ភ្នំពេញៈ ក្រុមហ៊ុន​ ២ ​ដែល​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ត្រូវបាន​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផ្អាក​ការនាំ​ចូល​សត្វ​ជ្រូក​រស់ បន្ទាប់ពី​ក្រុមហ៊ុន​ប្រព្រឹត្តល្មើស​នឹង​កិច្ចសន្យា​ដែល​ខ្លួន​បាន​ព្រមព្រៀង​ជាមួយ​ក្រសួង​ម្ដងហើយ​ម្ដងទៀត​។ ជាមួយ​គ្នា​នេះ​សមាគម​ផ្គត់ផ្គង់​ជ្រូក​ក៏​បាន​រកឃើញ​ក្រុមហ៊ុន​ ១ ​អនុវត្ត​ខុសពី​កិច្ចសន្យា​នេះដែរ និង​ស្នើឲ្យ​ក្រសួង​ចាត់ការ​ដូចគ្នា​។

លិខិត​ចុះ​ថ្ងៃទី​ ៣០ ​មេសា​របស់​លោកស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ជម្រាប​ជូនទៅ​សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា​ដែល​ភ្នំពេញ-ប៉ុស្តិ៍​ទទួលបាន​ថ្ងៃទី​ ៤ ឧសភា ឲ្យ​ដឹងថា​ក្រុមហ៊ុន​ដែល​រង​ការពិន័យ ផ្អាក​ការនាំចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន​នោះ​គឺ ក្រុមហ៊ុន​ចាន់ធូ​មានជ័យ អ៊ីមផត អិចផត និង​ក្រុមហ៊ុន ៣- ​ធីអេច អេហ្គ្រីឌីវេឡុបម៉ិន​។

លោក ស្រី វុឌ្ឍី បញ្ជាក់​ក្នុង​លិខិត​ថា​៖ «​ក្រុមហ៊ុន​ទាំង ២ ​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ម្ដង​ហើយ​ម្ដងទៀត​មិន​ព្រម​រាងចាល ទោះ​ជា​សមត្ថកិច្ច​ជំនាញ​បាន​ចាប់​ផាកពិន័យ​ និង​ធ្វើ​កិច្ចសន្យា​យ៉ាងណា​ក៏ដោយ​»​។

បទល្មើស​ដែល​ក្រុមហ៊ុន​ទាំង​ ២ ​បានប្រព្រឹត្ត​រួមមាន​ការ​កាត់​ផ្ទេរសិទ្ធិ​ ឬ​លក់​គោលការណ៍​នាំចូល​សត្វ​ជ្រូក​រស់ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេងទៀត​ផ្ទុយ​ពី​កិច្ចព្រមព្រៀង និង​សេចក្ដីណែនាំ​របស់​ក្រសួង និង​ការដឹកជញ្ជូន​សត្វ​លើសពី​បរិមាណ​ដែល​បានស្នើសុំ​ ឬ​អនុញ្ញាត​ពី​ក្រសួង​ជាដើម​។

អំពើ​ល្មើស​របស់​ក្រុមហ៊ុន​ទាំង​ ២ បាន​ធ្វើឲ្យ​ក្រុម​ពាណិជ្ជករ​នៃ​សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា​មួយចំនួន​ព្រួយបារម្ភ​អំពី​ការឆ្លៀត​ឱកាស​របស់​ពាណិជ្ជករ​ទុច្ចរិត​មួយ​ចំនួន​ប្រើប្រាស់​មធ្យោបាយ​នេះ ដណ្ដើម​សិទ្ធិផ្ដាច់មុខ​ក្នុង​ការនាំចូល​ជ្រូក​រស់​ពី​ថៃ​មក​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​កម្ពុជា​។ ក្រុម​ពាណិជ្ជករ​ក៏បាន​ដាក់សំណើ​មក​ក្រសួង​ជួយ​អន្តរាគមន៍​ «​ចាត់វិធានការ​ទប់ស្កាត់​ការផ្ទេរសិទ្ធិ​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ក្នុង​គោលដៅ​ផ្ដាច់មុខ​» ​នេះ​ជាបន្ទាន់​។

លោក​ សាន់ ចាន់ថេត ប្រធាន​សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​សមាគម​ទទួល​បណ្ដឹង​ពី​សមាជិក​អំពី​បញ្ហា​នេះ​សមាគម​បាន​ចុះ​អង្កេត​ស្រាវជ្រាវ​ហើយ​រកឃើញថា មាន​ក្រុមហ៊ុន​ ២ ​គឺ​ក្រុមហ៊ុន​អង្គរ​សុខសែនជ័យ ឯ.ក និង​ក្រុមហ៊ុន​ចាន់ធូ​មានជ័យ អ៊ីមផត អិចផត បាន​កាត់​លក់​គោលការណ៍​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ទៅ​ឲ្យ​ពាណិជ្ជករ​ម្នាក់​ដោយ​ខុសច្បាប់​។

លោក​ថ្លែងថា​៖ «​នៅក្នុង​គោលការណ៍​របស់​ក្រសួង ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​នាំចូល​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង គឺ​មិន​អនុញ្ញាត​ឲ្យ​លក់​គោលការណ៍​បន្តទៅ​ក្រុមហ៊ុន​ផ្សេង​ឡើយ​។ ប៉ុន្តែ​ក្រុមហ៊ុន​អង្គរ​សុខសែនជ័យ​ ឯ.ក និង​ក្រុមហ៊ុន ចាន់ធូ មានជ័យ អ៊ីមផត អិចផត ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​ឲ្យ​នាំចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ក្នុង​ ១ ​ថ្ងៃ​ ៩៦០ ​ក្បាល​ដូចគ្នា​នោះបាន​កាត់​លក់​គោលការណ៍​បន្តទៅ​ឲ្យ​ពាណិជ្ជករ​ម្នាក់​»​។

លោក​ថា​៖ «​ករណីនេះ​ធ្វើឲ្យ​សមាជិក​មួយចំនួន​នៃ​សមាគម​យើង​មាន​ការព្រួយបារម្ភ​ដោយ​គិតថា ពាណិជ្ជករ​នោះ​កំពុងមាន​មហិច្ឆតា​នាំចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ដោយ​ផ្ដាច់មុខ​»​។

លោក ចាត់ថេត បន្តថា សមាគម​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ទៅលើ​ក្រុមហ៊ុន​ចាន់ធូ​មានជ័យ អ៊ីមផត អិចផត និង​ក្រុមហ៊ុន​ ៣- ​ធីអេច អេហ្គ្រីឌី​វេឡុបម៉ិន ប៉ុន្តែ​បានស្នើ​បន្តទៅ​ក្រសួង​ឲ្យ​មាន​ចំណាត់ការ​ទៅលើ​ក្រុមហ៊ុន​អង្គរ​សុខសែនជ័យ ឯ.ក ដើម្បី​ឲ្យ​ស្មើភាព​គ្នា​។

លោក​ថា​៖ «​សមាគម​យើង​បាន​រកឃើញ​ភ័ស្ដុតាង​ដែល​ក្រុមហ៊ុន អង្គរសុខសែនជ័យ​ឯ.ក បាន​កាត់​លក់​គោលការណ៍​នាំ​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ទៅ​ឲ្យ​ពាណិជ្ជករ​ឈ្មោះ​ លឹម សុផល ចំនួន​ ២៥០ ​ក្បាល​ក្នុង​ ១ ​ថ្ងៃ​ផ្ទុយ​ពី​ការណែនាំ​របស់​ក្រសួង​។ ដូច្នេះ​ដើម្បី​ឲ្យ​មាន​តម្លាភាព និង​រួច​ផុតពី​ការរិះគន់​ពី​ពាណិជ្ជករ​ក្នុងស្រុក ក្រសួង​គប្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅលើ​ក្រុមហ៊ុន​នេះ​ផងដែរ​»​។

ពាណិជ្ជករ លឹម សុផល កាលពី​ថ្ងៃទី​ ៣ ឧសភា បាន​ចេញ​លិខិត​បំភ្លឺ​មួយ ដោយ​ទទួលស្គាល់​ថា​ក្នុង​ ១ ​ថ្ងៃ​លោក​នាំចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ចំនួន​ ៥៥០ ​ក្បាល​ក្នុង​នោះ​ ២៥០ ​ក្បាល​ទទួល​បាន​សិទ្ធិ​បន្ត​ពី​ក្រុមហ៊ុន​អង្គរសុខសែនជ័យ​ឯ.ក និង​ ៣០០ ​ក្បាល​ទៀត​ទទួលបាន​សិទ្ធិ​បន្ត​ពី​ក្រុមហ៊ុន​ចាន់ធូ​មានជ័យ អ៊ីមផត អិចផត​។ ប៉ុន្តែ​លោក​បដិសេធថា​គ្មាន​បំណង​ចង់បាន​ «​សិទ្ធិផ្ដាច់មុខ​» ​នោះទេ​។

ករណី​នេះ​លោក ស្រី វុឌ្ឍី បញ្ជាក់​ថា​៖ «​ក្រសួង​នឹង​បន្ត​ត្រួតពិនិត្យ និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​»​។

បើតាម​លោក​ វុឌ្ឍី បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ ៧ ​ដែល​ទទួលបាន​សិទ្ធិ​នាំចូល​សត្វជ្រូក​រស់​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ ក្រសួង​បានធ្វើ​បច្ចុប្បន្នភាព​នៃ​តម្រូវការ​ក្នុងស្រុក និង​បរិមាណ​នៃ​ការនាំ​ចូល ហើយ​ក៏​បានសម្រេច​កាត់បន្ថយ​ការនាំ​ចូល​ជ្រូក​ប្រមាណ​ ៧០% ពី​គ្រប់​ក្រុមហ៊ុន​ស្របច្បាប់​ទាំងអស់​ស្មើៗ​គ្នា​ព្រម​ទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់​ចលនា​សត្វ​ខុសច្បាប់​ផងដែរ​។ ក្រសួង​ណែនាំ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​នាំចូល​ជ្រូក​មិន​ឲ្យ​លក់​គោលការណ៍​បន្តទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទេ ចៀសវាង​ហានិភ័យ​នៃ​ជំងឺឆ្លង​ផ្សេងៗ​។ បើ​នៅ​បន្ត​ក្រសួង​នឹង​ពិនិត្យ និង​ចាត់វិធានការ​តាម​នីតិវិធី​៕