ភ្នំពេញៈ ​លោក ​វេង សាខុន ​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ បាន​បង្ហាញ​ភាព​ជោគ​ជ័យ​ក្នុង​កិច្ច​ប្រជុំ​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​វីដេអូក្នុង​កិច្ច​ប្រជុំ​លើក​ទី​៤២ ​រដ្ឋ​មន្រ្តី​កសិកម្ម​និង​ព្រៃឈើ​អា​ស៊ាន ក៏ដូចជា កិច្ច​ប្រជុំ​លើក​ទី២០ រដ្ឋមន្រ្តី​កសិ​កម្មនិង​ព្រៃ​ឈើ​អាស៊ានបូក ​៣ ​(ចិន ​កូរ៉េ ​និង​ជប៉ុន)​ និង​កិច្ច​ប្រជុំ​លើក​ទី៦​ រដ្ឋ​មន្រ្តី​កសិកម្ម ​និង​ព្រៃ​ឈើ​អាស៊ាន ​បូក ឥណ្ឌា​។

​ដោយ​បាន​ប្រកាស​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​​នៅលើ​ហ្វេស​ប៊ុក​របស់​លោក​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​កាល​ពី​ទី ២១ តុលា​​ លោក ​វេង សាខុន ​បាន​បង្ហាញ​ថា កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​បូក ៣​ (ចិន​ កូរ៉េ ​និង​ជប៉ុន)​ បាន​សម្រេច​លើ​ការ​បន្ត​ពង្រឹង​សន្តិ​សុខ​ស្បៀង ​ការ​គ្រប់​គ្រង​ព្រៃឈើ​ប្រកប​ដោយ​ចីរភាព ការ​កាត់​បន្ថយនិង​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាស​ធាតុ ​ការ​ត្រួត​ពិនិត្យ​ជំងឺ ​និង​សុខ​ភាព​សត្វ ​និង​រុក្ខ​ជាតិ​ ការ​កសាង​សមត្ថ​ភាព និង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ​ការ​ពង្រឹង​ប្រព័ន្ធព័​ត៌មាន ​និង​បណ្តាញ​ផ្ដល់​និង​ផ្លាស់​ប្ដូរ​ចំណេះដឹង ​ការធ្វើ​ឲ្យប្រសើរ​ឡើង​នូវ​ផលិត​ភាព គុណ​ភាព​ និង​ប្រព័ន្ធ​ទីផ្សារ​ផលិត​ផល​កសិកម្ម​និង​ ការ​ស្រាវ​ជ្រាវ​ និង​អភិ​វឌ្ឍន៍​។

លោករដ្ឋ​មន្រ្ដី​បាន​បន្ត​ថា​៖ «​​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​កសិកម្ម​និង​ព្រៃ​ឈើអាស៊ាន​បូក​ ៣ ​ដដែល​នេះ បាន​សម្រេច​ខិត​ខំជំរុញ​ឱ្យ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​ការ​អនុវត្ត​គម្រោង​ប្រព័ន្ធ​ដើម្បី​ជួយ​បង្កើន​តម្លៃ​បន្ថែម​ដល់​ផលិត​ផល​កសិកម្ម​របស់​កសិក​រខ្នាត​តូច​។តាម​រយៈ​កិច្ចព្រម​ព្រៀង​អាស៊ាន​បូក​៣​ស្តីពីការ​ត្រៀម​បម្រុង​អង្ករ​សង្រ្គោះ​បន្ទាន់​ដោយ​ទឹក​ជំនន់​និង​គ្រោះ​រាំង​ស្ងួត​នៅ​ឆ្នាំ ២០២០ នេះ​ កម្ពុជានឹង​ទទួល​បាន​អង្ករ​ចំនួន​៣០០តោន​ពី​រដ្ឋា​ភិបាល​ជប៉ុន​»។

ចំណែក​លទ្ធផល​នៃកិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​កសិកម្ម​ និង​ព្រៃ​ឈើអា​ស៊ាន​បូកឥណ្ឌា​វិញ​ លោក​ វេង សាខុន ​បាន​ឲ្យដឹងថា​ កិច្ច​ប្រជុំនេះ​ឯក​ភាព​លើ​ផែន​ការ​សកម្ម​ភាព​រយៈ​ពេល​មធ្យម​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិការ​អាស៊ាន​-ឥណ្ឌា​ លើ​វិស័យ​កសិកម្ម​និង​ព្រៃ​ឈើ​ឆ្នាំ​ ២០២១-២០២៥​។

លោក​រដ្ឋ​មន្រ្ដី​ថ្លែង​ថា​៖ «​យើង​ក៏​បាន​ដាក់​ភារកិច្ច​ដល់​ឧត្ដម​មន្រ្តី​របស់​យើង​អនុ​វត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​ផែន​ការ​សកម្ម​ភាព​ជាពិ​សេស​គម្រោង​អាទិ​ភាព​ដែល​ទាក់​ទង​នឹង​អាហា​រូបករណ៍​ អាស៊ាន​-ឥណ្ឌា ​សម្រាប់​ការ​សិក្សា​កម្រិត​ខ្ពស់​អំពី​កសិកម្ម​។​ ការ​ផ្លាស់​ប្ដូរ​ទស្សន​កិច្ច​សិក្សា​សម្រាប់​កសិករ​នៅ​អាស៊ាន​និង​ឥណ្ឌា ​កសិកម្ម​មាន​ភាព​វៃឆ្លាត​ជា​មួយ​នឹង​អាកាស​ធាតុ​ការ​ប្រើ​ប្រាស់​រ៉ូបូតនិង​ដ្រូន​ក្នុងផលិត​កម្មក​សិកម្ម​ និង​រលក​អេឡិច​ត្រូម៉ាញេ​ទិច​ក្នុង​ការកែ​ច្នៃ​ម្ហូប​អាហារ​ ការលើក​កម្ពស់​ការ​ប្រើ​បច្ចេក​វិទ្យា ក្រោយ​ពេល​ប្រមូល​ផល​សម្រាប់​ផ្លែ​ឈើ ​និង​បន្លែ ​និង​ការ​គ្រប់​គ្រង​សុខ​ភាព​និង​ជំងឺ​ឆ្លង​ដែន​ក្នុង​វិស័យ​កសិកម្ម​»។

ជា​មួយ​គ្នានេះ​ លោក​ វេង សាខុន បាន​ឲ្យដឹ​ង​ទៀតថា​ ក្នុង​កិច្ច​ប្រជុំ​ដ៏មាន​សារៈ​សំខាន់​ ​រដ្ឋ​មន្រ្តី​កសិកម្ម ​និង​ព្រៃឈើអាស៊ាន​លើក​ទី​៤២​ និង​កិច្ច​ប្រជុំ​អម​ជា​មួយ​ផ្សេង​ទៀត​បាន​ពិនិត្យនិង​ពិភាក្សា​លើ​ការផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ទូទៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះ​ពាល់​ពី​ជងឺ​កូវីដ​ ១៩​ លើ​វិស័យ​ចំណី​អាហារ កសិកម្ម ​និង​ព្រៃឈើ ​និង​ពិភាក្សា​លើ​លទ្ធ​ភាព​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​រាត​ត្បាត​ និង​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្រោយ​ពេល​ប​ញ្ចប់​ការ​រាត​ត្បាត​ជំងឺ​កូវីដ​ ១៩​។

លោក ស្រី វុឌ្ឍី អ្នក​នាំពាក្យ ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ បាន​ថ្លែង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ នៅថ្ងៃនេះ​​ថា តាម​រយៈ​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​កសិកម្ម​និង​ព្រៃឈើ​អាស៊ា គឺ​បាន​អនុម័ត​រួម​គ្នា​ទៅលើ​ឯកសារ​ជាច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​​កសិ​កម្ម​និង​ព្រៃឈើជាមួយ​ប្រ​ទេស​អាស៊ានទាំង ​១០ ប្រទេស​អាស៊ាន​បូក ៣ និង​ប្រ​ទេស​ឥណ្ឌា​។

លោក​ថ្លែង​ថា​៖ «​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​កសិកម្ម​និង​ព្រៃឈើ​អាស៊ាន​លើក​ទី​៤២ ​បា​ន​ជជែក​គ្នា​លើ​ការ​ត្រួត​ពិ​និត្យ​ពាក់​កណ្តាល​អាណត្តិ​នៃ​ការ​អនុ​វត្ត​ចក្ខុ​វិស័យ​និង​ផែន​ការ​យុទ្ធ​សាស្ត្រ​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អាស៊ាន​លើ​វិ​ស័យស្បៀ​ង​ កសិកម្ម ​និង​ព្រៃឈើ​ឆ្នាំ ​២០១៦-២០២៥​ និង​ផែន​ការ​សកម្ម​ភាព​តាម​វិស័យ​ឆ្នាំ​ ២០១៦-២០២០​។​ កិច្ច​ការអាទិភាព​ទាក់​ទង​នឹង​វិស័យ​ស្បៀង ​កសិ​កម្ម ​និង​ព្រៃ​ឈើ​ដែល​នឹង​អាច​សម្រេច​បាន​នៅ​ក្នុង​ឆ្នាំ​ ២០២១​។​ ក្រប​ខ័ណ្ឌ​សមាហរណកម្ម​សន្តិ​សុខ​ស្បៀង​អាស៊ាន ​និង​ផែន​ការ​សកម្ម​ភាព​យុទ្ធ​សាស្ត្រ​សន្ដិសុខ​ស្បៀងឆ្នាំ ២០២១-២០២៥ ជាដើម»​៕