ស្វាយរៀងៈ កាល​ពី​ព្រឹក​ថ្ងៃ​ម្សិល​មិញ ​កុមា​រី​ ២​ នាក់​ដែល​ជា​បង​ប្អូន​បង្កើត​ រួ​ម​ទាំង​កុមារា​ម្នាក់​ទៀត​ដែល​រស់​នៅ​ភូមិ​ជា​មួយ​គ្នា​ ​ស្ថិត​ក្នុង​ភូមិ​ដូន​ស ​ឃុំ​ដូន​ស​ ​ស្រុក​ស្វាយ​ជ្រំ​ ​ខេត្ត​ស្វាយ​រៀង​ បាន​លង់​ទឹក​ស្លាប់ ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា​ជិះ​ទូក​ត្នោត​ចុះ​ទៅ​រក​គ្រំ​និង​បេះ​ផ្កា​ឈូក​ ​នៅ​ក្នុង​ព្រែក ដូនស។​

​លោក​ស្រី​ ​ជា​ ​ស៊ឹម​ មេ​ឃុំ​ដូន​ស​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា​ អ្នក​ភូមិ​ដូន​ស​បាន​ឃើញ​កុមារ​ទាំង ​៣​ នាក់ ដែល​ ២​ នាក់​ជា​ បង​ប្អូន​ស្រី​បង្កើត​ឈ្មោះ​ជុន ​ស្រី ​នាង​ អាយុ​ ១៤ ​ឆ្នាំ​ និង​ឈ្មោះ ​ជុន​ ស្រី​ណិ​ត​ អាយុ​ ១​១​​​ ឆ្នាំ រួម​ទាំង​កុមារ​ម្នាក់​ទៀត​​ឈ្មោះ ​លី​ រតនា​ ​អាយុ​ ៧ ​ឆ្នាំ​ ​បច្ចុ​ប្បន្ន​រស់​នៅ​ជាមួយ​​ជីដូន​ បា​ន​ប​បួល​​គ្នា​ចុះ​ទៅ​ព្រែក​កា​ល​​ពី​វេលា​ម៉ោង​ប្រហែល​ ៨ ​ព្រឹក ហើយ​ក្រោយ​មក​​ក្មេង​ទាំង​នោះ ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​ស្លាប់ ​ដោយ​សារ​ជិះទូក​ត្នោត​ហើយ​លិច​នៅ​ក្នុង​ព្រែក​ជាមួយ​គ្នា។

លោក​ស្រី​បន្ត​ថា​ ​តាម​ការ​លើក​ឡើង​រប​ស់​អ្នក​ភូមិ​ គឺ​ក្មេង​រង​គ្រោះ​ស្លាប់​ទាំង​នោះ​ អា​ច​មាន​បំណង​ទៅ​រក​គ្រំ​និង​បេះ​ឈូក​ពី​ព្រែក​ ​ហើយ​អាច​ទូក​ត្នោត​ដែល​ពួក​គេ​ជិះ​ជ្រាប​ទឹក​ចូល​ឬ​ការ​ប្រឡែង​​គ្នា​ ទើប​ធ្វើ​ឱ្យ​ទូក​ក្រឡាប់​លិច​ ​ស្រប​ពេល​ពួកគេ​ពុំ​ចេះ​ហែល​ទឹក។​ ​

​លោក​​ស្រី​ថា​៖​ «​សាក​សព​ត្រូវ​បាន​គេ​រ​ក​ឃើញ​និង​ស្រង់​ឡើង​គោក​នៅ​វេលា​ម៉ោង​ជាង​ ១០​ ព្រឹក។​ អា​ទូក​ហ្នឹង​វា​លិច​ដោយ​សារ​ទឹក​វា​ហូរ​ចូល​ក្នុង​ទូក​ ​ហើយ​គេ​រក​ឃើញ ​គឺ​ (​ក្មេង​ស្លាប់​ហ្នឹង​) ​នៅ​ឱប​ទូក​ទាំង ៣ នាក់»។​

​​មេឃុំ​រូប​នេះ​បញ្ជាក់​ថា​ ​មូលហេតុ​ធ្វើ​ឱ្យ​ក្មេង​ទាំង​ ៣ នាក់ ​នាំគ្នា​ចេញ​ទៅ​រក​គ្រំ​និង​បេះ​ផ្កា​ឈូក​នៅ​​ព្រែក​ គឺ​ដោយ​សារ​ឪពុ​ក​ម្ដាយ​ក្មេង​ស្រី​ទាំង ២ រវល់​យក​កូន​ម្នាក់​ទៀត​កើត​ជំងឺ​គ្រុនឈាម​ ទៅ​ព្យាបាល​​នៅ​មន្ទី​រពេទ្យ​ស្ថិត​​ក្នុង​ទី​រួម​ខេត្ត ​និង​ស្របពេល​យាយ​របស់​កុមារ​ឈ្មោះ ​លី ​រត​នា​កំពុង​រវល់​ធ្វើ​នំ​បាញ់​​ឆេវ​លក់​នៅ​ឯផ្សារ។

​លោក​ស្រី​ថា​៖ ​«​ឪ​ម៉ែ​ក្មេង​ស្រី​ហ្នឹង​ គឺ​យក​កូន​ទៅ​ដេក​ពេទ្យ​នៅ​ទី​រួម​ខេត្ត​ស្វាយ​រៀង​ ហើយ​ដល់​ពេល​ឪពុក​ត្រឡប់​មក​ដេក​យាម​ផ្ទះ​វិញ​ក៏​សួររក​កូន​ស្រាប់​តែ​បាត់​កូន​ ​ហើយ​ក៏​ឆោ​ឡោ​ទៅ ​ទើប​ក្រោយ​មក​ដឹង​ថាកូន​លង់​ទឹក​ហ្នឹង»។​

​​លោក ​យឹម​ ​សា​រ៉ា​យ​ មេភូមិ​ដូន​ស ​បញ្ជាក់​ដែរ​ថា​ កន្លង​មក​មិន​ដែល​មាន​ក្មេង​ក្នុង​ភូមិ​ចុះ​ទៅ​​លេង​ទឹក​ព្រែក​ឡើយ។ ​តាម​ពិត​ ក្មេង​ទាំង ​៣ នាក់​ គឺ​ត្រូវ​ទៅ​រៀន​ ប៉ុន្តែ​ដោយ​សា​រ​ជា​ថ្ងៃ​ដែល​គ្រូ​ឈប់​រវល់​ប្រជុំ​ ​ទើប​ធ្វើ​ឱ្យ​ ក្មេ​ងៗ​ទាំ​ង​នោះ​ ទំនេរ ​និង​បាន​នាំគ្នា​​ទៅ​ជិះទូ​ក​រក​គ្រំ ​និង​បេះ​ឈូក​នៅ​ព្រែក។ ​

លោក​ ​ទិ​ត ​សុធា​ មេប៉ុស្ដិ៏ឃុំ​ដូន​ស អះអាង​ថា​ ការ​ស្លាប់​ក្មេង​ទាំង​ ៣ នាក់មិន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ទេ៕