បន្ទាយមានជ័យៈ​ ក្មេង​ប្រុស​-​ស្រី​ជា​បងប្អូន​ជី​ដូន​មួយ​គ្នា​ បាន​លង់​ទឹក​ស្លាប់​ ដោយ​សមត្ថកិច្ច​សង្ស័យ​ថា ​អាច​មក​ពី​ដើរ​រអិល​ជើង​ធ្លាក់​ចូល​ស្រះ​ ​ខណៈ​ម្តាយ​ឪពុក​របស់​ពួក​គេ​កំពុង​ជាប់​រវល់​ក្នុង​កម្មវិធី​ឡើង​ផ្ទះ​ថ្មី​​ កាល​ពី​ថ្ងៃទី ​១៣​ ខែ ​សីហា នៅ​ភូមិ​គោរ​ដ្ឋាន​សង្កាត់​អូរ​អំបិល ​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ។

លោក ​គង់ ​ផល្លី​ នាយ​រង​ប៉ុស្តិ៍​​​​នគរបាល​សង្កាត់​អូរអំបិល ​ក្រុង​សិរី​សោភ័ណ បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា​ ក្មេង​រងគ្រោះ​ទាំង ​២ ​នាក់​នោះ​ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា ដែល​មាន​ម្នាក់​ឈ្មោះ ​ជា​ ដាវរី​ ភេទ​ស្រី អាយុ ៥ ​ឆ្នាំ ​មាន​ម្តាយ​ឈ្មោះ ​ដុក ​ធីតា និង​ឪពុក ​ឈ្មោះ ​ ង៉ាន់​ សុជាតិ​ មាន​លំនៅ​ក្នុង​ភូមិ​គោរដ្ឋាន សង្កាត់​អូរអំបិល ​ក្រុង​សិរីសោភ័ណ ​ខេត្ត​បន្ទាយមាន​ជ័យ​។ ចំណែក​សព​ក្មេង​ប្រុស​មាន​ឈ្មោះ ​ត្រាំ​ សាន់ ​អាយុ ៦​ ឆ្នាំ ​ដែល​មាន​ឪពុក​ ឈ្មោះ ​ហេង ​ត្រាំ ​និង​ម្តាយ​ ឈ្មោះ​ ង៉ាន់ ​លី​ រស់នៅ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​​។ ​

លោក​ ផល្លី ​ប្រាប់​ឲ្យ​ដឹង​ថា ​នា​ថ្ងៃ​កើត​​ហេតុ​នោះ​ នៅ​ផ្ទះ​របស់​ក្មេង​ស្រី​រងគ្រោះ​ មាន​ធ្វើ​ពិធី​ឡើង​ផ្ទះ​ថ្មី​ ហើយ​បាន​ហៅ​បងប្អូន​ និង​សាច់​ញាតិ​របស់​ខ្លួន​មក​ពី​ខេត្ត​បាត់ដំបង ​និង​ផ្សេង​ទៀត ដើម្បី​មក​ចូលរួម​ក្នុង​ពិធី​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​។ ​លុះ​ដល់​ពេល​ចប់​កម្មវិធី​នៅ​វេលា​ម៉ោង​ប្រហែល ២ ​រសៀល ​ឪពុក​ម្តាយ​ក្មេង​រងគ្រោះ​ទាំង ​២ ​នាក់​ បាន​នាំ​គ្នា​ដើរ​រក​កូន​ តែ​មិន​ឃើញ​។

លោក​បន្ត​ថា​ ពេល​នោះ​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​​ បាន​ទៅ​សួរ​ស្រ្តី​អ្នក​ធ្វើ​ម្ហូប​សម្រាប់​កម្មវិធី​នោះ​ ហើយ​គាត់​ក៏​បាន​ប្រាប់​ថា​ បាន​ឃើញ​ក្មេង​ប្រុស​-​ស្រី​ ​២ នាក់​នោះ ​​នាំ​​គ្នា​ដើរ​សំដៅ​ទៅ​ស្រះ​ទឹក​ដែល​នៅ​ក្បែរ​នោះ។ ពេល​ឮ​ដូច្នេះ​ម្តាយ​ឪពុក​ក្មេង​រងគ្រោះ​​បាន​នាំ​គ្នា​ដើរ​ទៅ​រក​ ហើយ​ពេល​ទៅ​ដល់​ពួក​គេ​បាន​ឃើញ​តែ​ខោ​អាវ​ និង​ស្បែក​ជើង​នៅ​លើ​គោក​ ហើយ​ក៏​នាំ​គ្នា​​ចុះ​ស្រះ​ទឹក​នោះ​ដើម្បី​រាវ​រក​កូន ​ក៏​ស្រាប់​តែ​ប្រទះ​ឃើញ​ពួក​គេ​នៅ​​ក្នុង​ទឹក​ហើយ​បាន​ស្រង់​ចេញ​មក​លើ​គោក​​រលាក់​ទឹក​ចេញ​ពី​ក្នុង​ខ្លួន​ តែ​ពួក​គេ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

លោក​ប្រាប់​ថា​ ចំពោះ​ទីតាំង​ស្រះ​ទឹក​​នោះ​ មាន​ចម្ងាយ​ពី​ផ្ទះ​កើត​ហេតុ​ប្រហែល​តែ ​៥០០ ​ម៉ែត្រ​ប៉ុណ្ណោះ ​តែ​មិនមែន​ជា​របស់​ម្តាយ​ក្មេង​រងគ្រោះ​ទេ តែ​ជា​ស្រះ​ទឹក​របស់​អ្នក​ជិត​ខាង​ដែល​គេ​ជីក​សម្រាប់​យក​អាចម៍​ដី​។​ បើ​គិត​ពី​មាត់​ស្រះ​ទៅ​បាត​ក្រោម​មាន​ជម្រៅ​ប្រហែល​ជា​ ​២ ​​ម៉ែត្រ​ប៉ុណ្ណោះ។ ​រី​ឯ​ទឹក​នៅ​ក្នុង​​ស្រះ​នោះ​​មាន​ជម្រៅ​តែ​ត្រឹម​ចង្កេះ​មនុស្ស​ចាស់​ទេ ​ប៉ុន្តែ​អាច​មក​ពី​ពួក​គេ​នៅ​ក្មេង​ មិន​ចេះ​ប្រវេប្រវា​ឡើង​មក​លើ​គោក​បាន ទើប​ជួប​គ្រោះថ្នាក់​ដល់​ជីវិត​បែប​នេះ​។

លោក​ថា​​៖ ​«​អាច​ក្មេង​រងគ្រោះ​រអិល​ជើង​ ទៅ​កន្លែង​ទឹក​ជ្រៅ​ ហើយ​ពួក​គេ​ឡើង​មក​លើ​វិញ​មិន​បាន​​»។

លោក​ ផល្លី ​ប្រាប់​ថា​ ក្រោយ​មាន​ហេតុការណ៍​នេះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​អូរ​អំបិល​បាន​ចុះ​ទៅ​​ធ្វើ​កោសល្យ​វិច័យ​លើ​សាកសព​ក្មេង​រងគ្រោះ​ទាំង ​២ ​នាក់​នោះ និង​បាន​ពិនិត្យ​ឃើញ​ថា ​ពួក​គេ​មិន​មែន​ស្លាប់​ដោយ​នរណា​ម្នាក់​ធ្វើ​ឃាត​​ទេ​៕​​