ព្រះវិហារៈ ក្មេងប្រុស​ ៣ ​នាក់ ​ក្នុង​ចំណោម ៤ ​នាក់ ​បាន​លង់​ទឹកស្រះ​ស្លាប់​កាលពី​វេលា​ម៉ោង ១២ ​ថ្ងៃត្រង់ ថ្ងៃទី​ ៨ ខែ មីនា ឆ្នាំ​ ២០២១ ​បន្ទាប់ពី​ពួកគេ​ត្រឡប់​មកពី​ឃ្វាលគោ ហើយ​នាំគ្នា​ចុះ​ងូត​ទឹកស្រះ​លេង​នៅ​ក្បែរ​អនុវិទ្យាល័យ​ស្រយ៉ង់ ក្នុង​ឃុំ​ស្រយ៉ង់ ស្រុក​គូលែន​។

លោក គឹម សារឿន អធិការរង​ស្រុក​គូលែន​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា កុមារា ជេត ផល អាយុ ១០ ​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ស្រយ៉ង់​ជើង ឃុំ​ស្រយ៉ង់ និង​កុមារា​ ២ ​នាក់​ទៀត​ដែលជា​អ្នកជិតខាង​រួមមាន​ឈ្មោះ​ សុខ ចិត្រា អាយុ​ ៩ ​ឆ្នាំ និង ផាត ចាន់បុត្រ អាយុ ៦ ​ឆ្នាំ​ បាន​នាំគ្នា​ចុះ​ងូតទឹក​ស្រះ​ហើយ​លង់​ស្លាប់​។

លោក​ថ្លែងថា​៖ «​យើង​ពិតជា​សង្វេគ​ចិត្ត​ណាស់ នៅពេល​ឃើញ​ឪពុកម្ដាយ​របស់​ពួកគេ​ស្រង់​សព​របស់​ពួកគេ​ចេញពី​ក្នុង​ស្រះ​ទឹក ហើយ​យំសោក​ឱប​សព​របស់​ពួកគេ​ទាំង​ខ្លួនប្រាណ​ទទឹកជោក​»​។

លោក​បាន​បន្តថា​៖ «​ការស្លាប់​របស់​កុមារា​ទាំង​ ៣ នេះ គឺ​បណ្ដាល​មកពី​ភាពធ្វេសប្រហែស​របស់​ឪពុកម្ដាយ​របស់​ពួកគេ​ផងដែរ​ដែល​បាន​បណ្ដែតបណ្ដោយ​ឱ្យ​ពួកគេ ជា​ក្មេង​តូចៗ​ឱ្យ​ទៅ​ឃ្វាលគោ និង​ងូត​ទឹកស្រះ​លេង​ដោយ​គ្មាន​មនុស្ស​ចាស់​ទៅជា​មួយ​»​។

លោក ឡែ សុផាត អាយុ​ ៣៣ ​ឆ្នាំ​ជា​ឪពុក​កុមារ​រងគ្រោះ​ឈ្មោះ ផាត ចាន់បុត្រ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ព្រឹក​ថ្ងៃកើតហេតុ លោក​បាន​ដឹកគោ​ទៅ​ចង​ឱ្យ​ស៊ីស្មៅ នៅក្រោយ​អនុវិទ្យាល័យ​ស្រយ៉ង់​លុះ​ក្រោយ​ទទួលទាន​អាហារ​ថ្ងៃត្រង់​រួច លោក​បាន​ប្រើ​ឱ្យ​កូនប្រុស​ច្បង ឈ្មោះ ផាត ផានិត អាយុ​ ១១ ​ឆ្នាំ​ទៅ​មើល​គោ ខ្លាចក្រែង​វា​ដាច់ និង​ដើម្បី​ផ្លាស់​ទីកន្លែង​ចង​គោ ប៉ុន្តែ​កូនប្រុស​ពៅ​របស់លោក​ឈ្មោះ ផាត ចាន់បុត្រ បាន​រត់តាម​ក្រោយ​បង​របស់​វា​។

លោក​ថ្លែងថា​៖ «​កន្លងមក ខ្ញុំ​ធ្លាប់ប្រើ​កូនប្រុស​ច្បង​របស់ខ្ញុំ​ឱ្យ​ទៅ​មើល​ផ្លាស់កន្លែង​ចងគោ​ដែរ ហើយ​មិន​ដែល​មាន​បញ្ហា​នោះទេ ពីព្រោះ​ពី​ផ្ទះ​ខ្ញុំ​ទៅ​កន្លែង​ចង​គោ​ក្រោយ​សាលារៀន​នោះ​មាន​ចម្ងាយ​ជាង​ ៥០០ ​ម៉ែត្រ​ប៉ុណ្ណោះ​»​។

បើតាម​ការរៀបរាប់​របស់​លោក​ សុផាត ប្រមាណ​ជា​ ៣០ ​នាទី​ក្រោយមក ស្រាប់តែ​កូនប្រុសច្បង​របស់លោក​បាន​រត់​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​យំ​សស្រាក់​ដោយ​ស្រែកប្រាប់​លោក​ថា​៖ «​ពុក​! ម៉ែ ! អាបុត្រ​លង់ទឹក​!... អាផល និង​អាចិត្រា​ក៏​លង់​ដែរ​!»​។ បន្ទាប់មក​លោក និង​ប្រពន្ធ​បាន​រត់​ទៅ​កន្លែងកើតហេតុ ដោយ​បាន​ស្រែកហៅ​អ្នកជិតខាង​មួយ​ចំនួន​ឱ្យទៅជួយ​។ ទោះយ៉ាងណា ទម្រាំ​ពួកគាត់​រត់​ទៅ​ដល់​ស្រះទឹក​នោះ និង​ទម្រាំ​មុជទឹក​រាវរក​ពួកគេ​ឃើញ ពួកគេ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

យោងតាម​របាយការណ៍​របស់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រយ៉ង់​ដែល ​ភ្នំពេញ ប៉ុស្តិ៍​ ទទួល​បាន​ពេល​ចេញទៅ​ផ្លាស់កន្លែង​ចង​គោ​នោះ កុមារា​ទាំង​ ២ ​នាក់​បងប្អូន​បាន​ជួប​កុមារា​រងគ្រោះ​ ២ ​នាក់​ទៀត​នៅតាម​ផ្លូវ ហើយ​ពួកគេ​ក៏​នាំគ្នា​ទៅ​មើល​កន្លែង​ចងគោ​។ លុះ​ត្រឡប់​មកផ្ទះ​វិញ ពួកគេ​ក៏​នាំគ្នា​ចុះ​ងូតទឹក​ស្រះ​លេង ហើយ​ក៏​រអិល​ជើង​ធ្លាក់​ចូល​ទៅក្នុង​ទឹក​ជ្រៅ​បណ្ដាល​ឱ្យ​លង់ទឹក​ស្លាប់​អស់​ ៣ ​នាក់​។ ស្រះ​នេះ​មាន​ជម្រៅ​ ៣ ​ម៉ែត្រ និង​មាន​រាង​ចំណោត​ដែល​ងាយ​នឹង​រអិល​ធ្លាក់​ចូល​ទៅក្នុង​ទឹក​ជ្រៅ​៕