ភ្នំពេញៈ ក្មេងប្រុស​អាយុ ១២ ​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ខណៈ​ដែល​ម្តាយ​-​ឪពុក​របស់​ក្មេងប្រុស​រូបនេះ​បាន​រងរបួស​ធ្ងន់-ស្រាល ដោយសារ​អគ្គិភ័យ​មួយ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃត្រង់​ម្សិលមិញ​ដោយ​បាន​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ-អ៊ិស្លាម​អស់​ចំនួន ១៣ ​ខ្នង ​ស្ថិត​នៅក្នុង​សង្កាត់​ច្រាំងចំរេះ​ទី​ ២ ខណ្ឌ​ឫស្សីកែវ​។

លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​ជិតខាង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវ​ភ្លើង​ឆេះ​ស្លាប់ គឺជា​កុមារ​មាន​សតិ​មិន​ប្រក្រតី ហើយ​នៅមុន​ពេល​ភ្លើង​ឆេះ គឺ​កុមារ​នោះ​នៅក្នុង​ផ្ទះ​ម្នាក់ឯង​។

លោក​បន្ត​ថា​អាជ្ញាធរ​បាន​សន្និដ្ឋាន​បឋម​ថា ករណី​ឆេះ​ផ្ទះ​សាងសង់​ឡើង​ពី​ឈើ​អស់ ១៣ ​ខ្នង​នេះ​ អាច​បណ្ដាល​មកពី​កុមារ​រងគ្រោះ​ដែល​ស្លាប់​បាន​ដុត​ផ្ទះ​របស់​ខ្លួន នៅពេល​ឪពុកម្ដាយ​មិន​នៅ​ជាមួយ​ហើយ​នៅពេល​កើតមាន​អណ្ដាត ភ្លើង​ឆាបឆេះ​ខ្លាំង ឪពុកម្ដាយ​បាន​ចូល​ទៅ​ជួយ​កូន​របស់​ពួកគាត់​ទើប​ធ្វើឱ្យ​ប្ដី​ត្រូវ​របួសធ្ងន់ ហើយ​ប្រពន្ធ​របួស​ស្រាល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

លោក​ថា​៖ «​ប៉ុន្តែ​ជា​ការ​សន្និដ្ឋាន​ដំបូង​ថា កូន​នោះ ដុត​ផ្ទះ​ខ្លួនឯង ប៉ុន្តែ​ឥឡូវ​នេះ ចាំ​របាយការណ៍​ពី​មន្ត្រី​ជំនាញ​សិន​»​។

បើ​តាម​អភិបាលខណ្ឌ​រូបនេះ​អាជ្ញាធរ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង ២០ ​គ្រឿង ដើម្បី​ពន្លត់​ភ្លើង​កុំ​ឱ្យ​រាលដាល​ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេងទៀត​។

លោក គល់ យី អធិការ​ខណ្ឌឫស្សីកែវ​បាន​ថ្លែង​យ៉ាងខ្លី​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​ថា ខាង​ប៉ូលិស​កំពុង​ធ្វើ​របាយការណ៍​។

លោក ស៊ាម គឹមឈាង មេប៉ុស្ដិ៍​សង្កាត់​ច្រាំងចំរេះ​ទី ២ និង​លោក ព្រហ្ម យ៉ន នាយ​ការិយាល័យ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ឡើយ​ដោយសារ​តែ​ទូរស័ព្ទ​របស់​ពួកលោក​ពុំមាន​អ្នក​ទទួល​។

លោក នេត សាវឿន កាលពី​ថ្ងៃទី​ ៤ ខែ​ កញ្ញា​ បាន​ណែនាំ​ដល់​នគរបាល​ឲ្យ​យកចិត្ត​ទុកដាក់​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះមហន្តរាយ​ផ្សេងៗ និង​ត្រូវ​រៀបចំ​ត្រៀមកម្លាំង​ចេញ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា នៅពេល​កើតមាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់ ដូចជា​អគ្គិភ័យ ទឹកជំនន់ និង​គ្រោះថ្នាក់​ចរចរណ៍​ជាដើម​។

យោងតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឱ្យ​ដឹង​ថា នៅ​អំឡុង​ខែ​កញ្ញា​នេះ អគ្គិភ័យ​បាន​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន ៣ ​លើក​ គឺ​ឆេះ​ផ្សារ​ឃ្លាំង​រំសែវ បំផ្លាញ​តូប​លក់ដូរ​ចំនួន​ ៤០ ​តូប ​នៅ​សង្កាត់​ផ្សារ​ដើមគរ​មួយ​លើក ឆេះ​ឃ្លាំង​លក់​កង់ឡាន​នៅ​ក្បែរ​ប៉ុស្ដិ៍នគរបាល​សង្កាត់​ទឹកថ្លា​មួយ​លើក​ និង​ចុងក្រោយ​ការឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​ ២ ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​៕