កំពង់ចាមៈ ​ក្មេង​ប្រុស ​និ​ង​ស្រី ៤ ​​នាក់ ​ដែល​លង់​ទឹក​ស្លាប់​នៅ​ក្នុង​រណ្ដៅ​ដី​មួយ​កន្លែង​នៅ​ក្នុង​ភូ​មិ​​បែក​​អន្លូង​ ឃុំ​អារក្ស​ត្នោត ​ស្រុក​ស្ទឹង​ត្រង់​​ ខេត្ត​កំ​ពង់​​ចាម ​​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​បន្ទាប់​ពី​ពួក​គេ​បាន​​ចុះ​ទៅ​លេង​នៅ​ក្នុង​នោះ​ដោយ​មិន​ចេះ​ហែល​ទឹក។​

​លោក ​ប៉ាក ​ជាតិ ​អ​ធិ​ការ​ន​គរ​បាល​ស្រុក​ស្ទឹង​ត្រង់​បាន​ឲ្យ​ដឹង​ដោយ​យោង​តាម​សម្តី​ក្មេង​ ២​ នាក់​ ដែល​​ទៅ​ជា​មួយ​ក្មេង​រង​គ្រោះ​​ថា ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ៨​ មិ​ថុ​នា​ ក្មេង​រង​គ្រោះ​បាន​នាំ​គ្នា​​ទៅ​រើស​គ្រាប់​ស្វាយ​ចន្ទី​នៅ​ចម្ការ​ស្វាយ​ចន្ទី​មួយ​ត្រង់​ចំ​ណុច​គី​ឡូ​ ៦ ​ស្ថិត​ក្នុង​ភូមិ​-​ឃុំ​ខាង​លើ​ដែល​មាន​ចម្ងាយ​ពី​ភូមិ​ប្រ​ហែល​ ១ ៥០០ ​ម៉ែត្រ​។​ បន្ទាប់​ពី​នាំ​គ្នា​រើស​គ្រាប់​ស្វាយ​ចន្ទី​បាន​ហើយ​ក៏​ត្រ​ឡប់​មក​ផ្ទះ​វិញ​ ប៉ុន្តែ​ដោយ​ពួក​គេ​ចង់​ងូត​ទឹក​ក៏​នាំ​គ្នា​ចុះ​ងូត​ទឹក​ក្នុង​រណ្តៅ​ដី​​ដែល​គេ​ជីក​សម្រាប់​ទុក​ទឹក​ស្រោច​ស្វាយចន្ទី។​

​លោក​បន្ត​ថា​​ ក្នុង​ចំណោម​ក្មេង​ ៦ ​នាក់​ មាន​ ២​ នាក់ ​មិន​បាន​ចុះ​ងូត​ទឹក​ទេ​ហើយ​​មួយ​សន្ទុះ​ក្រោយ​មក​ក្មេង​ដែល​នៅ​លើ​គោក​ក៏​ឃើញ​​គ្នា​គេ​​ទាំង​ ៤​ នាក់ ​លើក​ដៃ​វ៉ៃ​ទឹក​ និង​លិចបាត់​ចូល​ទៅ​ក្នុង​ទឹក​ ដោយ​ឃើញ​ដូច្នេះ​ ពួក​ក្មេង​ទាំង​ ២​ នាក់ ​ក៏​រត់​មក​ប្រាប់​អ្នក​ភូមិ​ឲ្យ​ទៅ​ជួយ។

លោក​ប្រាប់​ថា​៖ «​បន្ទាប់​ពី​ដឹង​ដំណឹង​ហើយ​ពលរដ្ឋ​បាន​ប្តឹង​សមត្ថ​កិច្ច​របស់​យើង​​​ហើយ​ទាំង​សមត្ថ​កិច្ច​ទាំង​អ្នក​ភូមិ​នាំ​គ្នា​​ទៅ​កន្លែង​កើត​ហេតុ ​និង​នាំ​គ្នា​ចុះ​រាវ​រក​ក្មេង​រង​គ្រោះ ​ប៉ុន្តែ​ពេល​រាវ​រក​ឃើញ​និង​ស្រង់​ឡើង​ពី​ទឹក​មក​គឺ​​ពួក​គេ​បាន​ដាច់​ខ្យល់​ស្លាប់​អស់​ទៅ​ហើយ»។

លោក​ ប៉ាក ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ក្មេង​រង​គ្រោះ ​៤​ នាក់ ​ដែល​លង់​ទឹក​ស្លាប់​នោះ​ត្រូវ​ខាង​កាក​បាទ​ក្រ​ហម​ខេត្ត​កំពង់​ចាម​កាល​ពី​ថ្ងៃ​ទី​ ៩​ មិថុនា​ បាន​ផ្តល់​ប្រាក់​ ២​០​ ម៉ឺន​រៀល ​ក្នុង​សព​ម្នាក់​អង្ក​រចំ​នួន​ ៥​០ ​គី​ឡូ​ក្រាម​​ រួម​មាន​គ្រឿង​ឧប​ភោគ​បរិ​ភោគ​​មួយ​ចំនួន​ទៀត។​

​លោក​ប្រាប់​ថា​ ​​​​ក្មេង​រង​គ្រោះ​មាន​ទី​១​-​ឈ្មោះ​ ​​​​ជុន​​ ​​​​​​​​​លី​​​តា​ ​ភេទ​ស្រី​ ​អា​យុ​​ ១២​ ឆ្នាំ​,​ ​ទី​២​-​ឈ្មោះ​ ​ជុន​ ជូ​ ភេទ​ប្រុស ​អាយុ​ ១០ ​ឆ្នាំ (​បង​ប្អូន​បង្កើត​),​ ទី​៣-​ឈ្មោះ​ រ៉េត​ ណូយ​ ភេទ​ស្រី​ អាយុ​ ១៣ ​ឆ្នាំ ​និង​​ឈ្មោះ ​ហង្ស ​ហ៊ី​ ភេទប្រុស ​អាយុ​ ១១ ​ឆ្នាំ ​ពួក​គេ​មាន​លំនៅ​ក្នុង​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់។​​

លោក​ប្រាប់​ថា​៖​​ «​សាក​សព​ក្មេង​ទាំង​ ៤ ​នាក់ ​កំ​ពុង​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី​ហើយ​អាជ្ញាធរ​ក៏​មាន​ការ​សោកស្តាយ​ចំ​ពោះ​​ការ​បាត់​បង់​អាយុ​ជី​វិត​ក្មេង​ដែរ»៕​