ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកាស​គាំទ្រ​ការដាក់​ឲ្យ​ប្រើប្រាស់​ក្រម​សីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ដែល​រំពឹង​ថា​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងអស់​នៅ​កម្ពុជា​នឹង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ចូន​ពលករ​ប្រមាណ ១ ​លាន ២ សែន​នាក់​ ទៅ​កាន់​ ៦ ប្រទេស​តាមរយៈ​ទីភ្នាក់ងារ​រដ្ឋ និង​ឯកជន​។

កាលពី​ម្សិលមិញ​មាន​ក្រុមហ៊ុន​ទីភ្នាក់ងារ​ឯកជន និង​មន្ត្រី​រដ្ឋាភិបាល​សង្គម​ស៊ីវិល​ប្រមាណ​ជាង​ ១០០ ​នាក់​ បាន​ចូលរួម​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​នៅ​សណ្ឋាគារ​ភ្នំពេញ​ដែល​មាន​គោលការណ៍​ចំនួន ១២ មាត្រា​រៀបចំ​ដោយ​ទីភ្នាក់ងារ​ឯកជន​ចំនួន​ ២ គឺ​សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា និង​សមាគម​ទីភ្នាក់ងារ​ហត្ថពលកម្ម​កម្ពុជា​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា ក្រសួង​ការងារ​ត្រៀម​ខ្លួន​ជានិច្ច​សម្រាប់​ផ្ដល់​ការគាំទ្រ​ដល់ទី​ភ្នាក់ងារ​ទាំងអស់​ឲ្យ​អនុវត្ត​ក្រមសីលធម៌​នេះ​ឲ្យ​បាន​ពេញលេញ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​លើកកម្ពស់ និង​ការការពារ​សិទ្ធិ​ពលករ​ទេ​សន្តរប្រវេសន៍​គ្រប់រូប​ទទួល​បាន​សេវា​យុត្តិធម៌ ខណៈ​កម្ពុជា​មាន​ច្បាប់​ជាច្រើន​សម្រាប់​គ្រប់គ្រង​រួចមក​ហើយ​។

លោក​បញ្ជាក់ថា​៖ «​ការរៀបចំ​ឲ្យ​មាន​ក្រមសីលធម៌​នេះ​គឺជា​ការឆ្លើយតប​មួយ ដែល​ផ្តើមចេញ​ពី​ទីភ្នាក់ងារ​ខ្លួនឯង សម្រាប់​រំឭក​ខ្លួនឯង​ផ្ទាល់​ចំពោះ​ក្រមសីលធម៌​នេះ​ក្នុង​ការអនុវត្ត​ដោយ​មាន​មនសិការ​ត្រឹមត្រូវ​របស់​ខ្លួន​ក្នុង​ការប្រកបរបរ​ដើម្បី​រក​កម្រៃ​ផង​ និង​គិតពី​សិទ្ធិ​របស់​ពលករ​ផង​»​។

លោក អ៊ិត សំហេង ថ្លែងថា​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​បរទេស​ចំនួន​ ៦ ​ប្រទេស​គឺ​ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និង​ហុងកុង​ដែល​មាន​ពលករ​សរុប​ចំនួន​ប្រមាណ​ ១ ​លាន​ ២ ​សែន​នាក់ ​ដែល​កន្លងមក​ពួកគាត់​បាន​ផ្ញើ​ថវិកា​មក​កម្ពុជា ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្រុមគ្រួសារ​របស់​ពួកគាត់​ប្រមាណ​ជាង ២ ​ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​។ ក្នុង​នោះ​ទីភ្នាក់ងារ​ឯកជន​ដែល​បាន​ចុះ​បញ្ចី​នៅ​ក្រសួង​ការងារ​ក្នុង​ការនាំ​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន ១២០ ដែល​ពួកគេ​ក៏បាន​រួមចំណែក​ក្នុង​ការធ្វើឲ្យ​ប្រសើរ​ឡើង​ចំពោះ​ការនាំ​ពលករ​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​នេះ​ផងដែរ​។

តាម​សៀវភៅ​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​បាន​ឲ្យ​ដឹងថា ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងអស់​ត្រូវតែ​គោរព អនុវត្ត​ច្បាប់​ជាតិ និង​អន្តរជាតិ​ជា​មូលដ្ឋាន ហើយ​ត្រូវ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព ការទទួល​ខុសត្រូវ និង​គោរព​ក្រមសីលធម៌​ខ្ពស់​ក្នុង​ការគ្រប់គ្រង​ការជ្រើសរើស ការបណ្តុះបណ្តាល ការបញ្ជូន និង​ការគ្រប់គ្រង​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ធ្វើឲ្យ​មាន​សុវត្ថិភាព សេរីភាព​នៃ​ការបំផ្លាស់ទី ការពារ​សិទ្ធិ​ពលករ​។

សៀវភៅ​ក្រមសីលធម៌​ដដែល​ក៏​បាន​កំណត់​ឲ្យ​ទីភ្នាក់ងារ​ឯកជន​ទាំងអស់ គោរព និង​អនុវត្ត​ឲ្យ​មាន​តម្លាភាព​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការផ្តល់​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ​ស្តីពី​ទេសន្តរប្រវេសន៍ ហើយ​ក៏​ត្រូវ​ធ្វើជា​ទីភ្នាក់ងារ​មួយ​ដែល​ចូលរួម​កាត់​បន្ថយថ្លៃ​ចំណាយ​បន្ទាប់បន្សំ និង​ថ្លៃ​សេវា​របស់​ពលករ​ក្នុង​ការធ្វើ​ចំណាកស្រុក​ផងដែរ​។

បើទោះ​ជា​ក្រម​សីលធម៌​នេះ​មិន​បាន​កំណត់​ពី​ការដាក់​ទណ្ឌកម្ម ប៉ុន្តែ​លោក អន ប៊ុនហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពលកម្ម​កម្ពុជា​បាន​ថ្លែងថា វា​នឹង​ចូលរួម​ចំណែក​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​សម្រាប់​ទីភ្នាក់ងារ​ទាំងអស់​អាច​អនុវត្ត​តាម និង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

លោក​ថា​៖ «​កន្លងទៅ​មាន​​ទីភ្នាក់​មួយ​ចំនួន អនុវត្ត​មិន​បាន​ត្រឹមត្រូវ​ក្នុង​ការបញ្ចូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ទេ​។ ក្រមសីលធម៌​នេះ​នឹង​ជា​ឧបករណ៍​អនុវត្ត និង​ជា​ឯកសារយោង​សម្រាប់​ប្រើប្រាស់​នៅក្នុង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ក្នុង​ការជ្រើសរើស បណ្តុះបណ្តាល និង​គ្រប់គ្រង​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​»​។

លោក ម៉ា ច័ន្ទស៊ីម អគ្គនាយក​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ប្រទេស​ជប៉ុន Bridge JC Co,Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រមសីលធម៌​នេះ​អាច​ដើរតួ​នាទី​ក្នុង​ការគាំទ្រ​ការអនុវត្ត​របស់​​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ឲ្យ​មាន​គណនេយ្យភាព​ក្នុង​ការប្រកួត​ប្រជែង​ស្រប​ទៅ​តាម​ច្បាប់​។ ប៉ុន្តែ​លោក​ផ្ទាល់​មិនមាន​ជំនឿ​ ១០០ ​ភាគរយ​នោះ​ទេ​ថា គ្រប់​ទីភ្នាក់ងារ​ទាំងអស់​នឹង​អាច​​អនុវត្ត​បាន​ទាំងស្រុង​តាម​ក្រមសីលធម៌​នេះ​ដែល​ទាមទារ​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​។

លោក​បញ្ជាក់ថា​៖ «​ទីភ្នាក់ងារ​យើង​អាច​ធ្វើតាម​ក្រមសីលធម៌​នេះ​ខ្លះៗ កន្លងមក​ហើយ​ពេល​នេះ​ទីភ្នាក់ងារ​ឯកជន​អាច​នឹងមិន​អាច​អនុវត្ត​បាន​ទាំងស្រុង​ទៅ​តាម​ក្រមសីលធម៌​នេះ​ទេ ព្រោះ​វា​ថ្មី​ដោយ​ត្រូវការ​ពេលវេលា​ច្រើន​ទៀត​»​។

លោកស្រី Anna Engblom ប្រធាន​ជាន់ខ្ពស់​នៃ​កម្មវិធី​ត្រីកោណ​ក្នុង​តំបន់​អាស៊ាន ILO បាន​ថ្លែង​ដោយ​យោងតាម​ការស្រាវជ្រាវ​របស់​អង្គការ ILO ថា ការចំណាយ​របស់​ពលករ​ទេ​សន្តរប្រវេសន៍​ដើម្បី​បាន​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស នៅតែ​មាន​កម្រិត​ខ្ពស់​ដែល​អាច​ស្មើនឹង​ប្រាក់ខែ​ដែល​ពួកគេ​ទទួល​បាន​ចន្លោះ​ពី ៩ ទៅ ១២ ​ខែ​។ ដូច្នេះ​លោកស្រី​និយាយ​ថា ក្រមសីលធម៌​ថ្មី​នេះ​ក៏​បាន​បញ្ញត្តិ​ជុំវិញ​ការកាត់បន្ថយ​ថ្លៃ​​ចំណាយ​បន្ទាប់បន្សំ និង​ថ្លៃ​សេវា​របស់​ពលករ​ក្នុង​ការធ្វើ​ចំណាកស្រុក​ដែល​ផ្តើម​ចេញពី​ទីភ្នាក់ងារ​ខ្លួនឯង​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ក្រមសីលធម៌​នេះ​អាច​ឲ្យ​ទីភ្នាក់ងារ​ខ្លួនឯង គ្រប់គ្រង​ខ្លួនឯង និង​គោរព​តាម​គោលការណ៍​ដែល​បានចែង​ទុក​ដែល​ជា​សមាជិក​នៃ​ទីភ្នាក់ងារ​ទាំងអស់​នៅ​កម្ពុជា​។ ដើម្បី​ឲ្យ​ក្រម​សីលធម៌​នេះ មានតម្លៃ យើង​ត្រូវតែ​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​ដែល​យើង​នឹង​បង្កើត​វា​នៅ​ឆ្នាំ​ក្រោយ​»៕