ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទកាលពីថ្ងៃទី ២០ កញ្ញានេះបានសហការជាមួយក្រុមហ៊ុន ស៊ី.ភី.ខេមបូឌាចំកាត់ក្នុងការរៀបចំកម្មវិធីសិក្ខាសាលាមួយស្តីពី « ជំងឺ និងផលប៉ះពាល់ដល់អាជីវកម្ម» នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។
កម្មវិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបង្ហាញពីវិធីគ្រប់គ្រង និងការពារមេរាគដែលរាតត្បាតពីជំងឺប៉េស្ត ជ្រូកអាហ្វ្រិក ដែលមានការចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម បណ្ឌិត សួន សុ ធឿន អគ្គនាយករងនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ វេជ្ជបណ្ឌិត Roongroje Thanawongnuwech សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្របសុសត្វនៃសកលវិទ្យាល័យ Chulalongkorn លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមជ្រូកកម្ពុជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វឯកជននានា និងកសិករដែលសហការជាមួយក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ជាដើម ។
ជំងឺប៉េស្ត ជ្រូកអាហ្រិ្វកត្រូវបានរាតត្បាត និងកើតឡើងលើសត្វជ្រូកដែលបង្កជាបញ្ហាដល់ប្រជាជនដែលបរិភោគសាច់ជ្រូក ជាពិសេសម្ចាស់កសិដ្ឋានចិញ្ចឹមសត្វជ្រូកក្នុងប្រទេសអាស៊ី ហើយប្រទេសដែលមានជំងឺរាតត្បាតនេះនឹងត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើផ្នែកសេដ្ឋកិច្ច និង សង្គម ។
វីរុសនេះកើតលើទាំងសត្វជ្រូកព្រៃ និងជ្រូកស្រុកដែលជ្រូកព្រៃជាអ្នកផ្ទុក ហើយចម្លងមកជ្រូកស្រុកតាមរយៈការចេញចូលពីកន្លែងមួយទៅកន្លែងមួយទៀត ។ ដូច្នេះអាចនិយាយបានថាសត្វដែលឆ្លងគឺ ៩០ ភាគរយស្លាប់ដោយមិនទាន់មានថ្នាំបង្ការជំងឺនេះនៅឡើយ ។
ឯកឧត្តមបណ្ឌិត សួន សុធឿន អគ្គនាយករងនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានមានប្រសាសន៍ថា៖ ជំងឺនេះជាជំងឺប៉េស្ត ជ្រូកអាហ្រិ្វកបង្កដោយវីរុសដែលធន់នឹងបរិយាកា បរិយាកាសខាងក្រៅវានៅក្នុងលាមកសត្វ កាកសំណល់ ខោអាវដែលស្លៀកពាក់ មធ្យោបាយយានយន្តជាដើម ។ ឧទាហរណ៍៖ ប្រទេសចិនដែលបានចម្លងពីកន្លែងមួយទៅកន្លែងមួយទៀត ។
លោកបន្ថែមថា៖ « យើងជាសមាជិកអង្គការសុខភាពសត្វពិភពលោក យើងមានទំនាក់ទំនងក្នុងការចែកចាយព័ត៌មានលើបញ្ហាសុខភាពសត្វទាំងអស់ ដែលអាចដឹងពីជំងឺ និងវិធានការដើម្បីផ្សព្វផ្សាយដល់ប្រជាជនទូទៅ និងត្រួតពិនិត្យលើបញ្ហាដែលកើតលើសត្វឲ្យទាន់ពេលវេលា ហើយយើងបានសហការជាមួយអង្គការដើម្បីជជែកពិភាក្សាពីបញ្ហាទប់ស្កាត់នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក » ។
លោកបានបញ្ជាក់ថា៖ «ព្រះរាជាណាចក្រកម្ពុជាអត់មានករណីកើតជំងឺប៉េស្ត ជ្រូកអាហ្វ្រិក ប៉ុន្តែទោះបីមិនកើតក៏ដោយ ក៏យើងមានចំណាត់ការបង្កា គ្រប់គ្រងជំងឺនេះជាមុន ដោយការសហការពីវិស័យឯកជនជាមួយក្រសួងរបស់យើង»។
លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមជ្រូកកម្ពុជាបានឲ្យដឹងថា៖ «បញ្ហាសព្វថ្ងៃដែលយើងអាចប្រឈមខ្លាំងគឺបញ្ហានាំចូលសាច់ពីក្រៅប្រទេសដែលអាចបង្កការឆ្លងដ៏ងាយបំផុត ដូច្នេះសូមឲ្យក្រសួងចេញលិខិតបញ្ជាក់ត្រឹមត្រូវមុនពេលនាំចូលសាច់ និងលើកស្ទួយដល់កសិករក្នុងការចិញ្ចឹមសត្វឲ្យគ្រប់នូវតម្រូវការទីផ្សារក្នុងស្រុក»។
ដោយសារជំងឺប៉េស្ត ជ្រូកអាហ្វ្រិកជាជំងឺដែលឆ្លងរាលដាលទៅលើសត្វជ្រូក ហើយវីរុសនេះរស់នៅជុំវិញបរិស្ថានបានយូរ ជំងឺនេះអាចឆ្លងតាមរយៈ៖ (១) ការប៉ះពាល់សំបោរ ទឹកមាត់ ទឹកភ្នែក ទឹកនោម និង លាមកជ្រូកមានជំងឺ (២) ការដកដង្ហើមចូលដែលមានមេរោគក្នុងខ្យល់ (៣) ការស៊ីចំណីដែលជាកាកសំណល់ផ្ទះបាយដែលមានមេរោគ (៤) ជ្រូកព្រៃក៏ជាភ្នាក់ងារចម្លងជំងឺបានតែវាមិនបង្ហាញអាការជំងឺអោយឲ្យឃើញ និង (៥) យានយន្ត សម្លៀកបំពាក់ ឬ ឧបករណ៍ដែលមានមេរោគ។
លោកវេជ្ជបណ្ឌិត Roongroje Thanawongnuwech សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ បសុសត្វនៃសាកលវិទ្យាល័យ Chulalongkorn មានប្រសាសន៍ថា៖ «មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការជំងឺនេះនៅពេលយើងនិយាយវាងាយស្រួលណាស់ ប៉ុន្តែក្នុងការគ្រប់គ្រងផ្នែកបច្ចេកទេស វាពិបាកណាស់ ។ មនុស្សគឺជាអ្នកដែលនាំជំងឺនេះពីកន្លែងមួយទៅកន្លែងមួយទៀត។ ឧទាហរណ៍ ប្រសិនបើប្រជាជនចិនធ្វើដំណើរ និងនាំយកសាច់ជ្រូក ឬអាហារដែលនៅសល់នោះវានឹងឆ្លង»។
លោកបន្តថា៖ «ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា និងឧស្សាហកម្មជលផលត្រូវការការពាររាល់ការនាំចូលផលិតផល និងបញ្ឈប់ការនាំយកផលិតផលសាច់មួយចំនួនពីប្រទេសដែលមានជំងឺប្រភេទនេះ»។
សម្រាប់ការគ្រប់គ្រងប្រសិនបើអ្នកបានរកឃើញជំងឺនេះអ្នកត្រូវរកដំណោះស្រាយឱ្យបានឆាប់ ដើម្បីបញ្ឈប់ជំងឺនេះមិនឱ្យរីករាលដាលនៅក្នុងប្រទេស។ លោកវេជ្ជបណ្ឌិត Roongroje ថា៖ «ខ្ញុំគិតថារដ្ឋាភិបាលត្រូវត្រៀមខ្លួន ហើយសុំការសហការឲ្យមានការការពារ ព្រោះបណ្តាប្រទេសអាស៊ីមិនទាន់មានជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡើយទេ»។
អាការជំងឺនេះមានកំណត់សម្គាល់ដូចជា៖ ជ្រូកឡើងកម្តៅខ្ពស់ស្បែកឡើងក្រហមមានកន្ទួលឈាមហើយមានស្នាមជាំលើស្លឹកត្រចៀក ពោះ និងជើងក្រោយមានអាការពិបាកក្នុងការដកដង្ហើមជួបប្រទះអាការខាងប្រព័ន្ធរំលាយអាហារ លាមក រាកមានលាយឈាមជ្រូកមានការរលូតកូន ឬកូនកើតមកភ្លាមងាប់ភ្លាម ជ្រូកអាចងាប់ភ្លាមៗដោយមិនមានរោគសញ្ញាអ្វីទាំងអស់។
ដូច្នេះការគ្រប់គ្រង និងការការពារមេរោគមានដូចជា៖ អនុវត្តតាមជីវៈសុវត្ថិភាពរបស់កសិដ្ឋានពេលចេញចូលកសិដ្ឋានគួរសម្អាតខ្លួនប្រាណ កក់សក់ ប្តូរសម្លៀកបំពាក់ ស្បែកជើង និង ជ្រលក់ទឹកថ្នាំសម្លាប់មេរោគពង្រឹងច្បាប់ក្នុងការចេញចូលកសិដ្ឋានគ្មានការទិញ លក់ ឬ នាំសត្វជ្រូកចូលដោយមិនមានប្រភពច្បាស់លាស់ ធ្វើការសម្អាតកសិដ្ឋានដោយបាញ់ថ្នាំសម្លាប់មេរោគបាញ់ថ្នាំសម្លាប់មេរោគលើយានជំនិះមុនចេញចូលកសិដ្ឋានចៀសវាងក្នុងការនាំផលិតផលសាច់ជ្រូកចូលក្នុងកសិដ្ឋាន និងចៀសវាងការឲ្យចំណីជ្រូកជាកាកសំណល់ផ្ទះបាយ ។
គួរបញ្ជាក់ដែរថាប្រសិនបើសត្វជ្រូកឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនឹងធ្វើឲ្យសត្វជ្រូកងាប់ជាច្រើន (អាចនឹងមានអត្រាងាប់ ១០០ ភាគរយ) ដែលជំងឺនេះមិនទាន់មានវ៉ាក់សាំង និង វិធីព្យាបាលនៅឡើយទេ ប៉ុន្តែវាជាជំងឺដែលមិនឆ្លងទៅមនុស្ស៕