កំពង់ធំ/បាត់ដំបង: កុមារា​អាយុ​ ១២ ​ឆ្នាំ​ម្នាក់​ បាន​រងរបួស​ធ្ងន់​ដាច់​ប្រអប់ដៃ​ខាងស្ដាំ​ដោយសារ​យក​ក្បាល​គ្រាប់ B40 ទៅ​គប់​លេង នៅ​ភូមិ​អណ្តាស ឃុំ​សាលាវិស័យ ស្រុក​ប្រាសាទបល្ល័ង្ក ខេត្ត​កំពង់ធំ​កាលពី​ថ្ងៃទី​ ១៧ ​ខែ​កុម្ភៈ ខណៈ​អាជ្ញាធរខេត្ត​បាត់ដំបង​បាន​បំផ្ទុះ​ចោល​គ្រាប់ B40 ​ចំនួន​ ២ ​គ្រាប់ ​នៅ​ច្រាំង​ស្ទឹងសង្កែ ស្ថិត​ក្នុងភូមិ​​រំចេក​ ៤ សង្កាត់​រតនៈ​។

លោក ជ័យ សំអាត អធិការរង​ស្រុក​ប្រាសាទ​បល្ល័ង្ក​បាន​ថ្លែង​ពី​ថ្ងៃ​អង្គារ​ថា ក្មេងប្រុស​ម្នាក់​ឈ្មោះ​ ឡង ពន្លឺ អាយុ​ ១២ ​ឆ្នាំ​ បាន​រងរបួស​ដាច់​ប្រអប់ដៃ​ខាងស្ដាំ ដោយសារ​រូបគេ​រើស​បាន​ក្បាល​គ្រាប់​ ១ ​គ្រាប់ ប្រភេទ B40 ដែល​ជា​គ្រាប់​បាញ់​ប្រឆាំង​រថក្រោះ​យក​ទៅ​គប់​លេង​។ ក្រោយពេល​មាន​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ទៅ​ដល់​ទីតាំង​ខាងលើ និង​បាន​បញ្ជូន​កុមារា​រងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្ត​សៀមរាប​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​យើង​បាន​ផ្សព្វផ្សាយ អប់រំ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងចាស់​ទាំងក្មេង​បើ​ជួបប្រទះ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​កុំ​ប៉ះពាល់​វា ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជំនាញ ដើម្បី​យក​មក​រក្សាទុក​ទីកន្លែង​មាន​សុវត្ថិភាព​។ ដោយឡែក​ក្មេងរងគ្រោះ​នេះ ខ្ញុំ​គិតថា​ប្រហែល​ជា​គាត់​មិន​ស្គាល់​គ្រាប់​នេះ​បាន​ជា​គាត់​យក​ទៅ​គប់​លេង​បែបនេះ​»​។

លោក ហង្ស ឡែម នាយប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​សាលា​វិស័យ​បាន​ថ្លែងថា ក្មេងប្រុស​រងគ្រោះ​មាន​ឪពុក​ឈ្មោះ ឡាន់ ឡង អាយុ ៣៦ ​ឆ្នាំ និង​ម្តាយ​ឈ្មោះ ជឿន ចែម អាយុ ៣៥ ​ឆ្នាំ​។ លោក​បន្តថា ករណី​នេះ​ដោយសារ​កុមារា​រងគ្រោះ​បាន​ទៅ​ចម្ការ​ជាមួយ​ឪពុក​របស់​គាត់ ហើយ​ឪពុក​កំពុង​ទៅ​អូសត្រី​នៅក្នុង​ស្រះ​ក្បែរ​នោះ ដើម្បី​ធ្វើ​ម្ហូប​ដោយ​កុមារា​រូបនេះ​បាន​រើស​ក្បាល​គ្រាប់​នៅក្នុង​ចម្ការ ប៉ុន្ដែ​មិន​បាន​ស្គាល់​ថា ជា​គ្រាប់​ផ្ទុះ​ទេ ហើយ​បាន​យក​ទៅ​គប់​លេង​នៅលើ​ដីដំបូក​បណ្តាល​ឲ្យ​ផ្ទុះ​រងរបួស​តែម្តង​។

លោក​បញ្ជាក់ថា​៖ «​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​យើង​បាន​ចុះ​ត្រួតពិនិត្យ ក្នុង​អំឡុង​ពេលនោះ​ស្រាប់តែ​ប្រទះឃើញ​មាន​គ្រាប់បែក B40 ចំនួន ២ ​គ្រាប់​ផ្សេងទៀត​នៅ​ក្បែរ​កន្លែងកើតហេតុ​។ យើង​ក៏បាន​ស្នើឲ្យ​ជំនាញ​ស៊ីម៉ាក់​ឆាប់​ទៅ​យក​គ្រាប់​នោះ​ផងដែរ​»​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ប៉ុន្ដែ​លោក​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​ពិតជា​សោកស្តាយ​ចំពោះ​កុមារា​អាយុ​ ១២ ​ឆ្នាំ​ម្នាក់ ​ធ្លាក់​ខ្លួន​ពិការ​ដៃ​ម្ខាង ដោយសារ​គ្រាប់​មិនទាន់​ផ្ទុះ​។ គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ​នៅ​ថ្ងៃទី​ ១៧ ខែ​ កុម្ភៈ ២០២០ ​។ សូម​អំពាវនាវ​ជាថ្មីទៀត​សូមកុំ​វាយដំ​គ្រាប់​មិនទាន់​ផ្ទុះ​ ឬ​វត្ថុ​អ្វី​មួយ​ដែល​សង្ស័យ​ថា ជា​គ្រាប់​មិន​ទាន់​ផ្ទុះ​»​។

ចំណែក​ករណី​ដាច់​ដោយឡែក​មួយទៀត​កាលពី​ថ្ងៃទី​ ១៧ ខែ​កុម្ភៈ សាលាក្រុង​បាត់ដំបង សហការ​ជាមួយ CMAC បានធ្វើការ​បំផ្ទុះ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប្រភេទ​គ្រាប់ B40 ចំនួន ២ ​គ្រាប់​នៅ​ច្រាំង​ស្ទឹងសង្កែ ស្ថិត​ក្នុង​ភូមិ​រំចេក​​ ៤ សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​។

លោក សេក ចិត្ត្រា នាយករង​រដ្ឋបាល​ក្រុង​បាត់ដំបង​បាន​ថ្លែងថា គ្រាប់​យុទ្ធភណ្ឌ​ដែល​ត្រូវ​បំផ្ទុះ​ចោល​ទាំង ២ គ្រាប់​គឺ​ប្រភេទ​គ្រាប់ B40 សម្រាប់​បាញ់​កម្ទេច​រថក្រោះ​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​។ គ្រាប់​នេះ​ត្រូវ​បាន​ស៊ីម៉ាក់​រាវរក​ឃើញ​ជា​បន្តបន្ទាប់​នៅក្នុង​ស្ទឹងសង្កែ និង​តាម​ជម្រាល​មាត់​ស្ទឹង​សង្កែ​ក្នុង​អំឡុង​ពេល​ជួសជុល​ជម្រាល​មាត់​ស្ទឹង​។

លោក​បន្តថា គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង ២ ​គ្រាប់​នេះ​សុទ្ធតែ​ជា​គ្រាប់​មិនអាច​ដឹកយក​ទៅ​កម្ទេច​ចោល​នៅ​ទីកន្លែង​ផ្សេង​បានទេ ដោយសារ​វា​មាន​សភាព​ច្រែះ​រេចរឹល​ខ្លាំង​ទើប​ខាង​ជំនាញ CMAC សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​សម្រេច​ចិត្ត​បំផ្ទុះ​នៅនឹង​កន្លែង​តែម្តង​។ មន្ត្រី​អង្គភាព CMAC នៅតែ​បន្តធ្វើ​សកម្មភាព​រុករក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បន្តទៀត​នៅ​តាម​ជំរាល​ស្ទឹង​សង្កែ​នោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​កន្លងមក យើង​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​យើង​ឈូស​ធ្វើ​ច្រាំង​ស្ទឹងសង្កែ​ហ្នឹង ប៉ុន្ដែ​ខ្ញុំ​មិន​ចាំ​ចំនួន​គ្រាប់​ដែល​រកឃើញ​ទេ តែ​កន្លងមក​យើង​បាន​រៀបចំ​បំផ្ទុះ​ចំនួន ៥ ​លើក​រួច​មក​ហើយ ហើយ​ក្នុង​មួយ​លើកៗ​គឺ​យើង​បំផ្ទុះ​ចន្លោះ​ពី ២ ​គ្រាប់​ទៅ​ ៣ ​គ្រាប់​»​។

បើតាម​លោក សេក ចិត្ត្រា ឥឡូវ​នេះ​មាន​កម្លាំង​ជំនាញ​របស់​ស៊ីម៉ាក់​នៅ​ប្រចាំការ​នៅ​ការដ្ឋាន​សង់​ជំរាល​ច្រាំង​ស្ទឹងសង្កែ​នោះ​តែម្ដង​៕