
គណៈកម្មការឯតទគ្គកម្មពិភពលោកពេលវាស់វែងក្រមាខ្មែរដែលមានប្រវែង ១០០០ ម៉ែត្រនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃម្សិលមិញ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ ទីបំផុតកម្ពុជាបានបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកថ្មីមួយទៀតគឺ «ក្រមាវែងជាងគេលើពិភពលោក» មានប្រវែងរហូតដល់ទៅ ១០០០ ម៉ែត្រដែលជាការវាយតម្លៃពីគណៈកម្មការ World Guinness Record បន្ទាប់ពីពលរដ្ឋកម្ពុជាចំណាយពេលត្បាញដោយដៃអស់ប្រមាណជាង ៤ ខែ នៅក្នុងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជាតាមរយៈចលនា GOGO Cambodia បានរៀបចំឲ្យមានការត្បាញក្រមាមួយដែលមានប្រវែង ១០០០ ម៉ែត្រនៅវាលព្រះមេរុក្បែរព្រះបរមរាជវាំងនៅក្នុងរាជធានីភ្នំពេញក្រោមប្រធានបទ «ជឿថាខ្មែរធ្វើបាន»។
ក្រោយពីបានប្រឹងប្រែងរួមគ្នាដោយយកចិត្តទុកដាក់ជាលទ្ធផលនៅថ្ងៃម្សិលមិញ (១-៧-២០១៨) គណៈកម្មការ World Guinness Record បានសម្រេចដាក់ក្រមាដ៏វែងជាងគេដែលត្បាញដោយដៃរបស់កូនខ្មែរខាងលើនេះចូលក្នុងបញ្ជីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោករបស់ខ្លួនបន្ទាប់ពីបានត្រួតពិនិត្យយ៉ាងល្អិតល្អន់អំពីលក្ខណៈបច្ចេកទេស និងធ្វើការវាស់វែងរួចមក។
នៅឯពិធីអបអរសាទរនូវសមិទ្ធផល «ក្រមាវែងជាងគេលើពិភពលោក» ដែលទទួលបានវិញ្ញាបនបត្រពីគណៈកម្មការ World Guinness Record ដែលត្រូវបានរៀបចំឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រកាលពីម្សិលមិញ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា លទ្ធផលដ៏ត្រចះត្រចង់ដែលកម្ពុជាទទួលបាននៅពេលនេះគឺបង្ហាញឲ្យឃើញពីស្មារតីរួបរួមគ្នាក្នុងឆន្ទៈតែមួយរបស់ប្រជាជាតិកម្ពុជា។
លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រ និងជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា៖ «ថ្វីបើកម្ពុជាមិនមែនជាប្រទេសដ៏អស្ចារ្យជាងគេនៅក្នុងពិភពលោក ប៉ុន្តែតាមរយៈលទ្ធផលដែលកម្ពុជាយើងទទួលបាននៅថ្ងៃនេះបង្ហាញថាយើងមានគំនិតច្នៃប្រឌិតពោរពេញដោយទេពកោសល្យខ្ពស់ និងមានស្មារតីរួបរួមគ្នាក្នុងឆន្ទៈតែមួយដោយខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗសម្រាប់ប្រទេសជាតិក្នុងបច្ចុប្បន្ន និងពេលអនាគត»។
នៅក្នុងពិធីអបអរសាទរនោះដែរអ្នកស្រី អូម មុត អាយុ ៧៣ ឆ្នាំមកពីស្រុកសំរោង ខេត្តតាកែវបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា គាត់មានក្ដីរំភើបរីករាយជាពន់ពេក ខណៈសមិទ្ធផលក្រមាដ៏វែងជាងគេដែលគាត់បានចូលរួមត្បាញមួយនេះត្រូវបានទទួលស្គាល់ និងបានដាក់បញ្ចូលទៅក្នុងបញ្ជីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកដោយគណៈកម្មការ World Guinness Record ។
អ្នកស្រី មុត បានបញ្ជាក់ថា៖ «ខ្ញុំនឹកស្មានមិនដល់ថាក្រមាដែលខ្ញុំបានចូលរួមត្បាញវាកាលពីប៉ុន្មានខែមុននេះបានជាប់នៅក្នុងបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកបែបនេះទេ ខ្ញុំពិតជាមានក្ដីសប្បាយរីករាយណាស់ពេលឃើញដូច្នេះ»។
ស្រដៀងគ្នានេះដែរគ្រូបង្រៀនសាលាអនុវិទ្យាល័យក្អមសំណម្នាក់ដែលបានចូលរួមក្នុងកម្មវិធីអបអរសាទរការទទួលបានវិញ្ញាបនបត្របញ្ជាក់ពីភាពវែងជាងគេនៃក្រមាត្បាញដោយដៃរបស់ខ្មែរពីគណៈកម្មការខាងលើនេះដែរនោះ អ្នកស្រី ហ៊ី សុភ័ក្ត្រណា បានថ្លែងថាភាពជោគជ័យដ៏កម្រនេះបានបង្ហាញថា ប្រជាជាតិកម្ពុជាមានវប្បធម៌ល្អថ្លៃថ្លាផូរផង់ និងមានគំនិតច្នៃប្រឌិតខ្ពស់ព្រមទាំងមានការចូលរួមយ៉ាងផុសផុលក្នុងការបំពេញការងារប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។

ទិដ្ឋភាពនៃការលាតសន្ធឹងក្រមាវែងបំផុតកាលពីម្សិលមិញ។ស្រេង ម៉េងស្រ៊ុន
អ្នកស្រី សុភ័ក្ត្រណា បានបញ្ជាក់ថា៖ «ជោគជ័យនេះជាមោទនភាពរបស់ជាតិខ្មែរដែលមានស្មារតីរួបរួមសាមគ្គីគ្នា និងបង្ហាញថាកម្ពុជាកំពុងដើរក្នុងភាពត្រឹមត្រូវប្រកបដោយសុខសន្តិភាព ព្រោះបើប្រទេសជាតិយើងគ្មានសន្តិភាពទេនោះ យើងក៏មិនអាចត្បាញក្រមាដ៏វែងរហូតដល់ ១០០០ ម៉ែត្របែបនេះបានដែរ»។
ចំណែកលោក រ៉ាវ យូងន អាយុ ៣៨ ឆ្នាំរស់នៅភូមិ-ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាលដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីដែរនោះបាននិយាយថា នៅលើពិភពលោកនេះគេឲ្យតម្លៃទៅលើគំនិតច្នៃប្រឌិត និងការចូលរួមសាមគ្គីគ្នាធ្វើដោយភាពអត់ធ្មត់ និងការព្យាយាម។
លោក យូងន បានបញ្ជាក់ថា៖ «ការត្បាញក្រមាប្រវែង ១០០០ ម៉ែត្រដែលយើងទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅថ្ងៃនេះមិនមែនជារឿងចៃដន្យនោះទេ តែវាបានកើតចេញពីគំនិតច្នៃប្រឌិតប្រកបដោយភាពប៉ិនប្រសប់ និងការចូលរួមរបស់ខ្មែរយើងទាំងអស់គ្នា និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត»។
មន្ត្រីអាជ្ញាធរអប្សរាលោក ព្រាប ចន្ថា អាយុ ២៨ ឆ្នាំដែលអះអាងថាបានចូលរួមត្បាញក្រមាដ៏វែងនេះផងដែរនោះ បាននិយាយថាក្រមាគឺជាសំពត់ដែលមានភាពសាមញ្ញ តែបង្កប់ន័យយ៉ាងជ្រាលជ្រៅអំពីគុណតម្លៃនៃវប្បធម៌ប្រពៃណីដែលជាអត្តសញ្ញាណជាតិរបស់ខ្មែរ ព្រោះប្រជាពលរដ្ឋខ្មែរទូទៅនិយមប្រើប្រាស់ក្រមានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។
លោកបានបន្តថាយោងតាមភ័ស្តុតាងនៃប្រវត្តិសាស្ត្រ (ក្នុងអំឡុងសតវត្សរ៍ទី ៩ និងទី ១១) គេអាចសន្និដ្ឋានបានថា ក្រមាប្រហែលកើតឡើងដំណាលគ្នានឹងពេលដែលមនុស្សរស់នៅលើទីកដីខ្មែរចេះត្បាញរវៃ ព្រោះគេបានរកឃើញភ័ស្តុតាងសម្ភារតម្បាញ ដូចជា ក្បាលត្រល់ និងខ្នារអំបោះនៅស្ថានីយបុរាណវិទ្យាម្លូព្រៃដែលស្ថិតនៅក្នុងខេត្តព្រះវិហារ។
លោកបានបញ្ជាក់ថា៖ «ប៉ុន្តែសម្រាប់សម័យបច្ចុប្បន្នដែលពោរពេញដោយគំនិតច្នៃប្រឌិត យើងបានរួមគ្នាត្បាញក្រមាដោយដៃដែលមានប្រវែង ១០០០ ម៉ែត្រ និងទទឹង ១ ម៉ែត្រធ្វើអំពីសរសៃសូត្រដែលមានពណ៌ក្រហមលាយស ដ៏ស្រស់ស្អាតបង្ហាញពិភពលោកឲ្យបានដឹងអំពីមោទនភាពរបស់ជាតិខ្មែរ»។
លោកបានបន្ថែមថា៖ «ខ្ញុំពិតជារំភើបចិតខ្លាំងណាស់ដែលសមិទ្ធផលក្រមាដ៏វែងរបស់យើងមួយនេះត្រូវបានគណៈកម្មការ World Guinness Record ទទួលស្គាល់ និងដាក់បញ្ចូលទៅក្នុងបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក»៕