ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ព្រមាន​ដល់​ប្រជា​នេសាទ​អំពី​ការ​ប្រឈម​មុខ​នឹង​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ៣ ឆ្នាំ​ទៅ ៥ ឆ្នាំ​តាម​បញ្ញត្តិ​មាត្រា ៩៨ នៃ​ច្បាប់​ស្ដីពី​ជល​ផល ប្រសិន​បើ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ខណៈ​ឧបករណ៍​ល្មើស​ទំនើបៗ​កំពុង​ត្រូវ​បាន​គេ​យក​មក​ប្រើ។ នេះ​បើ​តាម​សារាចរ​ណែនាំ​របស់​ក្រសួង និង​មន្ត្រី​ជំនាញ។

តាម​សារាចរ​ណែនាំ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចុះ​ថ្ងៃទី១៥ ខែ​មករា ឆ្នាំ ២០១៩ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​បង្ហាញ​ពី «វិធានការ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ជល​ផល​ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ លប​កន្ទុយ​កណ្តុរ ឬ​លប​ពោះវៀន​ជ្រូក​ឬ​លប​ប្រឹស ១០០» ជា​អ្វីដែល​មន្ត្រី​ជំនាញ​ថា មាន​ប្រជា​នេសាទ​យក​មក​ប្រើ​នា​ពេល​បច្ចុប្បន្ន។

លោក ហុង ហ៊ី ប្រធាន​រដ្ឋបាល​នៃ​រដ្ឋបាល​ជលផល​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លប​កន្ទុយ​កណ្តុរ​ឬ​លប​ពោះវៀន​ជ្រូក​ឬ​លប​ប្រឹស ១០០ ជា​ប្រភេទ​ឧបករណ៍​នេសាទ​ទំនើប ដែល​ទើប​ត្រូវ​បាន​គេ​បង្កើត​ថ្មីអាច​បត់​ឬ​លាត​សន្ធឹង​បាន​ដោយ​ស្រួល​មាន​រាង ៤ ជ្រុង​ទ្រវែង​និង​រួម​តូច​នៅ​ផ្នែក​ខាង​ចុង។ វា​ត្រូវ​បាន​គេ​រចនា​ឡើង​ពី​សរសៃ​អួន និង​មាន​ប្រឹស​ច្រើន​ធ្វើ​ពី​លោហ​ធាតុ​នៅ​តាម​កង់​ឬ​ផ្នត់​នីមួយៗនៃ​តួ​លប​អាស្រ័យ​តាម​ប្រវែង​និង​ទំហំ​នៃ​លប​នោះ។

លោក​បញ្ជាក់ថា៖ «បើតាមការសិក្សា​ស្រាវជ្រាវ ឧបករណ៍​នេសាទ​នេះ មាន​ប្រភព​មក​ពី​ប្រទេស​ចិន និង​វៀតណាម។ បន្ទាប់​មក​យើង​ឃើញ​មាន​តែ​ប្រជា​នេសាទ​សមុទ្រ​ប៉ុណ្ណោះ​ទេ​ដែល​ប្រើ​ឧបករណ៍​នេសាទ​លប​កន្ទុយ​កណ្តុរ​ឬ​លប​ពោះវៀន​ជ្រូក​ឬ​លប​ប្រឹស ១០០ នេះ។ ប៉ុន្តែ​ឥឡូវ​នេះ ប្រជា​នេសាទ​ទឹកសាប​របស់​យើង​មួយ​ចំនួន​បាន​និង​កំពុង​ប្រើ​វា​យ៉ាង​អនាធិប​តេយ្យ​តាម​ដង​ទន្លេ»។

ទោះជា​យ៉ាងណា នៅក្នុង​សារាចរ​ណែនាំ​នេះ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​គូស​បញ្ជាក់​ថា ឧបករណ៍​នេសាទ​ប្រភេទ​លប​ទំនើប​នេះ​ពុំ​មាន​ចែង​ក្នុង​ប្រកាស​របស់​ក្រសួង​ទេ ជាហេតុ​នាំ​ឲ្យ​ការ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​នេសាទ​ពុំទាន់​ទទួល​បាន​ប្រសិទ្ធ​ភាព ប៉ុន្តែ​លោក​បារម្ភ​ពី​ការ​ប្រើ​ឧបករណ៍​ទាំង​ក្នុង​សមុទ្រ និង​ទន្លេ។

លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​លើកឡើងថា ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ជល​ផល​ខាង​លើ​ឲ្យ​មាន​ប្រសិទ្ធ​ភាព និង​ធានា​បាន​និរន្តរភាព​ធនធាន​ជល​ផល​គឺ​សមត្ថកិច្ច​គ្រប់​ថ្នាក់​ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​ការ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ ពិសេស​ប្រជា​សហគមន៍​នេសាទ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើប្រាស់​នូវឧបករណ៍​លប​ខាង​លើ​នេះ​រួម​ទាំង​ឧបករណ៍​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន​ទៀត ដែល​មាន​ចែងក្នុង​ប្រកាស​របស់​ក្រសួង​នា​ពេល​កន្លង​មក។

បើតាម​សារាចរ​ណែនាំ​នេះសមត្ថកិច្ច​នៃ​រដ្ឋបាល​ជលផលត្រូវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ដោយ​ប្រើ​លប​កន្ទុយ​កណ្ដុរ​ឬ​លប​ពោះវៀន​ជ្រូក​ឬ​លប​ប្រឹស ១០០ ពោល​គឺ​ត្រូវ​រុះរើ និង​បំផ្លាញ​ចោល​នៅ​កន្លែង​កើត​ហេតុ និង​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់។

លោក​ ហុង ហ៊ី ក៏បាន​បញ្ជាក់ដែរថា៖ «តាម​សារាចរ​ណែនាំ​នេះ​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​ចោទ​ប្រកាន់​ជន​ប្រព្រឹត្ត​បទ​ល្មើស​ដែល​ប្រើប្រាស់​ឧបករណ៍​លប​ដ៏​ទំនើប​ខាង​លើ​នេះ​តាម​មាត្រា ២០ ចំណុច ១៤ នៃ​ច្បាប់​ស្ដីពី​ជល​ផល​ដែល​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា ៩៨ ចំណុច​ទី ៦ នៃ​ច្បាប់​ជលផល។បើ​យោង​តាម​មាត្រា ៩៨ នៃ​ច្បាប់​ជល​ផល​ជន​ប្រព្រឹត្ត​បទ​ល្មើស​ត្រូវ​ប្រឈម​ការ​ផ្តន្ទា​ទោស​ជាប់​ពន្ធនាគារ​ពី ៣ ឆ្នាំ​ទៅ ៥ ឆ្នាំ»។

លោក សៅ កុសល ប្រធាន​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្ត​តាកែវ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ថា​ឧបករណ៍​នេសាទ​ទំនើប​នេះ​ត្រូវ​បាន​ប្រជា​នេសាទ​កម្ពុជា​ទិញ​ពី​ប្រទេស​វៀតណាម​ហើយ​ក្រុម​ប្រជា​នេសាទ​នៅ​តាម​ដង​ទន្លេ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម​ភាគ​ច្រើន​បាន​ប្រើប្រាស់​វា​តាំង​ពី ៣ ឆ្នាំ​មុន​មក​ម្ល៉េះ។

លោក កុសល បាន​បញ្ជាក់ថា៖«យើង​បាន​បង្ក្រាប​ចាប់​ជន​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​នេសាទ​ខាង​លើ​នេះ​តាំង​មុន​ក្រសួង​ចេញ​សារាចរ​ណែនាំ​នេះ​ម្ល៉េះ​ពោល​គឺ​ក្រុម​ការងារ​យើង​ខ្ញុំ​បាន​ចាត់​ឧបករណ៍​នេះ​ចូល​ទៅ​ក្នុង​ក្រុម​ឧបករណ៍​សៃយ៉ឺន លូ​ស្បៃ​មុង ដែល​ជា​ប្រភេទ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​មាន​ចែង​ក្នុង​ប្រកាស​របស់​ក្រសួង»៕