ភ្នំពេញៈ ក្មេងប្រុស​អាយុ​ ១២ ​ឆ្នាំ​ម្នាក់ និង​បុរស​ពេញវ័យ​ ២ ​នាក់​ បាន​រងរបួស​ស្រាល​ដោយសារ​រលាកភ្លើង ក្រោយពី​ផ្ទុះ​គម្រប​ស៊ីទែន​ស្តុក​ប្រេងសាំង​ក្រោម​ដី​នៅ​ភូមិ​អូរអំបិល សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​ ២២ ​មីនា​កន្លងមកនេះ​។

លោក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សេរីសោភ័ណ​បាន​ថ្លែង​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ​ឈ្មោះ​ សាន វីរៈពីទូ ភេទ​ប្រុស​អាយុ​ ១២ ​ឆ្នាំ​ ត្រូវ​ភ្លើង​រលាកជើង​ទាំងសងខាង ចំណែក​ឈ្មោះ គឺម ផ្លា ភេទ​ប្រុស​អាយុ​ ៤៩ ​ឆ្នាំ និង​ឈ្មោះ​ ឌុច ចាន់ហេង ភេទ​ប្រុស​អាយុ​ ២០ ​ឆ្នាំ​ រងរបួស​ស្រាល​។ លោក​បន្តថា មនុស្ស​ ៣ ​នាក់​ត្រូវជា​សាច់ញាតិ​ក្នុង​គ្រួសារ​តែមួយ​ទេ​។

លោក ងួន សុង៉ម អាយុ​ ៣៣ ​ឆ្នាំ​ ត្រូវជា​ឪពុកមា​របស់​ក្មេង​រងគ្រោះ​បាន​រៀបរាប់​ប្រាប់ថា ផ្ទះ​របស់​គាត់​បាន​បើក​ហ្គារ៉ាស​លក់​ប្រេងឥន្ធនៈ​ហើយ​កាលពី​រសៀល​ថ្ងៃទី​ ២០ ខែមីនា នៅក្បែរ​ផ្ទះ​របស់គាត់​មាន​អ្នកភូមិ​ម្នាក់​បាន​ដុត​សំរាម​ប៉ុន្តែ​ដោយសារ​បាំង​របង​ថ្ម​ធ្វើឲ្យ​គាត់​មិនដឹង​។ លុះ​ភ្លើង​ដែល​ដុត​សំរាម​នោះបាន​ប៉ើង​មក​ចូលក្នុង​ដី​របស់គាត់​ដែល​ផ្កាភ្លើង​នោះបាន​ប៉ើង​ទៅ​ទើ​លើ​គម្រប​ស៊ីទែន​សាំង​ធ្វើឲ្យ​ឆាបឆេះ​តែម្តង​។

ពេលនោះ​ក្មួយ​របស់​គាត់​ដែល​នៅក្បែរ​នោះ​ត្រូវ​អណ្តាតភ្លើង​សាំង​ឆាបឆេះ​រលាក​របួស​ជើង​តែ​មិន​ធ្ងន់​ទេ ហើយ​ឪពុក​របស់​គាត់​ឈ្មោះ​ គឺម ផ្លា អាយុ​ ៤៩ ​ឆ្នាំ​ បាន​យក​បំពង់​ពណ៌​ក្រហម​ដែល​ប្រើ​ដើម្បី​ការពារ​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ឲ្យ​រលត់​ភ្លាមៗ​ដែរ​។ លោក​បន្តថា​ចំពោះ​ក្មួយប្រុស​របស់​លោក​ពេលនេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក មិត្តភាព​កម្ពុជា ជប៉ុន នៅ​ស្រុក​មង្គលបុរី ហើយ​ស្ថានភាព​របួស​មាន​សភាព​ធូរស្រាល​ទេ​ព្រោះ​ត្រូវ​ភ្លើង​រលាក​ស្រាល​ទេ​៕