ឧត្តរមានជ័យ: លោក ស៊ីម វណ្ណៈ អធិការនគរបាល​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ ២ ​នាក់​បាន​ស្លាប់ និង​អ្នកដំណើរ​ ២២ ​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ដោយហេតុ​រថយន្ត​ក្រុង​រេ​ចង្កូត​ធ្លាក់​ពី​ថ្នល់​កាលពី​ម្សិលមិញ​នៅ​តំបន់ ភូមិ​អូរតាម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ អ្នក​បាត់បង់​ជីវិត​មាន​ក្មេងប្រុស​ម្នាក់​អាយុ ២ ​ឆ្នាំ និង​ម្នាក់ទៀត ៣ ​ឆ្នាំ​។

លោក វណ្ណៈ ថ្លែង​ថា​មុនពេល​កើតហេតុ រថយន្ត​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន ថេត ស៊ុនអ៊ូ បាន​ដឹក​អ្នកដំណើរ​មកពី​ភ្នំពេញ​ឆ្ពោះ​មក​កាន់​ស្រុក​អន្លង់វែង ដែល​នៅក្នុង​រថយន្ត​មាន​អ្នកដំណើរ​សរុប​ចំនួន ២៤ ​នាក់​រួមទាំង​អ្នកបើកបរ​។

លោក ស៊ីម វណ្ណៈ ថ្លែង​ថា​៖ «​ឡាន​គាត់​ដឹក​អ្នកដំណើរ​ពេលយប់ ហើយ​អ្នកបើកបរ​ឡាន​ងងុយដេក​ខ្លាំង ហើយ​ងោក​បន្ដិច ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​តែម្ដង​។ ជនរងគ្រោះ​ទាំងអស់ យើង​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​អស់ហើយ ដោយ​យើង​បាន​យក​ឡាន​ហ្នឹង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមច្បាប់​»​។

សកម្មភាព​នគរបាល​សង្គ្រោះ​អ្នកដំណើរ​ដោយហេតុ​ឡានក្រុង​ធ្លាក់​ផ្លូវ​។ រូបថត នគរបាល

លោក វង្ស តាន់ នាយប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​អន្លង់វែង​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​នគរបាល​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ស្រុក​អន្លង់វែង បាន​ចុះទៅ​កាន់​កន្លែង​កើតហេតុ និង​បាន​ជួយសង្គ្រោះ​អ្នកដំណើរ​ដែល​រងរបួស​ធ្ងន់ ស្រាល ដឹកជញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​។

លោក គៀន ថេត នាយក​ក្រុមហ៊ុន​ ថេត ស៊ុនអ៊ូ ដឹក​អ្នកដំណើរ​ពី​ម្សិលមិញ​បានបដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការទទួល​ខុសត្រូវ​ដែល​បណ្ដាល​មកពី​គ្រោះថ្នាក់​នេះ​។

អ្នកលក់​សំបុត្រ​របស់​ក្រុមហ៊ុន «​ថេត ស៊ុនអ៊ូ ដឹក​អ្នកដំណើរ​» ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា លោក គៀន ថេត នាយក​ក្រុមហ៊ុន​បានធ្វើ​ដំណើរ​ទៅ​ខេត្ត​ឧត្តរមានជ័យ​ហើយ ដើម្បី​ធ្វើការ​ដោះស្រាយ​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។

លោក​ថា​៖ «​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​នេះហើយ រីឯ​លោកនាយក​ក្រុមហ៊ុន​បានធ្វើ​ដំណើរ​ទៅ​​ដោះស្រាយ​ហើយ ខ្ញុំ​មិនទាន់​បាន​ដឹង​ពី​ហេតុការណ៍​នេះ​ច្បាស់​ទេ ហើយ​ខ្ញុំ​ក៏​មិន​អាច​និយាយ​អ្វី​ច្រើន​ជាង​នេះដែរ​»៕