ព្រះសីហនុៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រកាស​ឲ្យ​ពលរដ្ឋ​ដាក់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អចលនទ្រព្យ​ក្នុង​បរិវេណ​ស្ថានីយ​ផ្សព្វផ្សាយ​ និង​ស្តារ​ព្រៃឈើ​អូរថ្ម​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ និង​ស្រាវជ្រាវ​ដែល​នឹង​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ពាក់កណ្តាល​ខែ​កក្កដា​ខាងមុខ​ ប៉ុន្តែ​ចំពោះ​ករណី​ខកខាន​នឹង​មិន​ទទួល​ខុសត្រូវ​ឡើយ​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ២៦ មិថុនា ​ថា ក្រសួង​នឹង​ជំរុញ​ដំណើរការ​អនុវត្ត អភិវឌ្ឍ​គម្រោង​ការដាំដុះ​ឈើ​ឡើងវិញ​ឲ្យ​បាន​ចប់សព្វគ្រប់ ស្រប​តាម​ទិសដៅ​ផែនការ និង​ពេលវេលា​ដែល​បាន​កំណត់​។ ក្រសួង​បន្តថា ដូចនេះ​ដើម្បី​ចៀសវាង​បញ្ហា​ប្រឈម​នានា​ដែល​អាច​កើតមាន​ឡើង​ជាយថាហេតុ​សូម​ពលរដ្ឋ​ទាំងអស់​ដែល​មាន​ឯកសារ​តម្លៃ​គតិយុត្ត​នៅ​ជា​ធរមាន​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​ដីធ្លី​ក្នុង​បរិវេណ​​ទីតាំង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​អូរថ្ម​ក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​យក​មក​បង្ហាញ​នៅ​​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​។

ក្រសួង​បាន​បញ្ជាក់ថា ការទទួល​សំណុំ​ឯកសារ​ទាំងនេះ គឺ​ធ្វើ​ឡើង​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ផ្តើម​ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃទី​ ១៥ ខែ​ កក្កដា ឆ្នាំ​ ២០២០ ជា​កំហិត​ដើម្បី​ឲ្យ​មន្ត្រី​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ការកាន់កាប់​ដី​រដ្ឋ​ក្នុង​តំបន់​នេះ​។

ក្រសួង​បាន​សង្កត់ធ្ងន់​ថា​ «​ក្នុងករណី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​មិនបាន​ផ្តល់​ឯកសារ​ពាក់ព័ន្ធ ខកខាន​ ឬ​មាន​ភាពយឺតយ៉ាវ ក្រសួង​នឹង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការខាតបង់​នោះឡើយ​។ ​ក្រសួង​កសិកម្ម​សង្ឃឹម​យ៉ាងមុតមាំ​លើ​កិច្ចសហការ​ចូលរួមរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ការផ្តល់​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​បាន​គ្រប់​គ្នា​ទាន់​ពេលវេលា ប្រកប​ដោយ​ភាព​យោគយល់​​ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​»​។

លោក ចាន់ ហេង នាយករង​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ពី​បញ្ហា​នេះ​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក​បង្វែរ​ឲ្យ​សួរ​ទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ​វិញ​។

លោក ឌី សុខុម ប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ដោយសារ​ដី​តំបន់​នេះ​មាន​ការកាន់កាប់ និង​លក់​បន្តៗ​គ្នា​ពី​សំណាក់​ពលរដ្ឋ​មួយ​ចំនួន​ដែល​ទាមទារ​ឲ្យ​ក្រសួង​ត្រូវ​ផ្ទៀងផ្ទាត់​ដើម្បី​ដោះស្រាយ​ឲ្យ​ច្បាស់​ថា ដំណើរការ​អនុវត្ត អភិវឌ្ឍ​គម្រោង​ការដាំដុះ​ឈើ​ឡើងវិញ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​អូរ​ថ្ម​មិន​ប៉ះពាល់​ដល់​ពលរដ្ឋ​។

លោក​បាន​បញ្ជាក់​ថា​៖ «​នៅពេល​ទទួល​បាន​សំណុំ​ឯកសារ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ដី​ក្នុង​តំបន់​នេះ ក្រសួង​កសិកម្ម​រួម​នឹង​រដ្ឋបាលខេត្ត​នឹង​បង្កើត​គណៈកម្មការ​មួយ​សម្រាប់​ធ្វើការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ ​ប៉ុន្តែ​ខ្ញុំ មិន​ដឹង​ច្បាស់​ថា​ដំណោះស្រាយ​បែបណា​នោះទេ ព្រោះ​គណៈកម្មការ​នេះ​មិនទាន់​ត្រូវ​បាន​បង្កើតឡើង​នៅឡើយ​ទេ រង់ចាំ​ការផុត​កំណត់​ថ្ងៃ​ទទួល​សំណុំ​ឯកសារ​ជាមុនសិន​»​។

លោកស្រី ជៀប សុធារី ​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក​ខេត្ត​ព្រះសីហនុ​បាន​លើក​ឡើង​ថា ការដែល​អាជ្ញាធរ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​​ដែល​កាន់កាប់​អាស្រ័យផល​ក្នុង​តំបន់​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​អូរ​ថ្ម​នេះ​គឺជា​នីតិវិធី​មួយ​ដែល​ល្អ​។

លោកស្រី​បន្តថា ការធ្វើ​យ៉ាងដូច្នេះ​គឺ​ដើម្បី​ឲ្យ​ភាគី​ដែល​កាន់កាប់​ដី​ទាំងអស់​ចូល​តុ​ចរចា​ចៀសវាង​នៅពេល​អាជ្ញាធរ ដំណើរការ​អនុវត្ត​អភិវឌ្ឍ​គម្រោង​ការដាំដុះ​ឈើ​ឡើង​វិញ បង្ក​ទៅ​ជា​ជម្លោះ ស្របពេល​ស្ថានភាព​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​មាន​លក្ខណៈ​ពុះកញ្ជ្រោល​ខ្លាំង​ក្នុង​ការដណ្តើម​សិទ្ធិ​កាន់កាប់​។

លោកស្រី​បញ្ជាក់​ថា​៖ «​ការយក​ឯកសារ​នេះ​គឺ​ដើម្បី​ធ្វើការ​សិក្សា​ថា តើ​មាន​ជន​ណា​ខ្លះ​បាន​​កាន់កាប់​ហើយ​លក្ខណៈ​នៃ​ការកាន់កាប់​នេះ​មាន​ឯកសារ​ច្បាស់លាស់ មាន​ការកាន់កាប់​ត្រឹមត្រូវ​ឬ​ក៏​អត់​? ជួនកាល​គ្រាន់តែ​ដឹងថា ដី​ក្នុង​ក្របខ័ណ្ឌ​នៅ​ទីនោះ​មាន​ការកាប់ឆ្ការ មាន​ការរុករាន ប៉ុន្តែ​គ្មាន​ឯកសារ​នោះទេ​។ នៅពេល​ដែល​ប្រកាស​អ៊ីចឹង​បាន​ភាគី​ដែល​ពាក់ព័ន្ធ​អាច​បង្ហាញ​ឯកសារ​តែម្តង​ទៅ ហើយ​អាជ្ញា​ធរមាន​វិធានការ​មួយ​ថា​ដំណោះស្រាយ​នោះ​របៀប​ម៉េច​?»៕