ព្រះវិហារៈ ​ក្រសួង​កសិ​កម្ម​បានបញ្ឈប់​អាជ្ញាប័ណ្ណ​​របស់​ក្រុម​ហ៊ុនដួង ​ស្រួច ដែល​ប្រមូល​ផល​ អនុ​ផល​ព្រៃ​ឈើ​​លើ​ដី​សម្ប​ទាន​សង្គម​កិច្ច ​នៅ​ក្នុង​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ ​បន្ទាប់ពី​ក្រុម​ហ៊ុន​មួយ​នេះ​ខក​ខាន​មិន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ក​សាង​ផ្លូវ​សម្រាប់​អ្នក​ស្រុក។

​យោង​តាម​អ​ភិបាល​ស្រុក ​ជាំ​ក្សាន្ត ​លោក ​ជា​ គឹម​សេង ​បាន​ឱ្យ​ដឹង​ថា ​ពី​ដំបូង​ ដី​នេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​សហ​គមន៍​ជា​ដី​សម្ប​ទាន​សង្គម​កិច្ច​ ដើម្បី​កសាង​ភូមិ​ថ្មី​មួយ​និង​ផ្លូវ​ចូល​ ទៅ​កាន់​តំបន់​នោះ​។​ អាជ្ញា​ធរ​មូល​ដ្ឋាន​មិន​មាន​លទ្ធ​ភាព​ឈួ​ស​ឆាយ​សម្អាត​ដី​នោះ​ទេ​ ដូច្នេះ​ហើយ​ក៏​បាន​ចុះកិច្ច​សន្យា​សហ​ការ​ជាមួយ​ក្រុម​ហ៊ុន​​នឹង​ការ​កសាង​ផ្លូវ​ផង​ដែរ។​

​ក្រសួង​កសិ​កម្ម​បាន​ផ្តល់​អាជ្ញា​ប័ណ្ណ​ឲ្យ​ក្រុម​ហ៊ុន ​ដួង ​ស្រួច ​ប្រមូល​ផល ​អនុផល​ព្រៃ​ឈើ​​​នៅ​តំបន់​នោះ ​ប៉ុន្តែ​ លោក ​គឹម​ សេង​ បាន​អះអាង​ថា ​ក្រុម​ហ៊ុន​បាន​ជម្រះ​ព្រៃ​អស់​ហើយ​​​ប៉ុន្តែ​ផ្លូវ​មិន​ដែល​បាន​ធ្វើ​ទេ។​

​លោក​ គឹម​សេង ថ្លែង​ថា ​​មិន​មែន​ជា​អភិ​បាល​ស្រុក​ទេ​នៅ​ពេល​គេ​ចុះ​កិច្ច​ព្រម​ព្រៀង​នោះ​ ព្រោះ​​វា​ត្រូវបាន​ធ្វើ​ឡើង ​កាល​ពី ៦ ​ឆ្នាំ​មុន​​ យោង​តាម​ការ​ពិនិត្យ​មើល​កំណត់​ត្រា​ចាស់ៗ​។

លោក​ គឹម​សេង​ ថ្លែង​ថា៖«ខ្ញុំ​បាន​ពិនិត្យ​មើល​ច្បាប់​និង​លក្ខ​ខណ្ឌ​របស់​ពួក​គេ​ឡើង​វិញ ​ហើយ​ក្រុម​ហ៊ុន​បាន​​សន្យា​ថា​នឹង​សាង​សង់​ផ្លូវ​មួយ​ខ្សែ...​.. ប៉ុន្តែ​ ពួក​គេ​មិន​បាន​អនុ​វត្ត​តាម​លក្ខ​ខណ្ឌរ​បស់​ពួក​គេ​ដែល​បាន​សន្យា​ទេ​ ដូច្នេះ​ហើយ ​ខ្ញុំ​បាន​ជម្រាប​ទៅ​អភិ​បាល​ខេត្ត»​។​

លោក​ គឹម​សេង​ បាន​បន្ថែម​ថា​ក្រុម​ហ៊ុន​នោះ​បាន​ប្រ​មូល​ផល ​អនុ​ផល​ព្រៃ​ឈើ​ លើ​ផ្ទៃ​ដី​ចំនួន​១៥៤៤​ហិកតា​។​

​ពី​ដំ​បូង ​លោក ​គឹម​សេង ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អភិ​បាល​ខេត្ត​ នៅ​ខែ​ ឧស​ភា ​ឆ្នាំ ២០១៧ ​ ប៉ុន្តែ​រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​ លោក ​វេ​ង​ សា​ខុន ​មិន​បាន​បញ្ឈប់​អាជ្ញា​ប័ណ្ណ​ទេ​រហូត​ដល់​​ថ្ងៃទី ​១១​ ខែ​មករា។​ ​ឥឡូវ​នេះ​តំបន់​នោះ​ត្រូវបាន​ជម្រះ​ព្រៃ​រួច​រាល់​អស់​ហើយ​ដូច្នេះ​អាជ្ញា​ធរ​មូល​ដ្ឋាន​នឹង​សាង​សង់​ផ្លូវ​នោះ​ដោយ​ខ្លួន​ឯង​និង​អនុ​ញ្ញាត​ឱ្យ​អ្នក​ភូមិ​ប្រមាណ​ ៧០០ នាក់​​អាច​ផ្លាស់​ទី​លំ​នៅ​ទៅ​កាន់​តំបន់​នោះ​បាន។​

​លោក​ កែវ​ អ៊ុំ​ម៉ាលី​ស​ អនុ​ប្រធាន​ក្រសួង​កសិ​កម្ម​ថ្លែង​ថា ​ជាទូទៅ ​ដី​សម្ប​ទាន​សង្គម​កិច្ច​គឺ​ត្រូវ​ផ្តល់​ឱ្យតែ​ប្រជា​ព​ល​រដ្ឋ​ក្រីក្រ​ឬ​ទា​ហ៊ាន​ប៉ុណ្ណោះ​ហើយ​ការ​ម្រេច​ចិត្ត​ណា​មួយ​ទៅ​លើ​ក្រុម​ហ៊ុន​ឯកជន​គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ខេត្ត​តែមួយ​ប៉ុណ្ណោះ។

ក្រុម​ហ៊ុន​ដួង​ស្រួច​មិន​អាច​ទាក់ទង​បានទេ ​កាលពី​ពុធ ​​ហើយ ​វា​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ក្រុមហ៊ុន​នឹង​ប្រឈម​ផល​វិបាក​អ្វីខ្លះ​នោះ។ ហើយ​វា​ក៏​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​នៅឯ​ខេត្ត​មណ្ឌល​គិរី ​ផង​ដែរ​ ដែល​កម្មករ​ជា​ជន​សង្ស័យ​ចំនួន​ប្រាំ​បីនាក់​ត្រូវបាន​ចាប់​ខ្លួន​ពីបទ​កាប់​ឈើ​ខុស​ច្បាប់៕ NS