The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្មេងប្រុស​ម្នាក់​​ ត្រូវបាន​ចាប់​ខ្លួន​ ពាក់ព័ន្ធ​ករណី​ចាប់​កុមារ​វ័យ ២ ឆ្នាំ​ជ្រមុជ​ទឹក​ស្លាប់

ក្មេងប្រុស​ម្នាក់​​ ត្រូវបាន​ចាប់​ខ្លួន​ ពាក់ព័ន្ធ​ករណី​ចាប់​កុមារ​វ័យ ២ ឆ្នាំ​ជ្រមុជ​ទឹក​ស្លាប់

ក្មេងប្រុស​ម្នាក់​​ ត្រូវបាន​ចាប់​ខ្លួន​ ពាក់ព័ន្ធ​ករណី​ចាប់​កុមារ​វ័យ ២ ឆ្នាំ​ជ្រមុជ​ទឹក​ស្លាប់

កំពង់ឆ្នាំងៈ ក្មេងប្រុស​ម្នាក់​ដែល​ចាប់​កុមា​រវ័យ ២ ឆ្នាំ​ម្នាក់​ជ្រមុជ​ក្នុង​ទឹក​ស្ទឹង​ស្លាប់ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​ហើយ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​ប៉ុន្មាន​ម៉ោង កាល​ពី​ថ្ងៃ​ទី ៩ ខែ​មករា ឆ្នាំ ២០១៩ នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​ក្រាំង​ស្គារ ស្រុក​ទឹក​ផុស ខេត្ត​កំពង់ឆ្នាំង។

លោក ឌុ​ច ចំរើន នាយ​កា-រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណី​ក្មេង​ប្រុស​ម្នាក់​ដែល​សម្លាប់​ក្មេង​ដូច​គ្នា​នៅ​ស្រុក​ទឹកផុស​នោះ ពេល​នេះ​សមត្ថកិច្ច​របស់​លោក​បាន​ឃាត់​ខ្លួន​ហើយ ដោយ​ពេល​នេះ​កំពុង​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម។

លោក​បាន​ប្រាប់ថា៖ «ក្មេង​ដៃដល់​ម្នាក់​នោះ​សមត្ថកិច្ច​មិនទាន់​នាំ​យក​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​នៅ​ឡើយ​ទេ​ហើយ​ឥឡូវ (ថ្ងៃ​ទី ១០ មករា) នេះ​យើង​កំពុង​ចុះ​ស្រាវជ្រាវ​បន្ត​ទៀត​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ជុំវិញ​ករណី​ឃាតកម្ម​នេះ»។

លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស​ប្រាប់​ពី​ម្សិលមិញ​ថា ក្មេង​ប្រុស​ដែល​សម្លាប់​កុមារ​រង​គ្រោះ​ឈ្មោះ ប៊ុន សុធារិទ្ធ អាយុ ១១ ឆ្នាំ។

រីឯ​កុមារ​រងគ្រោះ​ឈ្មោះ រិ​ន សា​រ៉ុង អាយុ ២ ឆ្នាំ មាន​ឪពុក​ឈ្មោះ ស៊ីម សារឿន អាយុ ២២ ឆ្នាំ​និង​មាន​ម្តាយ​ឈ្មោះ នឿន សុភិន អាយុ ២១ ឆ្នាំ ពួកគេ​រស់​នៅ​ក្នុង​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ។

លោក​បញ្ជាក់ថា៖ «ពេលនេះ​សមត្ថកិច្ច​ខ្ញុំ​កំពុង​បន្ត​នីតិវិធី​ដើម្បី​សួរ​ក្មេង​ដៃ​ដល់​ពាក់ព័ន្ធ​ក្នុង​រឿង​ឃាតកម្ម​នេះ​បន្ថែម​ហើយ​ក្មេង​ដៃ​ដល់​ក៏បាន​ប្រាប់​ពី​ការ​ប្រព្រឹត្ត​លើ​ក្មេង​រង​គ្រោះ​ដែរ»។

លោក វិបុល បាន​រំឭក​ប្រាប់​តាម​សម្តី​ក្មេង​សង្ស័យថា មូល​ហេតុ​ដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​បែប​នេះ​ដោយសារ​កាល​ពី​ប៉ុន្មាន​ខែ​មុន​កើត​ហេតុ ខ្លួន​បាន​ប្រើស​ម្តី​មិន​សមរម្យ​ដាក់​ម្តាយ​កុមារ​រង​គ្រោះ ហើយ​ក៏​ត្រូវ​បាន​គាត់​បន្ទោស​និង​គំរាម​វាយ​រូបគេ​ផង។ បន្ទាប់ពី​នោះមក រូបគេ​ក៏មាន​គំនុំ​ទៅ​លើ​គ្រួសារ​នោះ។

លោក​បន្តថា លុះ​នៅ​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី ៩ ខែ​មករា ឆ្នាំ ២០១៩ ក្មេង​សង្ស័យ​បាន​ជិះ​កង់​ចេញ​ពី​រៀន ហើយ​បាន​ឃើញ​កុមារ​រង​គ្រោះ​កំពុង​ដើរ​តាម​ផ្លូវ​ក៏​ឆ្លៀត​ឱកាស​ចុះ​ពី​លើ​កង់​ហើយ​លើក​កុមារ​រង​គ្រោះ​ដាក់​ក្នុង​កន្ត្រក​កង់ រួច​ជិះ​សំដៅ​ទៅ​ស្ទឹង​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល ១ គីឡូម៉ែត្រ។ លុះ​ជិះ​កង់​ទៅ​ដល់​មាត់​ស្ទឹង រូបគេ​ក៏​បាន​ចាប់​ក្បាល​កុមារ​រងគ្រោះ​ជ្រមុជ​ក្នុង​ទឹក​រហូត​ដល់​ស្លាប់​រួចក៏បាន​ជិះ​កង់​ត្រឡប់​មក​ផ្ទះ​វិញ​ដូច​ធម្មតា ហាក់​គ្មាន​អារម្មណ៍​ភិត​ភ័យ​ឡើយ។

លោក​ប្រាប់ទៀតថា ចំពោះ​ឪពុកម្តាយ​ក្រោយពី​បាត់​កូន​ក៏​ទៅប្រាប់​អ្នកភូមិ និង​នាំគ្នា​ដើរ​រក​រហូត​ដល់​ម៉ោង ១ កន្លះ​រសៀល​ថ្ងៃទី ៩ ខែ​មករា តែ​រក​មិន​ឃើញ។ ប៉ុន្តែ​ខណៈ​កំពុង​ដើរ​រក​កូន​នោះ​ក៏ត្រូវ​អ្នក​ភូមិ​ប្រាប់​ថា ពួកគាត់​បាន​ឃើញ​ក្មេង​សង្ស័យ ដឹក​ក្មេង​រង​គ្រោះ​តាម​កង់ ជិះ​សំដៅ​ទៅ​ស្ទឹង ហើយ​ពេល​នាំគ្នា​ទៅ​រក​នៅ​ទីនោះ ក៏​ឃើញ​ក្មេង​រង​គ្រោះ​ស្លាប់​ក្នុង​ទឹក​ស្ទឹង​បាត់​ទៅ​ហើយ។

អ្នកស្រី នឿន សុ​ភិន ដែលត្រូវជា​ម្ដាយ​កុមារ​រងគ្រោះ​មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ចម្លើយ​ចោទ​ប្រកាន់​ពី​ក្មេង​សង្ស័យ​បាន​ទេ កាល​ពី​ម្សិលមិញ ។ ប៉ុន្តែ​លោក​សេង សារិន ត្រូវ​ជា​ជីតា​របស់​ក្មេង​រង​គ្រោះ​បាន​អះអាង​ថា រឿងចោទ​ថា​ម្ដាយ​គំរាម​ក្មេង​សង្ស័យ​គឺ​មិន​ពិត​ទេ ព្រោះ​ក្មេង​សង្ស័យ​គឺជា​មនុស្ស​រស់​នៅ​ភូមិ​ផ្សេងដែល​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក។

យ៉ាងណាក្ដី ទាក់ទង​នឹង​ជនសង្ស័យ​ជា​អនីតិជន​បែបនេះ ត្រូវបាន​លោក មេធាវី ឡោ គីម​ហ្គិច បក​ស្រាយ​ថា តាម​ផ្លូវ​ច្បាប់ កាល​ណា​ជន​សង្ស័យ​ស្ថិត​ក្រោម​អាយុ ១៣ ឆ្នាំ គឺ​គាត់​មិន​ត្រូវ​បាន​ទទួល​ទោស​ព្រហ្ម​ទណ្ឌ​ត្រូវ​ជាប់​ពន្ធនាគារ​នោះ​ទេ ក៏ប៉ុន្តែ​ក្រុម​គ្រួសារ​ឬ​ឪពុក​ម្តាយ​ក្មេង​សង្ស័យ​នោះ​ត្រូវ​ជួយ​ចេញ​សំណង​រដ្ឋ​ប្បវេណី​ទៅ​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ៕

អត្ថបទគួរចាប់អារម្មណ៍