រតនគិរីៈ ក្មេងប្រុស​ម្នាក់​ត្រូវបាន​សត្វដំរី​ឈ្មោល​ ១ ​ក្បាល ​ប្រើ​ប្រមោយ​ចាប់​បោក​ផ្ទប់​ទៅនឹង​ដើមឈើ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់​ក្រោយពី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​កាលពី​ព្រឹក​ថ្ងៃទី​ ១៤ ខែ​ មីនា ឆ្នាំ ២០២០ នៅ​ចំណុច​ភ្នំ​ក្រូច​ស្ថិត​ក្នុង​ភូមិ​កាទៀង ឃុំ​ល្បាំង​ ២ ស្រុក​លំផាត់​។

លោក​ សាយ ឃីលី នាយប៉ុស្តិ៍​ឃុំ​ល្បាំង​ ២ ​បាន​ថ្លែង​ពីថ្ងៃ​អាទិត្យ​ថា កុមារា​​រងគ្រោះ​ឈ្មោះ ហៀក ជីវៈ អាយុ​ ១០ ​ឆ្នាំ​ ជា​ជនជាតិ​ព្រៅ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ​កុមារ​រងគ្រោះ​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ឪពុកមា​របស់​គេ​ឈ្មោះ ប៊ុនរឿង ផ្លាល អាយុ​ ៣១ ​ឆ្នាំ​ ដែល​ជា​ហ្មដំរី និង​ដែល​កំពុង​ជិះ​ដំរី​ឈ្មោល​ ១ ​ក្បាល​នោះ​ ឆ្ពោះទៅកាន់​ទីវាល​ខាងក្រោយ​ភ្នំ​ក្រូច ដើម្បី​ចងវា​ឲ្យ​ស៊ី​ល្បាស់​ព្រៃ​ដែល​ដុះ​នៅក្នុង​តំបន់​នោះ​។

លោក​ ឃីលី ​បន្តថា បើតាម​ការអះអាង​របស់លោក​ផ្លាល​ដែល​ជា​ឪពុកមា​កុមារ​រងគ្រោះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​សត្វ​ដំរី​នោះ​ក៏បាន​ងាកក្បាល​ត្រឡប់​មក​ក្រោយ ហើយ​យក​ប្រមោយ​វាយ​ទៅលើ​កុមារ​រងគ្រោះ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ បន្ទាប់មក​វា​ក៏​ចាប់​កុមារ​រងគ្រោះ​គ្រវែង​ផ្ទប់​ទៅលើ​ដើមឈើ ដែល​ដុះ​នៅក្បែរ​ទីវាល​នោះ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។

លោក​បាន​ថ្លែង​ដោយ​លើក​យក​សម្ដី​របស់​លោក​ ផ្លាល មក​បញ្ជាក់ថា​៖ «​ពេលនោះ​ខ្ញុំ​នៅ​មិនទាន់​ចុះ​ពី​ខ្នង​ដំរី​នោះ​ផង​នៅឡើយ​ទេ​។ ខ្ញុំ​បាន​ទាញ​ពូថៅ​ពី​ចង្កេះ​កាប់​ដំរី​នោះ​រហូតដល់​បាក់ដង​ពូថៅ បន្ទាប់មក​ខ្ញុំ​ក៏​ទាញ​ដែក​កង្វេរ​មកចាក់​រហូតដល់​សត្វ​ដំរី​នោះ​បាក់​ខ្លប ទើប​ខ្ញុំ​លោត​ចុះ​ពី​លើ​ខ្នង​របស់​វា​មក​ដី​ហើយ​រត់​ទៅ​លើក​ក្មួយប្រុស​របស់ខ្ញុំ​រួច​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​។ ប៉ុន្តែ​ដោយ​របួសធ្ងន់​ពេក ក្មួយប្រុស​របស់​ខ្ញុំ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​ក្រោយ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​បាន​ប្រមាណ​ជា​ ១០ ​នាទី​»​។

លោក​ ជ្រឿយ ប៊ុនរឿង ដែលជា​ជីតា​កុមារ​រងគ្រោះ និង​ជា​ប្រធាន​ក្រុម​ហ្មដំរី​នៃ​សមាគម​ដំរី​អៃរាវតា ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ដំរី​ឈ្មោល​ដែល​វាយប្រហារ​ចៅប្រុស​របស់​លោក​ដល់​ស្លាប់​នោះ​មាន​ឈ្មោះ​ បួក ម៉ាយ អាយុ​ ៣២ ​ឆ្នាំ វា​មាន​ចរិត​ស្លូតបូត​គួរ​ឲ្យ​ស្រឡាញ់​វា​ចេះ​លុតក្រាប និង​រាំ​យ៉ាង​ល្អប្រសើរ ហើយ​វា​ក៏​មិន​ដែល​បង្កបញ្ហា​ដល់​ហ្មដំរី ឬ​កូនចៅ​អ្នកភូមិ​ណា​ម្នាក់​ឡើយ​។ លោក​បន្តថា​៖ «​អាម៉ាយ​ជា​ដំរី​ល្អ​ចេះ​ស្ដាប់បង្គាប់ ប៉ុន្តែ​ឥឡូវនេះ​វា​បានបង្ហាញ​ចរិត​កាចសាហាវ​ពី​ធម្មជាតិ​មក​វាយប្រហារ​លើ​ចៅប្រុស​របស់ខ្ញុំ​រហូត​ដល់​ស្លាប់​»​។

អ្នកស្រី ជួន សាម៉ី ប្រធាន​គ្រប់គ្រង​សមាគម​ដំរី​អៃរាវតា ខេត្ត​រតនគិរី​ថ្លែងថា​៖ «​យើង​ពិតជា​មាន​ការសោកស្ដាយ​ចំពោះ​ឧបទ្ទវ​ហេតុ​ដែល​បានកើត​ឡើង​នេះ​។ ប៉ុន្តែ​យើង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​កុមារ​រងគ្រោះ​សងសឹក​ទៅលើ​បួកម៉ាយ នោះ​វិញ​បាន​ទេ ព្រោះ​វា​ជា​ដំរី​ស្រុក​ (​ពូជ​ដំរី​អាស៊ី​) ​ដែល​កំពុង​ប្រឈម​ការ​ជិត​ផុត​ពូជ​»​។ បើតាម​អ្នកស្រី សាម៉ី ពេលនេះ​បួក ម៉ាយ កំពុង​ត្រូវបាន​ចងទុក​នៅក្រោម​ម្លប់​ដើមឈើ​នៃ​តំបន់​ការពារ និង​អភិរក្ស​ដំរី​អៃរាវតា​ក្រោម​ការថែទាំ​និង​ផ្ដល់​ចំណីអាហារ​ពី​សមាគម​ដំរី​អៃរាវតា​។

ដំរី​ឈ្មោល​ឈ្មោះ​ បួក ម៉ាយ ត្រូវបាន​គេ​នាំ​មកពី​ភូមិ-ឃុំ​ស្រែ​អំពូម ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​ជា​ទី​ដែល​វា​ធ្លាប់​បាន​សម្លាប់​ម្ចាស់​របស់​វា​ម្នាក់​ឈ្មោះ ម៉ុប ស្រេង អាយុ​ ៤៥ ​ឆ្នាំ​ កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៦ ដោយសា​តែ​ពេលនោះ វា​ចុះប្រេង​ (​រក​ញី​)​។ វា​បាន​បង្ក​ការអុកឡុក និង​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​ជាតិ និង អន្តរជាតិ​ដែល​ទស្សនា​ខេត្តមណ្ឌលគិរី​។ វា​ត្រូវបាន​ក្រុមមន្ត្រី​ជំនាញ​ពី​មជ្ឈមណ្ឌល​សួនសត្វ​ភ្នំ​តាម៉ៅ​ចុះបង្ក្រាប​រយៈពេល​ ៣ ​ថ្ងៃ ដោយ​ប្រើ​ដំរី​ញី​ ៤ ​ក្បាល​ និង​ថ្នាំ​សណ្ដំ​បាញ់​ទៅលើ​វា​ទើប​អាច​ចាប់ និង​គ្រប់គ្រង​វា​បាន​៕