មួយ​ក្រុម​ៗ​មាន​គ្នា​ពី​ ៦ ​ទៅ ​១០ ​នាក់​នោះ​មាន​គំ​នុំ​ជា​មួយ​គ្នា​យូរ​មក​ហើយ​។​ លុះ​ដល់​ពេល​ដើរ​ជួប​គ្នា​ទាំង ​២ ​ភា​គី​បាន​ទាស់​ពាក្យ​សម្តី​គ្នា​ហើយ​ក៏​វាយ​កាប់​ចាក់​គ្នា​​តែ​ម្តង​ទៅ​ដែល​ហេតុ​ការណ៍​កើត​ឡើង​កាល​ពី​យប់​រំ​លង​អា្រធាត្រ​ថ្ងៃ​ទី​ ២​៩ ​មីនា​ ឆ្នាំ​ ២​០​១​៩​ នៅ​ភូមិ​-​សង្កាត់​កើត​ហេតុ​ខាង​លើ។

​ក្រោយ​បង្ក​ហេតុ​ភា​គី​ខាង​ជនបង្ក​បាន​ព្យា​យាម​រត់​គេច​ខ្លួន​ប៉ុន្តែ​ដោយ​សារ​សមត្ថ​កិច្ច​ដាក់​កម្លាំង​ដើរ​ល្បាត​​ប្រចាំ​ក្នុង​មូលដ្ឋាន​ក៏​បាន​ស្ទាក់​ចាប់​ជន​សង្ស័យ​បាន​ជា​បន្ត​បន្ទាប់៕