ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ណែនាំ​ដល់​មន្ត្រី​ជំនាញ​កសិកម្ម​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ត្រូវ​អនុវត្ត និង​ចូលរួម​សហការ​ជាមួយ​អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ កុំ​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​ដុំ​ពក​ស្បែកគោ ក្របី ចូល​មក​កម្ពុជា។

សេចក្តី​ជូន​ដំណឹង​របស់​លោក វេង សាខុន នៅ​ថ្ងៃ ២១ ខែ​ឧសភា​នេះ បាន​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មន្ទីរ​កសិកម្ម និង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី-ខេត្ត ជា​ពិសេស​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ត្រូវ​ធ្វើ​ការ​តាមដាន ស្រាវជ្រាវ​ឱ្យ​បាន​ហ្មត់ចត់ និង​ជា​ប្រចាំ​លើ​សុខភាព​សត្វ គោ​ក្របី នៅ​ទូទាំង​ប្រទេស និង​ត្រូវ​អនុវត្ត​វិធានការ​ជីវសុវត្ថិភាព អនាម័យ នៅ​គ្រប់​ទីកន្លែង​ចិញ្ចឹម កន្លែង​ប្រមូល​ផ្តុំ និង​ទីផ្សារ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ក៏​ត្រូវ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​អនាម័យ​សាច់ និង​ផលិតផល​សត្វ ព្រម​ទាំង​ធ្វើ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​យល់ដឹង​ពី​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី និង​ចូលរួម​អនុវត្ត​វិធានការ​ឲ្យ​បាន​ត្រឹមត្រូវ។

លោក វេង សាខុន បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ទប់ស្កាត់​ការ​នាំចូល​គោ ក្របី​រស់ និង​ផលិត​ផល​គោ ក្របី ទឹក​មេ​ជីវិត​បង្កក គ្រប់​ប្រភេទ​ដែល​ខុស​ច្បាប់ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ជាពិសេ​សមត្ថកិច្ច​នៅ​តាម​ព្រំដែន។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា៖ «ពង្រឹង​ការ​ត្រួត​ពិនិត្យ​រាល់​ការ​ចរាចរណ៍​សត្វ​គោ ក្របី​រស់ ទឹក​មេ​ជីវិត​បង្កក និង​ផលិតផល​សាច់​គោ ក្របី ដែល​នាំចូល​ត្រូវ​មាន​វិញ្ញាបនបត្រ​អនាម័យ​ពី​ប្រទេស​នាំចេញ និង​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ សុខភាព​សត្វ និង​ការ​ធ្វើ​ចត្តាឡីស័ក​ពី​មន្ត្រី​ជំនាញ​បសុពេទ្យ»។

ជាមួយ​គ្នា​នោះ​ ត្រូវ​បង្កើន​ការ​អង្កេត​តាម​ដាន និង​ឃ្លាំមើល​សកម្មភាព​សត្វ​គោ ក្របី​តាម​មូល​ដ្ឋាន​កន្លែង​ចិញ្ចឹម​សត្វ តាម​កសិដ្ឋាន​ជា​ប្រចាំ​ព្រម​ទាំង​ធ្វើ​ការ​ប្រមូល​សំណាក​ដែល​សង្ស័យ​រួច​បញ្ជូន​មក​មន្ទីរ​ពិសោសធន៍​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​រក​មេរោគ​ដោយ​អនុវត្តវិធាន បសុពេទ្យ ឲ្យ​បាន​ទាន់​ពេលវេលា។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក៏​បាន​ប្រាប់​ឱ្យ​មន្ត្រី​បសុសត្វ ធ្វើ​ការ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ អ្នក​ចិញ្ចឹម​សត្វ​គោ ក្របី​គ្រប់​កម្រិត​ពី​ការ​រៀបចំ ទ្រុង ការ​ថែទាំ ការ​ផ្តល់​ទឹក​ និង​ចំណី ការ​អនុវត្ត​វិធានការ​អនាម័យ ការ​តាម​ដាន​សុខភាព​សត្វ និង​ការ​អនុវត្ត​វិធាន​ជីវសុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​រាយការណ៍​នូវ​ករណី​សង្ស័យ​នៃ​ជំងឺ​ដុំ​ពក​ស្បែកគោ ក្របី។

លោក​ថ្លែង​ថា៖ «ត្រូវ​លុប​បំបាត់​ភ្នាក់ងារ​ចម្លង​មេរោគ​ដូចជា ពពួក​សត្វ​បឺត​ជញ្ជក់​ឈាម មាន​មូស រុយ តាបោម ដង្កែ ជាដើម តាមរយៈ​ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់ ការ​ដាក់មុង ការ​ប្រើប្រាស់​អំពូល​ភ្លើង​ឆក់ ឬ​បណ្តេញ​សត្វ​ល្អិត ការ​ដុត​សំរាម បណ្តេញ​សត្វ​ល្អិត និង​ការ​ប្រមូល​កាក​សំណល់​ដូចជា​សំរាម សម្បក​កង់​ឡាន​ចាស់ៗ ដើម្បី​ដុត ឬ​កប់​ចោល» ។

ក្រៅ​ពី​នោះ ត្រូវ​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ស្បែក​គោ​ក្របី ក្នុង​ករណី​ចាំបាច់ និង​ពិសោធន៍​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​កសិកម្ម​បញ្ជាក់​ថា មេរោគ​បង្ក​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី​នេះ មាន​ភាព​ធន់​នៅ​ក្នុង​បរិស្ថាន និង​អាច​រស់នៅ​បាន​ក្នុង​ក្រម៉រ​ស្បែក​ស្ងួត​រហូត​ដល់ ៣ ខែ និង​រហូត​ដល់ ៦ ខែ ​នៅ​ក្នុង​ទ្រុង​សត្វ​កខ្វក់ និង​គ្មាន​ពន្លឺ​ចេញ​ចូល​គ្រប់គ្រាន់។

មេរោគ​នេះ អាច​រស់នៅ​ក្នុង PH ពី ៦,៣ ទៅ ៨,៣ ហើយ​នឹង​ងាយ​ងាប់​ដោយ​ពន្លឺ​ថ្ងៃ ជាតិ​អាស៊ីត ជាតិ​បាស​ខ្ពស់ និង​បញ្ឈប់​សកម្មភាព​នៅ​សីតុណ្ហភាព ៥៥ អង្សាសេ ក្នុង​រយៈពេល ២ ម៉ោង ៦០ អង្សាសេ រយៈពេល ១ ម៉ោង និង ៦៥ អស្សាសេ​ក្នុង​រយៈពេល ៣០ នាទី និង​ងាយ​កម្ចាត់​ដោយ​ប្រើ​ទឹក​សាប៊ូ៕