កំពង់ឆ្នាំងៈ ក្មេងប្រុស​ស្រី ៥ នាក់​ ដែលបានពុល​សត្វ​គីង្គក់​កាលពី​ថ្ងៃទី ៣ មីនា ​នៅ​ភូមិ រពាំង​ភ្នៅ ឃុំ​ច្រេស ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​នោះ​ ពេលនេះ​ពួកគេ​មាន​សុខ​ភាពល្អ​ឡើងវិញ​ហើយ ថ្វីបើមានក្មេងម្នាក់ផ្សេងបានស្លាប់ក៏ដោយ។ នេះ​បើតាម​ការអះអាង​របស់​ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាចនៅថ្ងៃទី ៤ មីនានេះ។

លោក តែ វណ្ណា ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាចប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅថ្ងៃ ៤ មីនានេះថា ​ករណី​ក្មេងប្រុស ៤ នាក់​ និង​ក្មេងស្រី​ម្នាក់​ពុល​សត្វ​គីង្គក់​គិត​រហូតដល់​ថ្ងៃទី ៤ មីនា​ គឺ​ពួកគេ​មាន​សុខភាព​ល្អប្រសើរ​ឡើងវិញ​ហើយ​បន្ទាប់ពី​ក្រុមគ្រូពេទ្យ​លោក​ជួ​យស​ង្ក្រោះ។ ចំណែក​ក្មេងប្រុស​ម្នាក់​អាយុ ១ ឆ្នាំ ៨ ខែ​ ដែល​ស្លាប់​ដោយសារ​ពុល​សត្វ​គីង្គក់​ដែរនោះ​ គឺ​គាត់​បាន​ដាច់ខ្យល់​ស្លាប់​មុនពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ម្ល៉េះ។

លោក​ថ្លែងថា «អ្នកជំងឺ​ពុល​សត្វ​គីង្គក់​ទាំង ៥ នាក់​នេះ​ គឺ​ពួកគេ​មាន​អាកា​រ​វិលមុខក្អួតចង្អោរ​ និង​ចេះតែ​ក្អួត​រហូត​ ហើយ​បើ​ស្ថានភាព​ពុល​ខ្លាំង​ និង​មក​មន្ទីរពេទ្យ​មិនទាន់​ពេល​ទេនោះ​ក៏​អាច​នឹង​ស្លាប់បាត់​បង់ជីវិត​បាន​ដែរ»។

ដោយឡែក អ្នកស្រី ពៅ សុភា ដែលមាន​តួនាទី​ជា​ស្មៀន​ឃុំ​ច្រេស ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា ​ក្មេងប្រុស​ស្លាប់​ឈ្មោះ ត្រុ​ង វាសនា អាយុ ១ ឆ្នាំ ៨ ខែ។ រីឯ​បងស្រី​របស់គេ​ក៏ត្រូវ​សង្គ្រោះបន្ទាន់​ជាមួយ​ក្មេង ៤ នាក់​ខាងលើ​ដែរ។

បើតាម​គ្រូពេទ្យ​ប្រាប់ថា​ មូលហេតុ​នៃ​ការពុលនេះ​ដោយសារពួកគេ​នាំគ្នា​ចាប់​សត្វ​គីង្គក់​មកដុត​ហូប​ទាំង​ពង​សត្វ​គីង្គក់​ផង​ ទើប​ពួកគេ​ជួប​គ្រោះថ្នាក់​បែបនេះ។ ក្មេងៗទាំង ៦ នាក់​ ដែល​ពុល​សត្វ​គីង្គក់​នោះ​សុទ្ធតែជា​បងប្អូនជីដូន​មួយ​នឹង​គ្នា​ហើយ​ឪពុកម្តាយ​មាន​ជីវភាព​ក្រីក្រ​ផង។

អ្នកស្រី​បញ្ជាក់ថា៖ «ឪពុកម្តាយ​ពួកគេ​មាន​ជីវភាព​ខ្វះខាត​ហើយ​ទុកកូនៗឲ្យ​នៅផ្ទះ​គ្មាន​មនុស្ស​ចាស់​មើល​ថែ​ទាំ​ត្រឹមត្រូវ។ ពួកគាត់​នៅក្មេងៗមិនដឹង​ក៏​នាំគ្នា​ដុត​គីង្គក់​ហូប»។

អ្នកស្រី​បន្ថែមថា​ បើតាម​ដឹង​គឺ​នៅ​ថ្ងៃ​ពុល​នោះ ​ម្តាយ​ឪពុក​ពួកគេ​ចេញទៅ​ស្រែ​និង​អ្នក​ខ្លះទៀត​ ទៅធ្វើ​ការ​រោងចក្រ​ហើយ​ទុក​កូន​ឲ្យ​យាយ​មើល​តែដោយសារ​ជីដូន​ពួកគេ​នាំគ្នា​ទៅ​វត្ត​អស់​ក៏​ទុក​ចៅ​ចោល​ទើប​បណ្តាល​ឲ្យ​ជួប​បញ្ហា​បែបនេះ។

ប៉ុន្តែ​ក្រោយពី​កើតហេតុ​ខាង​កាកបាទក្រហម​ស្រុក​បាន​ចុះទៅ​ចែក​អំណោយ​ដល់​ក្មេង​ស្លាប់​ផ្តល់នូវ​ថវិកា​ជាង ២០ ម៉ឺន​រៀល​ត្រីខ និងសម្ភារហូបចុក​មួយចំនួនទៀត។ រីឯ​ក្មេងប្រុស​ស្រី ៥ នាក់​ ដែល​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ក៏ត្រូវ​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមការងារ​កាកបាទក្រហម​ស្រុក​កំពង់ត្រឡាច​ផងដែរ៕