ព្រះវិហារៈ ក្មេងប្រុស​អាយុ​ ៥ ​ឆ្នាំ​ម្នាក់ ​ដែល​ត្រូវ​ជា​កូន​បាន​ស្លាប់ ខណៈ​ក្មេងស្រី​ ២ ​នាក់​ទៀត​ ដែល​ជា​ក្មួយ​របួសធ្ងន់ ឯ​ឪពុក​រងរបួស​ស្រាល​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បេ​ប្រភេទ​ ៤០ ​មិលី្លម៉ែត្រ​ ១ ​គ្រាប់​ នៅ​ភូមិ​ស្រអែម​ខាងត្បូង ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​នៅ​ថ្ងៃទី​ ២៦ ​កក្កដា ដោយសារ​ក្មេងប្រុស​រងគ្រោះ​យក​គ្រាប់​បេ​ដែល​ឪពុក​រើស​ពី​វាលស្រែ​មក​ដំ​លេង​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​។

លោក​ ឱ សេង អធិការនគរបាល​ស្រុក​ជាំក្សាន្ដ​ថ្លែង​ពី​ម្សិលមិញ​ថា ក្មេង​ម្នាក់​ឈ្មោះ ម៉ាន ម៉ា អាយុ​ ៥ ​ឆ្នាំ​បាន​ស្លាប់ និង​ក្មេងស្រី​ ២ ​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បេ​ប្រភេទ​ ៤០ ​មិល្លីម៉ែត្រ​ ១ ​គ្រាប់​ស្ថិតនៅ​ទីតាំង​ខាងលើនេះ​។ ក្នុង​នោះ​ឪពុក​របស់​កុមារ​រងគ្រោះ​រងរបួស​ស្រាល ពេល​ដែល​គាត់​កំពុង​ដេក​ក្នុង​អង្រឹង​ក្រោមផ្ទះ​ដែរ​។

លោក​បន្តថា កុមារី​ទាំង​ ២ ​នាក់​ដែល​រងរបួស​ធ្ងន់​ត្រូវ​បាន​ក្រុមគ្រួសារ និង​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រះវិហារ​ភ្លាមៗ ក្រោយពី​មាន​ហេតុការណ៍​នេះ​។ ក្មេងស្រី​ម្នាក់​ត្រូវចំ​កំភួនជើង​ខាងឆ្វេង​ត្រូវ​ចំ​ដៃ និង​ដាច់​រលាត់​លើ​ដងខ្លួន រីឯ​កុមារី​ម្នាក់ទៀត​ត្រូវ​ចំ​ភ្លៅ​ខាងស្ដាំ និង​ត្រូវចំ​ទ្រូង​ធ្ងន់ធ្ងរ ខណៈ​បុរស​ឈ្មោះ​ សំ សាម៉ាន ដែល​ជា​ឪពុក​ក្មេងប្រុស​ខាងលើ​រងរបួស​ស្រាល​ដោយ​ដាច់​រលាត់​ដៃ​តិចតួច​។

លោក​ ឱ សេង បញ្ជាក់​ថា​៖ «​ខ្ញុំ​អត់ទាន់​បានទទួល​ព័ត៌មាន​អ្វី​បន្ថែម​ជុំវិញ​ស្ថានភាព​របួស​របស់​កុមារី​ទាំង​ ២ ​នាក់​នៅឡើយ​។ ប៉ុន្ដែ​ឪពុកម្ដាយ​គាត់​កំពុង​មើលថែ​នៅ​មន្ទីរពេទ្យ​ហ្នឹងហើយ ហើយ​សមត្ថកិច្ច​ជំនាញ​យើង​បាន​ធ្វើ​កំណត់ហេតុ​នៅផ្ទះ​គាត់​រួចរាល់​ដែរ​។ ពេល​កើតហេតុ​ភ្លាមៗ​ហ្នឹង​ពួកខ្ញុំ​ចុះទៅ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង និង​សាកសួរ​សាក្សី​នៅក្នុង​ [​ហេតុការណ៍​] ​នោះ​»​។

លោក​ ចាន់ ហ៊ុន នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ប្រាប់​ពី​ម្សិលមិញ​ថា ក្បាល​គ្រាប់បេ​ប្រភេទ ៤០ ​មិល្លីម៉ែត្រ​ ១ ​គ្រាប់​នេះ​ត្រូវបាន​ឪពុក​ឈ្មោះ​ សំ សាម៉ាន រើសយក​មកពី​វាលស្រែ​របស់ខ្លួន​កាលពី​ ៣ ​ខែ​មុន ដោយ​បាន​ដុត​កម្ទេចចោល​ដែរ ប៉ុន្ដែ​មិន​ផ្ទុះ​។ ក្រោយមក​គាត់​ក៏​រើស​យកមក​ទុក​ក្រោមផ្ទះ​របស់​ខ្លួន ស្រាប់តែ​ថ្ងៃ​កើតហេតុ​នេះ​ក្មេងៗ​ដែល​ត្រូវ​ជា​កូន និង​ក្មួយៗ​របស់គាត់​ក៏​រើស​យក​មក​ធ្វើ​ក្បាល​មេក្រូ​ច្រៀង​រាំលេង​នៅក្រោម​ផ្ទះ​ខ្លួន ហើយ​ក្មេងប្រុស​អាយុ ៥ ​ឆ្នាំ​ក៏​យកមក​ដំ​លេង​បណ្ដាល​ឲ្យ​ផ្ទុះ​តែម្តង​។

លោក​បន្តថា ជនរងគ្រោះ​ដោយសារ​យក​គ្រាប់​មក​ដំ​លេង​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់ និង​រងរបួស​ធ្ងន់ ស្រាល​ចំនួន​ ៤ ​នាក់​នោះ​រួមមាន ទី​១- ​កុមារា ​ម៉ាន ម៉ា អាយុ ៥​ ឆ្នាំ​ (​ស្លាប់ និង​ជា​អ្នក​ដំ​គ្រាប់បេ​) ទី​២- ​កុមារី បូ ឃីម​ (​របួសធ្ងន់​) ទី​៣- ​កុមារី ហេង ស្រីពៅ​ (​របួសធ្ងន់​) ​និង​ទី​៤- ​ឪពុក​ឈ្មោះ​ សំ សាម៉ាន​ (​របួសស្រាល​)​។ ក្មេងប្រុស​ដែល​ស្លាប់​នោះ​គឺ​សាកសព​ត្រូវ​ផ្ទុះ​ដាច់​សាច់​ខ្ទាត​ចេញ ដោយ​ឪពុកម្ដាយ​ដើរ​រើស​សាច់​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោក​បញ្ជាក់ថា​៖ «​នៅ​តំបន់​ឃុំ​កន្ទួត​ និង​តំបន់​មួយចំនួន​នៃ​ស្រុក​ជាំក្សាន្ត​នេះ តែងតែ​មាន​ពលរដ្ឋ​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។ ព្រោះ​តំបន់​យើង​នេះ​ជា​កន្លែង​សង្គ្រាម​ក្ដៅ​ជាមួយ​សៀម ជាពិសេស​គឺ​សម័យ​ខ្មែរក្រហម​គឺជា​កន្លែង​ប្រយុទ្ធ​គ្នា​ខ្លាំងណាស់ ទើប​សម្បូរ​សំណល់​ជាតិ​ផ្ទុះ​បែបនេះ​»​។

លោក​ លី ធុជ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​ ១ ​នៃ​អាជ្ញាធរ​មីន​បាន​ថ្លែង​កាលពី​ថ្ងៃទី ១៤ កក្កដា​ ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ចក្ខុវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​យ៉ាងច្បាស់លាស់​ក្នុង​ការបញ្ចប់​ការគំរាមកំហែង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​។ ការងារ​បោសសម្អាត​នេះ​ត្រូវការ​ធនធាន​មនុស្ស សម្ភារ និង​ថវិកា​ជាច្រើន​ថែមទៀត​ទើប​ជំរុញ​ការបោសសម្អាត​បាន​រួចរាល់​តាម​ផែនការ​កំណត់​នៅ​ឆ្នាំ​ ២០២៥​។

លោក​សំណូមពរ​ដល់​ប្រតិបត្តិករ​ជាតិ អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត​សហការ​ចូលរួម​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ចំ​គោលដៅ និង​ប្រកបដោយ​ប្រសិទ្ធភាព​អំពី​ការយល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

លោក​ក៏បាន​ស្នើឲ្យ​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយ​ធ្វើការ​អប់រំ​ការយល់ដឹង​អំពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឲ្យ​បាន​ទូលំទូលាយ​ជា​សាធារណៈ​នៅក្នុង និង​ក្រៅ​សហគមន៍​របស់​ខ្លួន​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ពី​គ្រាប់​ទាំងនោះ​ជាយថាហេតុ​៕