
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផ្តល់ម៉ាស៊ីនព្រោះស្រូវដល់ប្រជាពលរដ្ឋ។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ ក្រសួងកសិកម្មផ្ដល់ម៉ាស៊ីនព្រោះគ្រាប់ស្រូវចំនួន ១៥០ គ្រឿង ដល់ពលរដ្ឋក្នុងសហគមន៍កសិកម្ម ដើម្បីជំរុញល្បឿននៃការស្តារផលិតកម្ម ដំណាំស្រូវឡើងវិញ ក្រោយពេលជំនន់ទឹកភ្លៀងត្រូវបានស្រកចុះនៅតាមបណ្តាខេត្តដែលទទួលរងគ្រោះ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងតាមរយៈហ្វេសប៊ុករបស់លោកថាកាលពីថ្ងៃទី ៥ ខែធ្នូ ថា មន្ទីរកសិកម្ម បានយកឧបករណ៍ព្រោះគ្រាប់ស្រូវទៅចែកជូនប្រជាពលរដ្ឋក្នុងសហគមន៍កសិកម្មកាលពីថ្ងៃទី ៤ ខែធ្នូ ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់បាននាំយកឧបករណ៍នេះចំនួន ៤៨ គ្រឿង ទៅជូនសហគមន៍ កសិកម្មនៅខេត្តពោធិ៍សាត់សរុបចំនួន ៤៨ សហគមន៍។
លោក សាខុន បានឱ្យដឹងថា សហគមន៍ទាំងនោះមានសហគមន៍កសិកម្មមកពីស្រុកកណ្តៀងចំនួន ១០ គ្រឿង ក្រុងពោធិ៍សាត់ចំនួន ៣ គ្រឿង ស្រុកក្រគរចំនួន ១៤ គ្រឿង ស្រុកបាកានចំនួន ១៤ គ្រឿង ស្រុកតាលោសែនជ័យចំនួន ៤ គ្រឿង និងស្រុកភ្នំក្រវាញ ៣ គ្រឿង។ សហគមន៍នីមួយៗទទួលបាន ១ គ្រឿង។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងថា មន្ត្រីជំនាញ មន្ទីរកសិកម្មបានធ្វើការបង្ហាញ និងណែនាំអំពីបច្ចេកទេសប្រើគ្រឿងម៉ាស៊ីនដល់ប្រជាសហគមន៍ផងដែរ ដូច្នេះពលរដ្ឋក្នុងសហគមន៍ត្រូវចែករំលែកគ្នាប្រើ និងចូលរួមថែរក្សាឱ្យបានយូរអង្វែង។
លោក វេង សាខុន មិនបានបញ្ជាក់ថា ម៉ាស៊ីនព្រោះគ្រាប់ស្រូវដែលបញ្ចេញបន្ថែមសម្រាប់ការចែកជូនប្រជាពលរដ្ឋក្នុងសហគន៍កសិកម្មចំនួន ១៥០ គ្រឿងនោះ ត្រូវចែកទៅខេត្តណាខ្លះនោះទេ។
លោក ប្រាក់ ចំណាប់ តំណាងសហគមន៍កំពង់ប្រាក់ ខេត្តពោធិ៍សាត់ បានឱ្យដឹង ក្នុងសហគមន៍កសិកម្មរបស់លោកមិនទាន់ទទួលបានឧបករណ៍ព្រោះគ្រាប់ស្រូវនៅឡើយទេ មកដល់ថ្ងៃទី ៦ ខែធ្នូ នេះ។ ទោះយ៉ាងណាក៏លោក ចំណាប់ បានសម្តែងការសប្បាយរីករាយ បើសិនជាសហគមន៍កសិកម្មលោកទទួលបានឧបករណ៍ព្រោះគ្រាប់ស្រូវនោះ ព្រោះឧបករណ៍ព្រោះគ្រាប់ស្រូវអាចជួយឱ្យចំណេញគ្រាប់ពូជ និងពេលវេលា។
លោក ចំណាប់ បានថ្លែងថា៖ «សម័យឥឡូវនេះ អត់មានមនុស្សឯណាមកជួយធ្វើការងារដូចមុនៗទេ អ្នកមានកម្លាំងខ្លះទៅធ្វើការរោងចក្រ ខ្លះចំណាកស្រុកអស់ទៅ ហេតុនេះការមានម៉ាស៊ីននេះ វាងាយស្រួលហើយចំណេញគ្រាប់ពូជផង ដោយសារតែការព្រោះដោយដៃវាគរដុំៗមិនស្មើគ្នា តែម៉ាស៊ីនព្រោះបានស្មើល្អហើយមានស្តង់ដារបស់គេ»។
លោក ប៉ាង វណ្នាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា មកដល់ថ្ងៃទី ៦ ខែធ្នូ ខេត្តបន្ទាយមានជ័យនៅមិនទាន់ទទួលបានឧបករណ៍ព្រោះគ្រាប់ស្រូវនោះបន្ថែមទៀតនៅឡើយ ប៉ុន្តែលោកបញ្ជាក់ថា ខេត្តបន្ទាយមានជ័យអាចនឹងទទួលចំនួន ៥០ គ្រឿងបន្ថែមទៀត ក្នុងចំណោម ១៥០ គ្រឿង ដែលក្រសួងកសិកម្មបញ្ចេញសម្រាប់ឧបត្ថមដល់សហគមន៍កសិកម្មក្នុងការជំរុញការស្តារឡើងវិញ ដំណាំស្រូវដែលរងគ្រោះដោយទឹកជំនាន់ក្នុងពេលកន្លងទៅនេះ។
លោកថ្លែងថា៖ «ខាងខេត្តខ្ញុំប្រហែលជាអាចទទួលបានម៉ាស៊ីនព្រោះគ្រាប់ស្រូវហ្នឹងបន្ថែម ៥០ គ្រឿងទៀត ប៉ុន្តែពេលនេះមិនទាន់មកដល់នៅឡើយទេ»៕
វីដេអូ៖