ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចេញ​សារាចរ​ណែនាំ​មួយ​កាលពី​ថ្ងៃ​ទី​ ១៣ វិច្ឆិកា អំពី​វិធានការ​ជំរុញ​ការស្ដារ​ឡើងវិញ ការខូចខាត​ដំណាំ​កសិកម្ម ដោយ​គ្រោះទឹកជំនន់​ដោយ​ដាក់ចេញ​នូវ​វិធានការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា និង​ត្រៀម​សម្រាប់​ការបង្កបង្កើនផល​ស្រូវ​រដូវប្រាំង​ឆ្នាំ​ ២០២០ ​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ចែក​ស្រូវពូជ​ដល់​ប្រជាកសិករ​ជាង​ ៦,៤ ពាន់​តោន​។

យោង​តាម​សារាចរ​ណែនាំ​ ២ ​ទំព័រ​ដែល​ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក វេង សាខុន រដូវវស្សា​ឆ្នាំ​ ២០២០ ​នេះ​មាន​ភ្លៀង​ធ្លាក់​តាំងពី​ដើមរដូវ និង​មាន​របាយ​ស្មើ​ល្អ​នៅ​ស្ទើរតែ​គ្រប់​តំបន់​ទូទាំងប្រទេស ដែល​អំណោយផល​ល្អ​ដល់​ការបង្កបង្កើនផល​ស្រូវ និង​សម្រេចបាន​ផល​លឿន​ជាង​មុន​។

គិត​ត្រឹម​ថ្ងៃទី​ ១១ វិច្ឆិកា ការស្ទូង និង​ព្រោះស្រូវ​សម្រេច​បាន​ជាង​ ១០៧ ​ភាគរយ ឬ​ស្មើនឹង ២ ៧៩០ ៨២៩ ​ហិកតា​ ​លើ​ផែនការ ២ ៥៨៨ ១៣០ ហិកតា ​ដែល​បាន​គ្រោង​ទុក​។

ក៏ប៉ុន្តែ​គ្រោះ​រាំងស្ងួត និង​គ្រោះទឹកជំនន់​បាន​បណ្ដាល​ឱ្យ​ខូច​ផ្ទៃដី​ផលិតកម្ម​ស្រូវ​ក្នុង​ទំហំ ១២៧ ១២១ ​ហិកតា​ នៅ​ទូទាំង​ប្រទេស​។ ក្រសួង​កសិកម្ម​លើកឡើង​ថា ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង ការនាំចេញ ផែនការ​នាំចេញ​ស្រូវ និង​ស្ដារឡើងវិញ​ការខូចខាត​ពី​គ្រោះរាំងស្ងួត និង​គ្រោះទឹកជំនន់ រដ្ឋាភិបាល​បាន​ចែក​ពូជស្រូវ​ជាង ៦,៤ ​ពាន់​តោន និង​គ្រាប់ពូជ​បន្លែ​ជាច្រើន​មុខ​ទៀត​ដល់​កសិករ​រងគ្រោះ​ក្នុង​ខេត្ត​ចំនួន​ ១៩​។ នេះ​បើ​តាម​សារាចរ​ដដែល​។

សម្រាប់​រដូវវស្សា​ដែល​ស្ទើរតែ​ផុត​ទៅហើយ​នេះ លោក វេង សាខុន បាន​ប្រាប់​ដល់​មន្ត្រី​ក្រោម​ចំណុះ​ក្រសួង​ឱ្យ​ចុះ​តាមដាន និង​អប់រំ​កសិករ​ដែល​បាន​ទទួល​គ្រាប់ពូជ​ដំណាំ​អំពី​បច្ចេកទេស​ប្រើប្រាស់​គ្រាប់ពូជ​ទាំងនោះ បច្ចេកទេស​ដាំដុះ ថែទាំ និង​ការកម្ចាត់​សមាសភាព​ចង្រៃ​។ នៅ​ទីតាំង​ខ្ពស់​ដែល​ខ្វះ​ប្រភពទឹក ត្រូវ​ប្ដូរ​ដំណាំ​ពី​ស្រូវ​ទៅ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​។

មន្ត្រី​ក្រសួង​កសិកម្ម​ក៏​ត្រូវ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន និង​ដៃគូ​ជាតិ អន្តរជាតិ​ដើម្បី​កំណត់​តំបន់​ដែលមាន​អំណោយផល និង​ជំរុញ​ឱ្យ​មាន​ការដាំដុះ​ឱ្យអស់​សក្តានុពល​កសិកម្ម​។ មន្ត្រី​ក៏ត្រូវ​កំណត់​តំបន់​មាន​ប្រភពទឹក​ស្វែងរក​លទ្ធភាព​បូម​ទឹក​បញ្ចូល​អាង​ស្តុក​ទឹក និង​ប្រព័ន្ធ​ប្រឡាយ​ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​ទឹក​សម្រាប់​ដំណាំ​កសិកម្ម​។ ក្រុមមន្ត្រី​ក៏ត្រូវ​ណែនាំ​កសិករ​ឱ្យ​ចេះ​រក្សា​ទឹក​ទុក ការថែទាំ​ស្រូវ និង​ពិនិត្យ​បច្ចេកទេស​ម៉ាស៊ីន​ច្រូតស្រូវ​ឱ្យបាន​ត្រឹមត្រូវ​។

សម្រាប់​ការបង្កបង្កើនផល​ស្រូវ​រដូវប្រាំង​វិញ​លោក វេង សាខុន ក៏បាន​ប្រាប់​មន្ត្រី​ក្រោម​ឱវាទ និង​ពលរដ្ឋ​ឱ្យ​យកចិត្ត​ទុកដាក់​ក្នុង​ការប្រើប្រាស់​ទឹក​បំផុស​កសិករ​ឱ្យ​ជ្រើសរើស​ពូជស្រូវ​ដែល​មិន​ប្រកាន់​រដូវ និង​មាន​រយៈពេល​លូតលាស់​ខ្លី​។ មន្ត្រី​កសិកម្ម​ត្រូវ​ចុះ​ផ្សព្វផ្សាយ​បច្ចេកទេស​ដាំដុះ និង​ថែទាំ ព្រមទាំង​ត្រៀម​ចុះ​អន្តរាគមន៍​ឱ្យ​បាន​ទាន់ពេលវេលា​។

លោក​បាន​ថ្លែងថា​៖ «​ចំពោះ​ដំណាំ​ស្រូវ​ដែល​ដាំដុះ​រួច ត្រូវ​ណែនាំ​កសិករ​ឱ្យ​ចុះ​ពិនិត្យមើល ថែទាំ ដាក់​ជី​បំប៉ន និង​ការពារ​ដំណាំ​ឱ្យបាន​ដិតដល់​ជាប្រចាំ ពោលគឺ​កម្ចាត់​ស្មៅ​ឱ្យ​បានល្អ​រក្សា​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ និង​ពិនិត្យមើល​ស្ថានភាព​នៃ​ការបំផ្លាញ​របស់​សត្វ​ចង្រៃ និង​ជំងឺ​រាតត្បាត​ផ្សេងៗ​»​។

លោក​ ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​បន្ទាយមានជ័យ​បាន​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា លោក​បាន​ទទួល​សារាចរ​ណែនាំ​នេះ​រួចហើយ និង​ត្រៀមខ្លួន​អនុវត្ត​។ ខេត្ត​បន្ទាយមានជ័យ​ក៏​រងគ្រោះ​ដោយ​ទឹកជំនន់​បង្ក​ដោយ​ទឹកភ្លៀង​ដែរ​កាលពី​ខែតុលា ប៉ុន្តែ​ពេលនេះ​ទឹក​នៅក្នុង​ស្រុក​នានា​ផ្នែក​ខាងលើ​បាន​ស្រក​អស់ហើយ​នៅ​សល់​តែ​ស្រុក​នៅ​ផ្នែក​ខាងក្រោម​ប៉ុណ្ណោះ ដូចជា​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​ភ្នំស្រុក​។

លោក វណ្ណាសេដ្ឋ បញ្ជាក់​ថា​ជា​រៀងរាល់​ឆ្នាំ​ការធ្វើ​ស្រែប្រាំង​អាច​ចាប់ផ្ដើម​បាន​ពី​ខែវិច្ឆិកា ប៉ុន្តែ​ដោយសារ​ទឹកជំនន់​ថ្មីៗ​នេះ ការធ្វើ​ស្រែប្រាំង​មិនទាន់​ចាប់​ផ្ដើម​នៅឡើយ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​យើង​ត្រៀម​ហើយ យើង​ចុះ​ទៅ​តាម​ផែនការ​។ អ្វីដែល​យើង​ព្រួយបារម្ភ​គឺ​ខ្លាច​ខ្វះ​ទឹក​។ យើង​ចុះទៅ​ណែនាំ​គាត់ ព្រោះ​កសិករ​ឥឡូវនេះ គាត់​ចូលចិត្ត​ធ្វើស្រែ​ដោយ​ប្រើ​គ្រឿងចក្រ​ដែល​លឿន ហើយ​គាត់​មិនបាន​ប៉ាន់​ប្រមាណ​ពី​តម្រូវការ​ទឹក​ទេ​។ អ៊ីចឹង​វា​អាច​ខ្វះខាត​ទឹក​នៅ​ចុងរដូវ​»​។

លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​ខេត្ត​បន្ទាយមានជ័យ ពលរដ្ឋ​កាន់តែ​ច្រើន​បាន​បង្កបង្កើនផល​ស្រូវប្រាំង​។ ជាទូទៅ ប្រជាពលរដ្ឋ​ក្នុង​ ១ ​ស្រុក​ត្រូវបាន​ប៉ាន់​ប្រមាណ​ថា នឹង​ធ្វើ​ស្រូវប្រាំង​ក្នុង​ទំហំ​ដី​ប្រមាណ​តែ ៨ ​ពាន់​ហិកតា ប៉ុន្តែ​ជាក់ស្ដែង​ពួកគេ​បាន​ធ្វើ​រហូតដល់​ទៅ ៣ ​ម៉ឺន​ហិកតា​ក៏​មាន​៕

វីដេអូ៖