ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្កើត​គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា ដើម្បី​ជួយ​សម្របសម្រួល​ក្នុង​កិច្ចការ​ផលិតកម្ម​អាជីវកម្ម​របស់​សមាគម​វារីវប្បករ សំដៅ​បង្កើន​សមត្ថភាព​ផលិត ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ ដោយ​គណៈកម្មការ​ត្រូវតែ​ពិនិត្យ​ពិភាក្សា​ឱ្យបាន​ស៊ីជម្រៅ​លើ​ដំណើរការ​ផលិតកម្ម​អាជីវកម្ម និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

សេចក្ដី​សម្រេច​របស់​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចុះ​ថ្ងៃទី​ ១៧ ខែធ្នូ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​ពី​ម្សិលមិញ​ឱ្យដឹងថា គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា​ត្រូវ​បាន​បង្កើតឡើង​ដោយមាន​ប្រធាន អនុប្រធាន និង​សមាជិក​សរុប​ ១១ ​រូប​។

ក្នុងនោះ​លោក ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើជា​ប្រធាន ខណៈ​គណៈកម្មការ​មាន​អនុប្រធាន​ចំនួន ៣ ​រូប និង​សមាជិក​ចំនួន ៧ ​រូប​។

សេចក្ដី​សម្រេច​ដដែល​នេះ​បានឱ្យដឹងថា គណៈកម្មការ​ត្រូវ​សម្របសម្រួល​ក្នុង​កិច្ចការ​ផលិតកម្ម​អាជីវកម្ម​របស់​សមាគម​វារីវប្បករ​នៅ​កម្ពុជា​សំដៅ​បង្កើន​សមត្ថភាព​ផលិត ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ ដោយ​ពិនិត្យ​ពិភាក្សា​ឱ្យបាន​ស៊ីជម្រៅ​លើ​ដំណើរការ​ផលិតកម្ម​អាជីវកម្ម បញ្ហា​ប្រឈម​នានា និង​លើក​ទិស​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

សេចក្ដី​សម្រេច​បញ្ជាក់ថា​៖ «​គណៈកម្មការ​ត្រូវ​សហការ​ជំរុញ​ការអភិវឌ្ឍ​វារីវប្បកម្ម​គ្រប់​រូបភាព​ដល់​ប្រជាកសិករ និង​សម្រួល​កិច្ចការ​វិនិយោគ​ផ្នែក​នេះ​ឱ្យមាន​ដំណើរការ​ល្អប្រសើរ​។ ជំរុញ​ការផ្សព្វផ្សាយ​បច្ចេកទេស​វារីវប្បកម្ម​ឱ្យបាន​ទូលាយ បង្កើន​បណ្ដុំ​អាជីវកម្ម​ផលិត​ឱ្យមាន​បរិមាណ និង​គុណភាព​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​។ បង្កើន​កិច្ចសហការ​ជាមួយគ្នា​ក្នុង​ការងារ​ជួយ​ទប់ស្កាត់​បទល្មើស​នាំចូល​ផលិតផល​ជលផល​ដោយ​ខុសច្បាប់​»​។

បើតាម​សេចក្ដីសម្រេច​ថា គណៈកម្មការ​ត្រូវ​ជំរុញ​ការសិក្សា​ស្រាវជ្រាវ​អំពី​បច្ចេកទេស​ចិញ្ចឹម បង្កើន​ផលិតភាព​ចិញ្ចឹម កែច្នៃ និង​ទីផ្សារ ដើម្បី​ធានាបាន​នូវ​សុខុមាលភាព វិបុលភាព និង​និរន្តរភាព​នៃ​ផ្នែក​វារីវប្បកម្ម​នៅ​កម្ពុជា​។

រាយការណ៍​ពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា​ក្នុង​ការអនុវត្ត​ជូន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ពិនិត្យ និង​សម្រេច​។

លោក ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា​ពី​ម្សិលមិញ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ការបង្កើត​គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា​នេះ​បានទេ​។

ចំណែក​លោក អេង ជាសាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​ជា​អនុប្រធាន​គណៈកម្មការ​ជំរុញ​វារីវប្បកម្ម​កម្ពុជា​ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បានដែរ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

លោក សុខ រ៉ាដែន ប្រធាន​សមាគម​វារីវប្បកម្ម​នៅ​កម្ពុជា​បាន​ឱ្យដឹងពី​ម្សិលមិញ​ថា ក្នុងនាម​អ្នកដឹកនាំ និង​ក្រុមប្រឹក្សាភិបាល​សមាគម​វារីវប្បករ​នៅ​កម្ពុជា​បាន​ថ្លែង​ដោយ អរគុណ​ក្រសួងកសិកម្ម ថា ការបង្កើត​គណៈកម្មការ​នេះ​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការជួយ​ជំរុញ​វិស័យនេះ​ឱ្យ​លឿន​ទៅមុខ ស្របតាម​អនុសាសន៍ និង​គោលនយោបាយ​រាជរដ្ឋាភិបាល​។

លោក​រំពឹងថា ក្រុម​ការងារ​គណៈកម្មការ​ថ្មី​នេះ​នឹង​បង្កើន​ការយកចិត្ត​ទុកដាក់​ជួយ​ពលរដ្ឋ​ដែល​កំពុង​ប្រកបមុខរបរ​ចិញ្ចឹម​ត្រី និង​អ្នក​ដែល​កំពុងធ្វើ​ការងារ​ទាក់ទង​វិស័យ​វារីវប្បកម្ម​ទាំងអស់​។

លោក​ថា​៖ «​យើងខ្ញុំ​ជា​អ្នកគ្រប់គ្រង​សមាគម សមាជិកសមាគម និង​ប្រជាកសិករ​ទាំងអស់​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បង្កើន​ផលិតកម្ម និង​គុណភាព ធានា​ឱ្យបាន​នូវ​ការផ្គត់ផ្គង់​ក្នុងស្រុក និង​គោលដៅ​នាំចេញ​ក្នុង​បរិការណ៍​ទីផ្សារ​ប្រកួត​ប្រជែង ពិសេស​ក្នុង និង​ក្រោយ​សម័យ​កូវីដ​១៩​នេះ​»៕