ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក​ អ៊ិត សំហេង ឲ្យ​ដឹងថា ក្រសួង​កំពុង​ពិនិត្យ​លទ្ធភាព និង​ស្នើ​ទៅ​រដ្ឋាភិបាល ដើម្បី​បើក​រោង​ជាង​ដែល​ជា​បន្ទប់​អនុវត្ត​ទ្រឹស្តី​ឡើងវិញ បន្ទាប់ពី​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​បច្ចេកទេស និង​វិជ្ជាជីវៈ​ស្នើសុំ​ឲ្យ​មាន​ការបើក​ដំណើរការ​ឡើងវិញ ចំពោះ​វិទ្យាស្ថាន​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ការងារ ក្រោយ​ផ្អាក​ដោយសារ​ជំងឺ​កូវីដ​១៩​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​សមាគម​គ្រឹះស្ថាន ឧត្តមសិក្សា​បច្ចេកទេស និង​វិជ្ជាជីវៈ​ដឹកនាំ​ដោយ​លោក​ ណុប នរិន្ទ ដែល​ជា​ប្រធាន​សមាគម​នា​ទីស្តីការ​ក្រសួង​ការងារ លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​បាន​យ៉ាង​ល្អប្រសើរ គឺ​មិន​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ស្លាប់​ដោយសារ​បញ្ហា​នេះ​នៅ​ឡើយ​ទេ​។

លោក​ក៏បាន​សុំ​ការយោគយល់​ពី​សាលា វិទ្យាស្ថាន ក៏ដូចជា​គ្រឹះស្ថានសិក្សា​នានា​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​នាពេល​នេះ ដើម្បី​បញ្ចៀស​ពី​ការចម្លង​ជំងឺ​កូវីដ​១៩ នៅក្នុង​សហគមន៍​។ ក្នុងឱកាស​នោះ លោក​ អ៊ិត សំហេង បញ្ជាក់​ថា​ក្រសួង​កំពុង​ពិនិត្យ​លទ្ធភាព​បើក​រោងជាង​ដែលជា​បន្ទប់​សម្រាប់​អនុវត្ត​ទ្រឹស្តី​នៅ​តាម​សាលា​បច្ចេកទេស​ជាមុនសិន​។ លោក​ថា រាល់​សំណើ​របស់​សមាគម ក្រសួង​ការងារ​នឹង​ពិនិត្យ​ពិចារណា​ដាក់​ស្នើ​បន្ត​ទៅសុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល​។

លោក​បញ្ជាក់ថា​៖ «[​ទោះ​]​ ​យ៉ាងណា​សម្រាប់​វិស័យ​អប់រំ យើង​បាន​បើក​ជា​ ៣ ​ដំណាក់កាល ដំណាក់កាល​ទី​ ១ គឺ​បើក​សាលា​ណា​ដែលមាន​សុវត្ថិភាព​អនាម័យ​ខ្ពស់​រួម​មានកូន​មន្ត្រី​ទូត កូន​អ្នកជំនួញ ឬ​អ្នកវិនិយោគ​បាន​រៀនសូត្រ​នៅ​កម្ពុជា ហើយ​ក៏​កំពុង​ពិនិត្យ​លទ្ធភាព បើក​ជំហាន​ទី​ ២ និង​ទី​ ៣ ​ជា​បន្តបន្ទាប់​។ ជាពិសេស​ក៏​កំពុង​ពិនិត្យ​លទ្ធភាព​បើក​រោងជាង​ជាមុនសិន ដែល​យើង​បាន​កំពុង​ធ្វើការ​ស្នើសុំ​រង់ចាំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល​»​។

លោក​រដ្ឋមន្ត្រី​បន្ថែមថា​៖ «​បើសិន​ជា មាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ហើយ គឺ​ត្រូវ​តែ​ធានា​ឱ្យបាន​នូវ​លក្ខខណ្ឌ​អនាម័យ​ខ្ពស់ ហើយ​បង្កើត​ឲ្យ​មាន​ក្រុមការងារ​ចុះ​អង្កេត​គ្រប់​សាលា ទាំង​រដ្ឋ​ និង​ឯកជន​។ បើ​រកឃើញ​ថា មិន​បាន​អនុវត្តតាម​គោលការណ៍​ណែនាំ​បានល្អ​ទេ​នឹង​ត្រូវ​ផ្អាក​វិញ​ជាបន្ទាន់​»​។

លោក​ ណុប នរិន្ទ ប្រធាន​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ឡើង​ថា ក្នុង​រយៈពេល​ជិត​ ២ ​ឆ្នាំ​កន្លង​មក​នេះ​សមាគម​បាន​ចូលរួម​សកម្មភាព​សង្គម​ជាច្រើន ហើយ​ក៏​បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ផងដែរ​។ ខណៈ​ដែល​សាលា​បណ្តុះបណ្តាល​ទូទាំង​ប្រទេស​កំពុង​បិទទ្វារ ដោយ​រង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ លោក​ក៏បាន​ស្នើ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឲ្យ​បើក​វិទ្យាស្ថាន​បណ្តុះបណ្តាល ដែល​ស្ថិត​ក្រោម​ក្រសួង​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​ស្នើសុំ​ឱ្យ​មាន​ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ ចំពោះ​វិទ្យាស្ថាន​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​។ ស្នើសុំ​ជ្រើសរើស​និស្សិត​ឱ្យ​ចូល​រៀន​វិញ​ដោយ​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ ដោយសារ​តែ​សមាជិក​នៃ​សមាគម កំពុង​ជួប​នូវ​បញ្ហា​ថ្លៃ​ជួល​អគារសិក្សា​ក៏​ដូចជា​ចំណាយ​ផ្សេងៗ​ក្នុង​កិច្ចដំណើរការ​របស់​វិទ្យាស្ថាន ជាពិសេស​ការផ្តល់​សេវា​នានា​របស់ខ្លួន​ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​ជា​សកល​នេះ​»​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា គម្រោង​បើក​ដំណើរការ​រោង​ជាង​គឺ​សំដៅ​ដល់​បន្ទប់​អនុវត្ត​ទ្រឹស្តី ព្រោះ​ជាទូទៅ​ការបង្រៀន​ទ្រឹស្តី​គឺ​អាច​ធ្វើ​ឡើង​តាមរយៈ​អនឡាញ​បាន​។ ប៉ុន្តែ​លោក​ថា ចំពោះ​ការសិក្សា​ផ្នែក​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចេកទេស​ (TVET) ​គឺ​ត្រូវការ​បន្ទប់​អនុវត្ត​ទ្រឹស្តី​បន្ថែម​ទៀត ដើម្បី​ឲ្យ​សិស្សានុសិស្ស អនុវត្ត​នូវ​មេរៀន​ដែល​ពួកគេ​បាន​សិក្សា​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការសម្រេច​ចំពោះ​បញ្ហា​ទាំងអស់​នេះ​គឺ​អាស្រ័យ​ទៅ​លើ​គណៈកម្មការ​ដែល​បាន​បង្កើតឡើង​ដើម្បី​ទប់ស្កាត់​បញ្ហា​កូវីដ​១៩​។ លោក​បាន​បន្តថា រដ្ឋាភិបាល​នឹង​រង់ចាំ​ការពិភាក្សា​ឲ្យ​បាន​ច្បាស់​ថា តើ​កម្ពុជា​មាន​លទ្ធភាព​កម្រិត​ណា​ក្នុង​ការដាក់​ឲ្យ​ដំណើរការ​ស្ថាប័ន ដែល​បាន​ផ្អាក​កន្លងទៅ​ឡើងវិញ ដើម្បី​ធ្វើ​យ៉ាងណា​អាច​ធានា​បាន​នូវ​ការមិន​ផ្ទុះឡើង​នូវ​ជំងឺ​នេះ​។

លោក​ ស៊ីផាន បាន​បញ្ជាក់​ថា​៖ «​រដ្ឋាភិបាល​កំពុងតែ​សម្លឹងមើល ដើម្បី​ស្វែងរក​វិធានការ​ដែល​កាត់បន្ថយ​នូវ​ហានិភ័យ ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩​ដូចជា​រក្សា​គម្លាត​។ យើង​កំពុងតែ​ពិភាក្សា​ហើយ នឹង​គ្រោង​បើក​សាលារៀន​មួយ​ជំនាន់ៗ​បន្តិច​ម្តងៗ ដើម្បី​រក្សា​វិធានការ​របស់​ក្រសួង​សុខាភិបាល​។ ដូច្នេះ​សំណើ​របស់​ក្រសួង​ការងារ​ហ្នឹង​គឺ​ស្ថិត​នៅក្នុង​វិស័យ​អប់រំ​ដូចគ្នា ហើយ​សំណើ​ទាំងអស់​នេះ គឺ​រង់ចាំ​សេចក្តី​សម្រេច​របស់​គណៈកម្មការ​ហ្នឹង បន្ទាប់ពី​សិក្សា​ឲ្យ​បាន​ច្បាស់​»៕