ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​បើក​យុទ្ធនា​ការធ្វើ​ការស្តារ​ជាបឋម​លើ​ការដាំដុះ​ដំណាំ​ស្រូវ​ឡើងវិញ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្ដ​បាត់ដំបង ពោធិ៍សាត់​ និង​បន្ទាយមានជ័យ​ចាប់ពី​ថ្ងៃទី​ ២៩ ខែ​តុលា រហូតដល់​សប្ដាហ៍​ទី​ ១ នៃ​ខែវិច្ឆិកា​។

លោក វេង សាខុន បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃ​សៅរ៍ ទី​ ២៤ ខែតុលា​ដោយយោង​ទៅ​តាម​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ស្ថាន​ការខូចខាត​ដំណាំ​ស្រូវ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​កន្លងមក​របស់​ប្រធាន​មន្ទីរ​កសិកម្ម ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ដោយមាន​ការសហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​។

លោក​បាន​ឱ្យ​ដឹងថា មាន​ទីតាំង​មួយចំនួន​អាច​មាន​លទ្ធភាព​ចាប់ផ្តើម​ធ្វើការ​ស្តារ​ការដាំដុះ​ដំណាំ​ស្រូវ​បាន​ជាមួយ​នឹង​លទ្ធភាព​ប្រភពទឹក​គ្រប់គ្រាន់​សម្រាប់​ស្រូវស្រាល​។ លោក​ថ្លែងថា​៖ «​តាមរយៈ​លទ្ធផល​ខាងលើ​នេះ ក្រសួង​កសិកម្ម​នឹង​សហការ​ជាមួយ​មន្ទីរ​កសិកម្ម ខេត្ត​ទាំង​ ៣ ​រួម​ជាមួយ​នឹង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​នឹង​បើក​យុទ្ធនាការ​ធ្វើការ​ស្តារ​ជា​បឋម​លើ​ការដាំដុះ​ដំណាំ​ស្រូវ​ឡើងវិញ​»​។

បើ​តាម​លោក​រដ្ឋមន្ដ្រី យុទ្ធនាការ​ធ្វើការ​ស្តារ​ជាបឋម​លើ​ការដាំដុះ​ដំណាំ​ស្រូវ​ឡើងវិញ​នេះ​ធ្វើឡើង នៅឯ​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី​ ២៩ ខែតុលា នៅ​ភូមិ​ព្រៃក្លូត ឃុំ​ព្រៃត្រឡាច ស្រុក​រុក្ខគិរី​។ នៅ​ខេត្ត​ពោធិ៍សាត់​នឹង​ធ្វើ​ថ្ងៃទី​ ៣០ ខែតុលា នៅ​ភូមិ​របោះរាំង ឃុំ​អូរតាប៉ោង ស្រុក​បាកាន​។ ចំណែក​ខេត្ត​បន្ទាយមានជ័យ​នឹង​ធ្វើ​យុទ្ធនាការ​នេះ​នៅ​សប្តាហ៍​ទី​ ១ ខែ​វិច្ឆិកា​ឆ្នាំ​ ២០២០ ​នៅក្នុង​ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖ «​សម្រាប់​ការចាប់ផ្តើម​យុទ្ធនាការ​អន្តរាគមន៍​ជា​បឋម​នេះ យើង​នឹង​រៀបចំ​ឱ្យ​មាន​ត្រាក់ទ័រ​យ៉ាងតិច ៥ ​គ្រឿង គោយន្ត​ពង្រាបដី​ចំនួន ៥ ​គ្រឿង និង​ម៉ាស៊ីន​ដាំ​គ្រាប់​ស្រូវ​ចំនួន​ ៣ ទៅ ៤ ​គ្រឿង​នៅលើ​ទីតាំង​ភូមិ​នីមួយៗ​ដែល​បានកំណត់​ខាងលើ​ក្នុង​ខេត្ត​​នីមួយៗ​រួមជាមួយ​ការផ្តល់​ពូជស្រូវ​ស្រាល​រយៈពេល​ខ្លី រួម​ជាមួយ​នឹង​ការផ្តល់​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួន​សម្រាប់​គ្រួសារ​រងគ្រោះ​នីមួយៗ​ផងដែរ​»​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម មិនអាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្ដែ​លោក ប៉ាង វណ្ណាសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​បន្ទាយមានជ័យ​បាន​ថ្លែងថា ត្រឹម​ថ្ងៃទី​ ២៥ ខែ​តុលា នៅ​ខេត្ដ​បន្ទាយមានជ័យ​ផលប៉ះពាល់​លើ​ដំណាំ​ស្រូវ​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​មាន​ប្រមាណ​ជាង​ ៦ ​ម៉ឺន​ហិកតា​។ ចំណែក​ដំណាំ​រួមផ្សំ​ក្នុងនោះ​មានដូចជា​ដំឡូងមី​មាន​ប្រមាណ​ជាង​ ១ ​ម៉ឺន​ហិកតា និង​បន្លែ​ផ្សេងៗ​ជាង​ ២០០ ​ហិកតា​។

លោក​ថ្លែងថា​៖ «​ឥឡូវ​យើង​កំពុង​វាយតម្លៃ​លើ​ការខូចខាត​ទីតាំង​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​គឺ​នៅ​ស្រុក​មង្គលបុរី និង​ក្រុង​សិរីសោភ័ណ​។ ឥឡូវ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​បាន​ដាក់​ផែនការ​យុទ្ធនាការ​មក​ស្ដារឡើងវិញ​ដល់​ពលរដ្ឋ​ដែល​រងផលប៉ះពាល់​។ ក្នុង​ជំហាន​ទី​ ១ ​នេះ​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​តាំងពី​គ្រោះរាំងស្ងួត រហូត​ដល់​ទឹកជំនន់​នាពេលនេះ​គឺ​ស្ថិតនៅ​ទីតាំង​ឃុំ​រហាត់ទឹក​នៃ​ស្រុក​មង្គលបុរី​»​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក៏​បាន​ថ្លែង​នៅក្នុង​ពេល​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​សៅរ៍​ទី​ ២៤ ខែ​តុលា​ថា រាជរដ្ឋាភិបាល​បាន​គិត​រួច​ជាស្រេច​ហើយ​ថា ក្រោយ​ទឹកជំនន់​បាន​ត្រៀម​ពូជស្រូវ​ចំនួន ២ ០០០ តោន​ដែលជា​ពូជស្រូវ​មិន​ប្រកាន់​រដូវ​សម្រាប់​ផ្ដល់ជូន​ពលរដ្ឋ​រង​ផលប៉ះពាល់​ដោយ​ជំនន់​នេះ​ក្នុង​ ១ ​គ្រួសារ​នឹង​ទទួល​បាន​ ១០០ ​គីឡូក្រាម​។ ប៉ុន្ដែ​ការផ្តល់​ជូន​នេះ សម្រាប់​តែ​ពលរដ្ឋ​ដែល​រង​ការខូចខាត​តែប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ពលរដ្ឋ​មិន​ធ្វើ​ស្រូវ តែ​ពួកគាត់​ដាំ​ដំណាំ​នោះ គឺ​រាជរដ្ឋាភិបាល​នឹង​ផ្តល់នូវ​ពូជ​ដំណាំ​ចំនួន ៦ មុខ​ដំណាំ ដើម្បី​ទុក​បង្កបង្កើនផល​ក្រោយ​ទឹកស្រក​វិញ​ថែមទាំង​មាន​គ្រឿងចក្រ​កសិកម្ម​មក​បម្រើ​ជូន​ប្រជាកសិករ​ផងដែរ​។ ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​មាន​ការវាយតម្លៃ​នៃ​ការខូចខាត​របស់​ប្រជាជន​ក្នុង​ពេល​ទឹកជំនន់ ជាពិសេស​ក្រសួងកសិកម្ម ដោយ​យើង​ដោះស្រាយ​ជូន​តែ​អ្នក​ដែល​​ខូចខាត​ទេ​»​។

លោក ថេង សារឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ​លើកឡើង​កាលពី​ម្សិលមិញ​ថា យុទ្ធនាការ​ធ្វើការ​ស្តារ​ជាបឋម​លើ​ការដាំដុះ​ដំណាំ​ស្រូវ​ឡើងវិញ​គឺជា​ផ្នែក​ធំ​មួយ​នៃ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​រៀបចំ​ទុក​រួចទៅហើយ​។

លោក​ថ្លែងបន្តថា​៖ «​ដូច្នេះ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​គឺ​ត្រូវ​ទទួល​ខុសត្រូវ​តាម​ផ្នែក​ផ្សេងៗ​គ្នា​ក្នុង​ការស្ដារ​ឡើងវិញ និង​ការគាំពារ​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់ ក្រោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ​បញ្ចប់​ទៅវិញ​។ តាមរយៈ​យុទ្ធនាការ​នេះ​នឹង​អាច​កៀរគរ​អ្នកចូលរួម​ឧបត្ថម្ភ​ដើម្បី​ជួយ​ស្ដារ​ដល់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ឡើងវិញ​»៕

វីដេអូ៖