ភ្នំពេញៈ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ កំពុង​សិក្សា​ដើម្បី​នាំចូល​វ៉ាក់សាំង​ការពារ​ជំងឺ​ប្រភេទ​ថ្មី​ដែលមាន​ឈ្មោះថា​ដុំ​ពក​ស្បែក​គោក្របី​ ឬ​ LSD បន្ទាប់ពី​ដាក់ចេញ​វិធានការ​បន្ទាន់​មួយ​ ដោយ​តម្រូវ​ឱ្យ​អាជ្ញាធរ​ជាប់​ព្រំដែន​ទប់ស្កាត់​កុំឱ្យ​មាន​ការឆ្លង​ពី​ក្រៅប្រទេស​ចូលមក​កម្ពុជា​។

កាលពី​ថ្ងៃទី​ ២៥ ខែ ឧសភា ឆ្នាំ​ ២០២១ លោក តាន់ ផាន់ណារ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ តាមរយ:​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ស្តីពី​វិធានការ​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី​។

កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នាយកដ្ឋាន​រដ្ឋបាល ផែនការ​គណនេយ្យ និង​សហប្រតិបត្តិការ​,​នាយកដ្ឋាន​ផលិតកម្ម​សត្វ​,​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណ:​បសុព្យាបាល​, នាយកដ្ឋាន​ផ្សព្វផ្សាយ​បច្ចេកទេស និង​នីតិកម្ម​,​នាយក​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ រួមទាំង​ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​-​ខេត្ត​។

លោក តាន់ ផាន់ណារ៉ា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​​ថា កិច្ចប្រជុំ​នេះ​គឺជា​ការណែនាំ​បន្ថែម​ឱ្យ​សមត្ថកិច្ច​តាម​ព្រំដែន​​ត្រូវ​ទប់ស្កាត់​ឱ្យបាន​រឹងមាំ កុំឱ្យ​នាំចូល​សត្វ ផលិតផល​សត្វ​ខុសច្បាប់​គ្រប់​ប្រភេទ ជាពិសេស គោ ក្របី ដែល​អាច​ប្រឈម​នឹង​ជំងឺ​ថ្មី​នេះ ព្រោះ​នៅ​កម្ពុជា​មិន​ធ្លាប់មាន​ប្រវត្តិ​កើត​ជំងឺ​នេះ​ទេ​។

លោក​បន្តថា ក្នុង​ករណី​ដែល​ខេត្ត​ជាប់​ព្រំដែន មាន​ការថ្លោះធ្លោយ​នោះ បណ្តា​ខេត្ត​នានា​ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ជំងឺ​នេះ​ចូលមក​កម្ពុជា​បាន​។

លោក​ថា​៖ «​យើង​បាន​ស្រាវជ្រាវ​អស់ហើយ​ថា កម្ពុជា​យើង​ត្រូវធ្វើ​ម៉េចៗ បន្ទាប់ពី​បាន​ស្រាវជ្រាវ​អស់ហើយ ពី​ប្រទេស​ជិតខាង​ដែលមាន​ប្រវត្តិ​ឆ្លង​ជំងឺ​នេះ​។ ​យើង​ក៏បាន​ដក​ពិសោធន៍​​ផ្សេងៗ​ពី​របៀប​ព្យាបាល​ពី​ប្រទេស​ជិតខាង ព្រោះ​ការព្យាបាល​​ជំងឺ​នេះ​គឺអាច​ព្យាបាល​បាន​»​។

ដោយសារ​កម្ពុជា​មិនទាន់​សម្រេច​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ លោក តាន់ ផាន់ណារ៉ា បាន​ឱ្យ​ដឹងថា កម្ពុជា​កំពុង​សិក្សា​ជុំវិញ​វ៉ាក់សាំង​នានា​​ដែល​ប្រទេស​នីមួយៗ​ប្រើប្រាស់​​ ដើម្បី​អនុញ្ញាត​ឱ្យ​នាំ​ចូលមក​ប្រើ​នៅ​កម្ពុជា​ឆាប់ៗ​នេះ​។

លោក​បាន​បន្ថែមថា​៖ «​យើង​បាន​ត្រៀម​លើក​ជា​ផែនការ​ចរចា​​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ហើយ​យើង​ក៏បាន​ជជែក​ជាមួយ​គម្រោង​អង្គការ​នានា​ដើម្បី​ទទួល​ជំនួយ​ជា​វ៉ាក់សាំង​នេះ​។

ប៉ុន្តែ​រហូតមកទល់​បច្ចុប្បន្ន យើង​មិនទាន់​សម្រេចចិត្ត​ថា យក​វ៉ាក់សាំង​ពី​ខាង​ណា​ទេ​»​។

បើតាម​លោក ផាន់ណារ៉ា កម្ពុជា​កំពុង​ពិចារណា​លើ​វ៉ាក់សាំង​ ២ ​ប្រភេទ​ដែល​នាំចូល​ពី​ប្រទេស​ថៃ​ និង​វៀតណាម ខណៈ​កម្ពុជា​មាន​សត្វ​គោក្របី​ប្រមាណ​ជាង​ ៣ ​លាន​ក្បាល​។

ជំងឺ​ដុំពក​ស្បែក​គោក្របី​នេះ កើតឡើង​ដោយ​មាន​រោគសញ្ញា​​សំខាន់ៗ ដែល​មាន​អត្រា​សត្វ​ឈឺ​ពី​ ៥-៤៥ ​ភាគរយ និង​អត្រា​ងាប់​តិចជាង​ ១០ ​ភាគរយ ដែល​បង្កឱ្យ​មាន​ការខាតបង់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិ​។ ​

ជំងឺ​នេះ​មាន​​លេចចេញ​នូវ​រោគសញ្ញា​មាន​លក្ខណៈ​ដុំ​ពកៗ​តូច​ ឬ​ធំ​ទៅតាម​ស្ថានភាព​នៃ​ជំងឺ​ដែល​គេ​រកឃើញ​នៅលើ​ស្បែក​នៃ​ដងខ្លួន​សត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និង​កម្ដៅ​ខ្លួន​អាច​ឡើងដល់ ៤១ ​អង្សាសេ​។

ដុំ​ពក​នេះ​អាច​បង្ក​ទៅជា​ក្រមរ ហើយ​អាច​បង្ក​ទៅជា​ដំបៅ​ចំពោះ​​សត្វ​ឈ្មោល​អាច​បាត់បង់​សមត្ថភាព​បង្ក​កំណើត និង​មេផើម អាច​រលូត​កូន ខណៈ​មេរោគ​នេះ​អាច​ឆ្លង​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ​តាម​ការប៉ះពាល់​​ផ្ទាល់ ឬ​ពី​សត្វ​ទៅ​សត្វ ដោយ​​ប្រយោល​តាម​ភ្នាក់ងារ​ចម្លង​​ផ្សេងៗ​។ ​នេះ​បើតាម​សេចក្តី​​ណែនាំ​របស់​ក្រសួងកសិកម្ម​។

ជំងឺ​នេះ​បង្កឡើង​ដោយ​វីរុស​ក្នុង​ក្រុម​ Poxviridae នៃ​ប្រភេទ Capripoxvirus ដែល​បាន​ផ្ទុះ​ឡើងជា​លើកដំបូង​នៅ​ប្រទេស​ហ្សំប៊ី​កាលពី​ឆ្នាំ​ ១៩២៩ ហើយ​បាន​ឆ្លង​ពាសពេញ​ពិភពលោក​ក្នុង​នោះ​មាន​ទ្វីប​អាហ្វ្រិក មជ្ឈិមបូព៌ា អឺរ៉ុប​ប៉ែក​អាគ្នេយ៍ អាស៊ី​កណ្ដាល អាស៊ី​ខាងត្បូង និង​ប្រទេស​ចិន ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គ្រួសារ​កសិករ​​ចិញ្ចឹមសត្វ និង​សេដ្ឋកិច្ចជាតិ​។

នៅ​ចិន​ជំងឺ​នេះ​បាន​ឆ្លង​តាំងពី​ខែសីហា​ឆ្នាំ​ ២០១៩ ដល់​ខែមិថុនា​ ឆ្នាំ​ ២០២០​។ ចំណែក​នៅ​វៀតណាម ជំងឺ​នេះ​បាន​ផ្ទុះឡើង​ពីថ្ងៃ​ទី​ ៥ ខែ តុលា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ៦ ​ធ្នូ ​ឆ្នាំ​ ២០២០ ​ចំនួន​ ២០ ​កន្លែង​នៅ​ភាគ​ខាង​ជើង​ និង​ភាគ​កណ្ដាល​។

ជាមួយ​នឹង​ហានិភ័យ​ដែល​អាច​ចូលមក​កម្ពុជា​នេះ ក្រសួង​កសិកម្ម​អះអាង​ថា ថ្មីៗ​នេះ ​តាម​របាយការណ៍​ចុះ​ថ្ងៃទី​ ៧ ឧសភា ​ឆ្នាំនេះ​នៅ​ថៃ​ក៏មាន​ផ្ទុះ​​ជំងឺ​នេះ​ចំនួន​ ១៧ ​ខេត្ត-ក្រុង ដែល​ក្នុងនោះ​មាន​ខេត្ត​ចំនួន ​៤ មាន​ព្រំប្រទល់​ជាប់​នឹង​កម្ពុជា ដូចជា ខេត្ត​សុរិន្ទ ជាដើម​៕