ព្រះវិហារៈ យ៉ាងហោចណាស់មានក្មេងប្រុស-ស្រី ៣ នាក់ បានលង់ទឹកស្លាប់ខណៈពួកគេចុះងូតទឹកក្នុងស្រះ ១ កន្លែងចម្ងាយពីផ្ទះពួកគេប្រមាណ ៥០ ម៉ែត្រ កាលពីថ្ងៃអង្គារក្នុងភូមិសែនតេជៈ ឃុំមរកត ស្របពេលដែល ២ ថ្ងៃមុន មន្ត្រីនគរបាល ២ រូប ក៏បានលង់ទឹកស្លាប់ផងដែរ ដោយសារជិះម៉ូតូធ្លាក់ពីលើស្ពានឈើនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ក្នុងស្រុកជាំក្សាន្តដូចគ្នា។
លោក អ៊ឹម យ៉េត នាយនគរបាលប៉ុស្តិ៍ឃុំមរកតបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃពុធថា កុមាររងគ្រោះដោយសារលង់ទឹកស្រះនោះរួមមាន ឈ្មោះ ឆាង ស្រីកា អាយុ ១០ ឆ្នាំ ត្រូវជាបងស្រីជីដូនមួយរបស់កុមារារងគ្រោះ ២ នាក់ទៀតឈ្មោះ នៅ វ៉ាន់ អាយុ ៨ ឆ្នាំ និងឈ្មោះ នៅ ចេកសាន អាយុ ៦ ឆ្នាំ ដែលជាបងប្អូនបង្កើត។ ពួកគេគឺជាកូន និងជាក្មួយគ្រួសារមន្ត្រីយោធាម្នាក់នៅវរសេនាតូច ៣៩៥ ចំណុះឲ្យកងពលអន្តរាគមន៍លេខ ៩។
លោក យ៉េត បានឲ្យដឹងថា មុនកើតហេតុឪពុកម្ដាយរបស់ពួកគេបានចេញទៅធ្វើស្រែដោយទុកពួកគេទាំង ៣ នាក់ឲ្យនៅផ្ទះជាមួយជីដូន។ លុះដល់ម៉ោងជាង ១០ ព្រឹកមានភ្លើងឆេះព្រៃមួយរាលដាលមកដល់ក្រោយផ្ទះរបស់ពួកគេ។
ពេលនោះជីដូនរបស់ពួកគេបានចេញទៅវាយពន្លត់ភ្លើង ហើយពួកគេក៏ទៅជួយផងដែរ។
លោកថា៖ «តាមសម្ដីយាយរបស់ពួកគេក្រោយពន្លត់ភ្លើងឆេះព្រៃរួច ពួកគេក៏បាននាំគ្នាទៅងូតទឹកស្រះ ហើយគាត់បានទៅដាំស្លដើម្បីឲ្យពួកគេបរិភោគ។
លុះដាំស្លរួចមិនឃើញពួកគេត្រឡប់មកផ្ទះវិញគាត់ (ជីដូន) ក៏បានដើរទៅរកនៅស្រះទឹកនោះ តែមិនឃើញ»។
លោក យ៉េត បានបន្ថែមថា៖ «ដោយសង្ស័យពួកគេនាំគ្នាទៅរកឪពុកម្ដាយនៅឯស្រែ ជីដូនក៏បានទៅស្រែជួបឪពុកម្ដាយរបស់ពួកគេ ប៉ុន្តែឪពុកម្ដាយពួកគេប្រាប់ថា មិនឃើញក៏ភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយដើររក និងចុះរាវរកក្នុងស្រះទឹកនោះក៏បានប្រទះឃើញពួកគេទាំង ៣ នាក់លង់ទឹកស្លាប់តែម្ដង»។
លោកបានបន្តថា នៅពេលនេះសពក្មេងរងគ្រោះទាំង ៣ នាក់ត្រូវបានឪពុកម្ដាយរបស់ពួកគេរៀបចំបូជារួចហើយ។
ករណីស្រដៀងគ្នានេះដែរ លោក ឱ សេង អធិការស្រុកជាំក្សាន្តបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាកាលពីថ្ងៃទី ២ ខែកុម្ភៈមានមន្ត្រីនគរបាល ២ នាក់រួមមាន ឈ្មោះ ញិប សុខា និង ឈ្មោះ ឃឹម ប៊ីចាន់រ៉ា ដែលបម្រើការនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារក៏បានលង់ទឹកស្លាប់ផងដែរ បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាមិនប្រុងប្រយ័ត្ន ហើយរអិលធ្លាក់ពីលើស្ពានឈើ ១ ចូលក្នុងទឹកអូរ នៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត។
លោកបានបញ្ជាក់ថា៖ «ទឹកអូរនោះមិនជ្រៅទេ ប៉ុន្តែមកពីពួកគាត់បើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឲ្យម៉ូតូរបស់ពួកគាត់រអិលធ្លាក់ចូលទៅក្នុងទឹក ហើយធ្វើឲ្យពួកគាត់ឈ្លក់ទឹកស្លាប់តែម្ដង»៕