រតនគិរីៈ ក្មេងប្រុស-ស្រី ២ ​នាក់​ដែល​កំពុង​ដេកលក់​នៅក្នុង​ផ្ទះ​បាន​ស្លាប់ ខណៈ​ពេល​ដែល​ភ្លើង​កំពុង​ឆេះ​ផ្ទះ​ពេល​​រំលង​អធ្រាត្រ​ស្ថិតនៅ​ភូមិ​អូរជុំ ឃុំ-ស្រុក​អូរជុំ ខេត្តរតនគិរី​កាលពី​ថ្ងៃទី​ ០៥ ខែឧសភា ឆ្នាំ​ ២០២០​។

លោក ងែន សំ នាយរង​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរជុំ​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា កុមារី ប៊ី ឡែន អាយុ​ ៥ ​ឆ្នាំ​ និង កុមារា សឿន វណ្ណៈ អាយុ​ ៣ ​ឆ្នាំ​ដែល​ត្រូវជា​កូន​របស់​ស្ត្រី​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ជីន សុជាតិ អាយុ​ ២៧​ ឆ្នាំ បាន​ឆេះ​ស្លាប់​នៅក្នុង​ភ្នក់ភ្លើង បន្ទាប់ពី​ស្ត្រី​ជា​ម្ដាយ​បាន​ចាក់​ផ្ទេរ​សាំង​ពី​ប៊ីដុង​ចំណុះ​ ៣០ ​លីត្រ​ចូល​ទៅក្នុង​ដប ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​បណ្ដាល​ឲ្យ​ហៀរ​កំពុប​ទៅ​ប៉ះ​នឹង​ភ្លើងទៀន​ដែល​គាត់​បាន​អុជ​បំភ្លឺ​នៅក្បែរ​នោះ​បង្ក​ឲ្យ​ឆាបឆេះ​ជា​អគ្គិភ័យ​កើតឡើង​។

លោក​ថ្លែងថា​៖ «​ក្រោយ​ឆាបឆេះ​ជា​អគ្គិភ័យ ស្ត្រី​ជា​ម្ដាយ​បាន​ភ័យ​តក់ស្លុត​ខ្លាំងពេក​មិន​បាន​ស្ទុះ​ទៅយក​កូន​ដែល​កំពុង​ដេក​លង់លក់​នៅលើ​គ្រែ​ក្នុង​មុង​នោះទេ គឺ​គាត់​គិតតែ​ពី​ស្រែកយំ និង​រត់​ឆ្លេឆ្លា​ហៅ​អ្នកជិតខាង​មកជួយ​»​។

លោក​បាន​បន្ថែមថា​៖ «​ទម្រាំ​អ្នកជិតខាង​ និង​សមត្ថកិច្ច​មកដល់​កូនប្រុស-ស្រី​របស់​គាត់​ទាំង​ ២ ​នាក់​បាន​ឆេះ​ស្លាប់​នៅក្នុង​ភ្នក់ភ្លើង និង​ក្លាយ​ជា​ដុំ​ធ្យូង​បាត់​ទៅ​ហើយ​»​។

លោក រ៉ុង សារិទ្ធ នាយផ្នែក​សណ្ដាប់ធ្នាប់ និង អគ្គិភ័យ ស្រុក​អូរជុំ​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​អាជ្ញាធរ​ភូមិ​ឃុំ កម្លាំង​ជួយ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ ប៉ុន្តែ​កំសួល​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ឡើង​យ៉ាង​ឆាប់រហ័ស​។

លោក​ថា​៖ «​យើង​ទៅដល់​ភ្លើង​បាន​ឆេះ​ឡើង​ពេញបន្ទុក​ទៅហើយ​ជាហេតុ​ដែល​នាំឲ្យ​មន្ត្រី​យើង​មិនអាច​ចូលទៅ​ជួយ​កុមារ​រងគ្រោះ​ទាំង​ ២ ​បាន​។ យើង​ពិតជា​មាន​ការសោកស្ដាយ​ខ្លាំងណាស់​»៕