កណ្តាលៈ ក្មេងប្រុស-ស្រី​ ៣ ​នាក់​បងប្អូន​ដែល​បាន​លួច​លុយ​អ្នកភូមិ​ក្បែរ​ផ្ទះ​ជិត ៣ ០០០ ​ដុល្លារ​ហើយ​យក​ទៅ​ទិញ​ម៉ូតូ​ ១ ​គ្រឿង​នៅ​ភូមិ​ពុកឫស្សី​កណ្តាល ឃុំ​ពុកឫស្សី ស្រុក​ខ្សាច់កណ្តាល​កាលពី​ថ្ងៃទី​ ២៤ មីនា​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​កាលពី​ថ្ងៃទី​ ២៥ ខែមីនា​ដោយសារ​ពួកគេ​មិនទាន់​គ្រប់​អាយុ ប៉ុន្តែ​តម្រូវ​ឲ្យ​ឪពុកម្តាយ​ជា​អ្នកចេញ​សំណង​ទៅ​ជនរងគ្រោះ ហើយ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​។

ក្មេង​ទាំង​ ៣ ​នាក់​ដែលជា​បងប្អូន​បង្កើត​នឹង​គ្នា​នេះ​ម្នាក់​ភេទ​ប្រុស អាយុ ១២ ​ឆ្នាំ​ម្នាក់​ភេទ​ស្រី អាយុ​ ១៣ ​ឆ្នាំ​ពួកគេ​ជា​សិស្សសាលា ចំណែក​ម្នាក់ទៀត​ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ​មុខរបរ​ជាងភ្លើង ពួកគេ​មាន​លំនៅ​ក្នុង​ភូមិ​ពុកឫស្សី​កណ្តាល ឃុំ​ពុកឫស្សី ស្រុក​ខ្សាច់កណ្តាល​។

លោក ម៉ែន សុខឃឿន អធិការ​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹងថា បើ​តាម​អាយុ​របស់​ពួកគេ​ទាំង​ ៣ ​នាក់​គឺ​មាន​ម្នាក់​គ្រប់​អាយុ​តាមច្បាប់​កំណត់​ហើយ ប៉ុន្តែ​ដោយសារ​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​កណ្តាល​ផ្តល់​លទ្ធភាព​ទៅខាង​ក្រុម​គ្រួសារ​ក្មេង គ្រាន់តែ​តម្រូវ​ឲ្យ​ម្តាយ​ឪពុក​ពួកគេ​ចេញ​សំណង​ទៅ​ម្ចាស់​លុយ​ប៉ុណ្ណោះ​។

ក្មេង​ទាំង​ ៣ ​នាក់​ពេល​លួច​លុយ​បាន​ហើយ​គឺ​ពួកគេ​យកទៅ​ទិញ​ម៉ូតូ​ ១ ​គ្រឿង​អស់​ហើយ ប៉ុន្តែ​សមត្ថកិច្ច​តម្រូវ​ឲ្យ​អាណាព្យាបាល​ចេញសង​ជា​លុយ​គ្រប់​ចំនួន​ឲ្យ​ទៅ​ជនរងគ្រោះ​វិញ​។

លោក​បញ្ជាក់ថា​៖ «​ពួកគេ​មិនទាន់​គ្រប់​អាយុ​អ៊ីចឹង សមត្ថកិច្ច​ឲ្យ​ឪពុកម្តាយ​ជា​អ្នក​ទទួលបន្ទុក​សង​។ ខ្ញុំ​គ្រាន់តែ​ហៅ​មក​សាកសួរ​ទេ​»​។

លោក​ឲ្យ​ដឹង​បន្ថែមថា ចំពោះ​ម៉ូតូ​គឺ​សមត្ថកិច្ច​បាន​ដកហូត ហើយ​មិន​ប្រគល់​ទៅ​ឲ្យ​ឪពុកម្តាយ​ក្មេង​ទេ​។ រីឯ​ការចេញ​សំណង​ជា​សាច់​លុយ​នោះ​គឺជា​បន្ទុក​របស់​ឪពុកម្តាយ​ពួកគេ​។ សមត្ថកិច្ច​យល់ថា ឪពុក ម្តាយ ត្រូវធ្វើ​យ៉ាងណា​បង់​សំណង​ទៅ​ជនរងគ្រោះ​។

បើតាម​លោក សុខឃឿន សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេង​ទាំង​ ៣ ​នាក់​បងប្អូន​នោះ​កាលពី​វេលា​ម៉ោង​ ១៩ និង ៥០ ​នាទី​ថ្ងៃទី ២៤ ​ខែ​មីនា ឆ្នាំ​ ២០២០​។ ចំណែក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​លួច​នោះ​រួមមាន ប្រាក់​ដុល្លារ​ជិត ៣ ០០០ ​ដុល្លារ​ប្រាក់រៀល​ ៥០ ​ម៉ឺន​រៀល ហើយ​ម៉ូតូ​ដែល​សមត្ថកិច្ច​ចាប់​ដកហូត ១ ​គ្រឿង​ម៉ាក​ហុងដ្រាឌីម ធុន​សេ 125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២០ ពាក់ស្លាក​លេខ 1IF-2980 ក្នុង​តម្លៃ ២ ៤៧០ ​ដុល្លារ​។

លោក​ប្រាប់ថា កន្លងមក​ជនរងគ្រោះ​បាន​ទុក​លុយ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​ចេះតែ​បាត់លុយ​ដែល​ខ្លួន​ទុក​ដោយ​ពុំ​ដឹងថា អ្នកណា​លួច​នោះទេ​។ លុះ​ក្រោយមក​ជនរងគ្រោះ​បាន​ដាក់​កាមេរ៉ា​នៅក្នុង​ផ្ទះ ដើម្បី​តាមដាន​មើល រហូត​មក​ដល់​ថ្ងៃទី​ ២៤ មីនា​វេលា​ម៉ោង​កើតហេតុ ស្រាប់តែ​ជនរងគ្រោះ​ឆែក​កាមេរ៉ា​តាម​ទូរស័ព្ទដៃ​របស់ខ្លួន​ក៏​ឃើញ​ក្មេងប្រុស​ស្រី​សង្ស័យ ២ ​នាក់​អាយុ​ ១២ ​ឆ្នាំ និង​ ១៣ ​ឆ្នាំ​ចូល​មក​ធ្វើ​សកម្មភាព​លួច​លុយ ហើយ​ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​ឃាត់ខ្លួន​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តែម្ដង​។

លោក​បន្តថា តាម​ចម្លើយ​របស់​ក្មេងប្រុស​ស្រី​ ២ ​នាក់​បងប្អូន​បាន​សារភាពថា ពួកគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​លុយ​របស់​ជនរងគ្រោះ​សរុប​បាន​ចំនួន ៤ ​លើក​។ លើក​ទី​ ១ នៅ​ថ្ងៃទី​ ៣០ ខែមករា ឆ្នាំ​ ២០២០ ពួកគេ​បាន​ចូល​លួច​ក្នុងផ្ទះ​ជនរងគ្រោះ​បាន​មី​ចំនួន​ ២ ​កេស និង​ទឹកដោះគោឆៅ​ ១ ​យួរ​។

លើក​ទី​ ២ នៅ​ថ្ងៃទី​ ១ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ បាន​ចូល​លួច​ក្នុងផ្ទះ​ជនរងគ្រោះ​បាន​ប្រាក់​ដុល្លារ​ចំនួន​ ៧០០ ​ដុល្លារ និង​ប្រាក់រៀល​ប្រហែល​ ៣០ ​ម៉ឺន​រៀល​។ លើក​ទី​ ៣ នៅ​ថ្ងៃទី​ ៤ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ​ចូល​លួចបាន​ប្រាក់​ដុល្លារ​ចំនួន ២ ០០០ ​ដុល្លារ និង​ប្រាក់រៀល​ប្រហែល​ ២០ ​ម៉ឺន​រៀល ហើយ​លុយ​ទាំងអស់​ដែល​លួចបាន​ក្មេង​ទាំង​ ២ ​នាក់​បាន​យកទៅ​ឲ្យ​បង​របស់ខ្លួន​ដែលមាន​អាយុ​ ១៨ ​ឆ្នាំ​ជា​អ្នក​ទុក​។ លុះ​មកដល់​ថ្ងៃទី​ ២៤ ខែមីនា ឆ្នាំ​ ២០២០ ម៉ោង​ ១៩ និង​ ៥០ ​នាទី​បាន​ចូលទៅ​លួច​លុយ​ក្នុងផ្ទះ​ជនរងគ្រោះ​បន្តទៀត​ក៏​ត្រូវ​ជនរងគ្រោះ​ឃាត់ខ្លួន​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ពុកឫស្សី​ចាត់ការ​តែម្ដង​៕