ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់កម្រិតវិន័យចំពោះបុគ្គលិកអប់រំសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ និង ២០ ខែសីហា ខាងមុខនេះ ដោយកម្រិតឲ្យបុគ្គលិកអប់រំ ត្រូវបំពេញកាតព្វកិច្ចធានារ៉ាប់រងសេវា គោរពម៉ោងធ្វើការ និងគោរពឋានានុក្រម បំពេញតួនាទីរបស់ខ្លួនប្រកាន់យកភាពថ្លៃថ្នូរ។
ប្រកាសរបស់ក្រសួងអប់រំចុះថ្ងៃទី ២៨ ខែមិថុនា ដែលបានផ្សព្វផ្សាយតាមហ្វេសប៊ុក នាថ្ងៃទី ១៧ ខែ កក្កដា បញ្ជាក់ថា ក្រសួងមានគោលដៅរក្សារបៀបរៀបរយក្នុងការប្រឡង ជំរុញឱ្យបុគ្គលិកអប់រំអនុវត្តច្បាប់ និងជំរុញការលុបបំបាត់អំពើអសកម្មក្នុងដំណើរការប្រឡង។ ក្រសួងសង្កត់ធ្ងន់ថា បុគ្គលិកអប់រំត្រូវបំពេញកាតព្វកិច្ចធានារ៉ាប់រងសេវា គោរពម៉ោងធ្វើការ និងគោរពឋានានុក្រម បំពេញតួនាទីរបស់ខ្លួន ប្រកាន់យកភាពថ្លៃថ្នូរ និងមានកិត្តិយស គោរពការសម្ងាត់វិជ្ជាជីវៈ គិតគូរប្រយោជន៍ទូទៅ និងភក្តីភាព និងកាតព្វកិច្ចអព្យាក្រឹតក្នុងការអនុវត្តការងារ និងភារកិច្ចដែលបានកំណត់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ រំពឹងថា បេក្ខជនប្រឡង បុគ្គលិកអប់រំ អប្បមាទ (អ្នកចុះត្រួតពិនិត្យនៅមណ្ឌលប្រឡង) ជំនួយការអប្បមាទ មាតា បិតា និងគ្រប់ភាគីពាក់ព័ន្ធ នឹងចូលរួមចំណែកក្នុងការធានាឱ្យដំណើរការប្រឡង ប្រព្រឹត្តទៅដោយស្តង់ដាខ្ពស់។
លោកបញ្ជាក់ថា៖ «ក្រសួងអប់រំ យុវជន និងកីឡា ជឿជាក់ថាបេក្ខជនបានទទួលជ្រាប និងបន្តអនុវត្តតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាថា "អ្នកចេះ គឺជាប់"។ ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់បំផុតនូវបទប្បញ្ញត្តិដែលមានជាធរមាន»។
ក្រសួងអប់រំបានប្រកាសកាលពីថ្ងៃទី ១៦ ខែ កក្កដា ថា ក្រសួងបន្តប្រមូលផ្ដុំមណ្ឌលប្រឡងនៅរាជធានី និងទីរួមខេត្ត ដោយយកគ្រឹះស្ថានសិក្សាគ្រប់ប្រភេទ ចាប់ពីបឋមសិក្សាឡើងទៅ ទាំងសាធារណៈ និងឯកជនធ្វើជាមណ្ឌលប្រឡង។ ក្នុងករណីខេត្តណាមិនអាចអនុវត្តបាន ត្រូវប្រមូលផ្ដុំនៅទីរួមស្រុក ដែលនៅជិតទីរួមខេត្តជាងគេ។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU ) ប្រកាសថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍ប្រឡងទៀតទេ បន្ទាប់ពីបានធ្វើអស់រយៈពេល ៥ ឆ្នាំកន្លងមកនេះ ប៉ុន្តែស្នើឱ្យក្រសួងអប់រំពង្រឹងយន្តការរបស់ខ្លួន គឺយន្តការអប្បមាទ។ ACU នៅតែសហការជាមួយក្រសួងអប់រំ ដើម្បីដោះស្រាយបញ្ហាក្នុងករណីមានអំពើពុករលួយ។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្រៃ្តយ៍ កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាក់ថា ការដែល ACU មិនដាក់ពង្រាយអ្នកសង្កេតការណ៍ប្រឡង បន្ទុកនេះនឹងធ្លាក់មកលើក្រសួងអប់រំ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំណែករឿងសន្តិសុខគឺជាបន្ទុករបស់នគរបាលដែលមានតាំងពីយូរយារណាស់មកហើយ។
លោក ស ខេង ថ្លែងថា៖ «ហើយថ្នាក់ក្រោមជាតិក៏ពាក់ព័ន្ធផ្នែកសន្តិសុខមួយផ្នែក ប៉ុន្តែទន្ទឹុមនឹងនេះក៏ពាក់ព័ន្ធនឹងធ្វើម៉េចឱ្យការប្រឡងហ្នឹងវាមានតម្លាភាពផងដែរ។ នេះជាបញ្ហាមួយដ៏ស្មុគស្មាញ មិនជាស្រួលប៉ុន្មានទេ»។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា កន្លងមកឃើញថា ការកម្រិតវិន័យរបស់ស្ថាប័ននីមួយៗគឺដាក់តែទៅលើមន្ត្រីថ្នាក់តូចតាច ប៉ុន្តែមន្ត្រីថ្នាក់ធំដូចជាមិនមានការកម្រិតនោះទេ ពីព្រោះអំពើពុករលួយមិនមែនកើតចេញឡើងពីអ្នកតូចតាចនោះទេ គឺកើតចេញពីមន្ត្រីថ្នាក់លើ។
លោកស្រីបញ្ជាក់ថា៖ «បើសិនជាមានការកម្រិតបែបនេះ ខ្ញុំគិតថា វាល្អប្រសើរហើយ។ ការកម្រិតហ្នឹង កម្រិតមានរហូតតាំងពីយូរណាស់ហើយ។ នេះជារឿងធម្មតាទេ។ ប៉ុន្តែ ក្រសួងអត់មានការងារធ្វើ ចេះតែថា កម្រិតនេះ កម្រិតនោះ។ តាមពិតទៅក្រសួងខ្លួនឯងហ្នឹងអត់បានដាក់កម្រិតខ្លួនឯង មន្ត្រីខ្លួនឯងនៅក្រោមឱវាទខ្លួនឯង កៀកបង្កើយហ្នឹងទេ»។
យោងតាមការថ្លែងរបស់ លោក ស ខេង ការប្រឡងបាក់ឌុបឆ្នាំ ២០១៩ មានបេក្ខជនប្រឡងចំនួន ១១៩ ២១៧ នាក់ (ស្រី ៦១ ០៣១ នាក់)។ សិស្សពិការភាពមាន ៥ នាក់។ បើធៀបនឹងការប្រឡងបាក់ឌុបឆ្នាំ ២០១៧ និង ២០១៨ បេក្ខជនប្រឡងមានការកើនឡើង ៥ ៨៥២ នាក់។ មណ្ឌលប្រឡងមានចំនួន ២០២ កើនឡើង ៦ មណ្ឌល បើធៀបនឹងឆ្នាំ ២០១៨៕