ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ច្រានចោល​ការផ្សាយ​របស់​លោក សោម ឆាយ៉ា អគ្គនាយករង​ទូរទស្សន៍ PNN ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ពាក់ព័ន្ធ​នឹង​ប្រធានបទ «ហេតុអ្វី នៅតែ​នាំចូល​បន្លែ​ពី​ក្រៅប្រទេស»។

ក្រសួង​កសិកម្ម​ចាត់ទុក ការអធិប្បាយ​នេះ​ថា ជា​ការបញ្ចេញ​ទស្សនៈ​មិន​គ្រប់​ជ្រុងជ្រោយ ខ្វះ​ការយល់ដឹង​ពី​ស្ថានភាព និង​មិនបាន​មើលឃើញ​សកម្មភាព​ជាក់ស្តែង​របស់​ប្រជាកសិករ​នោះទេ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម ចេញផ្សាយ​នៅ​ថ្ងៃទី ២១ ខែមេសា បញ្ជាក់ថា លោក​ សោម ឆាយ៉ា បានធ្វើការ​ប្រៀបធៀប​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ទៀតផង។

មិន​ខុសពី​ទ្រឹស្តី​មួយ​ថា៖ «ឮ ១០០ ដង មិន​ស្មើ​បានឃើញ​ម្តង ឃើញ ១០០ ដង មិន​ស្មើ​បាន​ធ្វើ​ម្តង»។

នេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ពិសេស​មន្ត្រី​ជំនាញ​បច្ចេកទេស ដែល​បាននិង​កំពុង​ធ្វើ​សកម្មភាព មិន​ខ្លាច​នឿយហត់​នៅ​មូលដ្ឋាន ជាមួយ​ប្រជាកសិករ​ក្នុង​ការបង្កើន​ផលិតភាព និង​ពិពិធកម្ម​កសិកម្ម។

ក្រសួង​បញ្ជាក់ថា កម្ពុជា​មិនមែន​នាំចូល​បន្លែ​គ្រប់មុខ​នោះទេ ពោល​គឺ​នាំចូល​តែ​ប្រភេទ​បន្លែ​តំបន់​ត្រជាក់​មួយ​ចំនួន ដែល​ពិបាក​ដាំ​នៅ​កម្ពុជា និង​នៅ​រដូវវស្សា ដែល​មិនមាន​លក្ខណៈ​អំណោយផល​សម្រាប់​ផលិតកម្ម។

លោក​ សោម ឆាយ៉ា ថ្លែងថា លោក​ទទួលស្គាល់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​កសិកម្ម​កន្លងមក​ជាមួយ​ប្រជាកសិករ​ក្នុង​ការបង្កើន​ផលិតភាព និង​ពិពិធកម្ម​កសិកម្ម​របស់​កម្ពុជា។

លោក​ថា គោលបំណង​ដែល​លោក​ធ្វើ​អត្ថាធិប្បាយ គឺ​ចង់​ឲ្យ​មាន​ការកាត់បន្ថយ​ការនាំ​ចូល​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​កសិករ​ក្នុងស្រុក​ដាំ​លក់បាន​កម្រៃ​ខ្ពស់។

បើតាម​ក្រសួង​កសិកម្ម បច្ចុប្បន្ន មិនមែន​ខ្វះ​ផលិតផល​បន្លែ​ក្នុងស្រុក​ទេ ផ្ទុយទៅវិញ​កសិករ​ដាំ​បន្លែ និង​ប្រជាកសិករ​ជាច្រើន​កំពុង​ប្រមូលផល​បន្លែ។ ប៉ុន្តែ​លំបាក​ដឹក​មក​លក់​នៅ​ភ្នំពេញ ដោយសារ​វិធាន​ការបិទ​ខ្ទប់​ការ​រាលដាល​ជំងឺ​កូវីដ១៩។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​តំណាង​កសិករ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​ឲ្យ​ដឹងថា នៅ​អំឡុងពេល​បិទខ្ទប់​នេះ កសិករ​ពិបាក​លក់​បន្លែ​ដោយសារ​ចំនួន​អ្នកប្រមូល​ទិញ​បន្លែ​ថយចុះ។ នៅ​ផ្សារអ៊ីអន ផ្សារ​ភូមិកសិកម្ម​ធម្មជាតិ និង​ហាង​ផ្សារ​ខ្មែរ​បន្លែ​ធម្មជាតិ លក់​បន្លែ​សុវត្ថិភាព​គ្មាន​ជាតិគីមី។

ខ្លះទៀត​ក៏​ពុំ​មាន​បន្លែ​លក់​គ្រប់គ្រាន់​ដែរ ដោយសារ​មាន​ការបិទផ្លូវ ពិបាក​ដឹកយក​មក​ភ្នំពេញ។

ជាពិសេស​ក្រុម​កសិករ​នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្តកណ្តាល ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​ផ្សារ​ទាំងនេះ៕