The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ការងារ​ឆ្លើយតប​ញត្តិ​សហជីព ​រឿង​កម្មករសំណង់

ក្រសួង​ការងារ​ឆ្លើយតប​ញត្តិ​សហជីព ​រឿង​កម្មករសំណង់

Content image - Phnom Penh Post
កម្មករ​កំពុង​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​កន្លងមក​។ ហុង មិនា

ក្រសួង​ការងារ​ឆ្លើយតប​ញត្តិ​សហជីព ​រឿង​កម្មករសំណង់

ភ្នំពេញៈ ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​ ២១ ខែ​មករា បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ឆ្លើយតប​ទៅ​តំណាង​សហព័ន្ធ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ដែល​បានដាក់​ញត្តិ​សូម​ឱ្យ​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ យក​ចិត្ដ​ទុកដាក់​ដោះស្រាយ​នូវ​វិធានការ​ចំនួន ៧ ចំណុច​ដើម្បី​ជួយ​គាំពារ​កម្មករ​ក្នុង​វិស័យ​សំណង់ ដោយ​បញ្ជាក់​ថា ចំណុច​មួយចំនួន​ក្រសួង​បាននិង​កំពុង​អនុវត្ត​រួចហើយ ប៉ុន្ដែ​នឹង​បន្ត​ពិនិត្យ​ចំណុច​ណា​ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ក្រសួង​។

ការចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​នេះ​ធ្វើឡើង​បន្ទាប់ពី​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា​ (BWTUC) និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ (CEN-TRAL) ​ក្នុង​នាម​តំណាង សហព័ន្ធ​សហជីព សមាគម អង្គការ សង្គម​ស៊ីវិល និង​សហគមន៍​ចំនួន​ ៧៨ ​កាលពី​ព្រឹក​ថ្ងៃទី​ ២១ ​ខែ​មករា​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ស្នើ​សូម​ឲ្យ​ដោះស្រាយ​នូវ​វិធានការ​ចំនួន ៧ ចំណុច​ក្នុង​ការអនុវត្ដ​បទដ្ឋាន​សុវត្ថិភាព​នៅតាម​ការដ្ឋាន​សំណង់​នីមួយៗ​ទូទាំង​ប្រទេស​កម្ពុជា និង​ពង្រឹង​ការអនុវត្ដ​ច្បាប់​ក្នុង​វិស័យ​សំណង់​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឆ្លើយតប​ថា​៖ «​ក្រសួង​សូមបញ្ជាក់ថា ចំណុច​ដែល​ទាមទារ​មួយ​ចំនួន​ក្រសួង​បាននិង​កំពុង​អនុវត្ដ​រួចហើយ​។ ចំពោះមុខ​ក្រសួង​នឹង​ពិនិត្យ​ដោះស្រាយ​យ៉ាង​យក​ចិត្ដ​ទុកដាក់​នូវ​រាល់​សំណូមពរ​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ក្រសួង​»​។

ក្រសួង​បញ្ជាក់ថា​ចំពោះ​រាល់​សំណូមពរ​ផ្សេងទៀត ដែល​ផុតពី​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ការងារ ក្រសួង​នឹង​បញ្ជូន​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ និង​ដោះស្រាយ​បន្តទៀត​។

ក្រសួង​បន្ដថា ក្រសួង​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​បន្ត​ពិនិត្យ និង​ដោះស្រាយ​នូវ​រាល់​កង្វល់​នានា​ដែល​បានលើកឡើង​។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​សំណង់ និង​ព្រៃឈើ​កម្ពុជា​បាន​សាទរ​ចំពោះ​ការឆ្លើយតប​របស់​ក្រសួង​ការងារ​លើ​ញត្តិ​របស់​បណ្ដា​សម្ព័ន្ធ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ដែល​បានដាក់​ទៅ​ក្រសួង​។

លោក​ថ្លែងថា​៖ «​ទោះបី​យ៉ាងណា​ក៏​យើង​ទទួល​បាន​ការឆ្លើយតប​ពី​ក្រសួង​ដែលជា​សេនាធិការ​ឱ្យ​រដ្ឋាភិបាល លើ​ចំណុច​ដែល​ពួកយើង​បាន​ស្នើសុំ​ដើម្បីឱ្យ​ពួកយើង​អស់​សង្ស័យ​លើ​ចំណុច​ដែល​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​បានធ្វើ​ការងារ​នេះ​។ ប៉ុន្ដែ​យើង​នឹង​នៅ​តាម​ដាន​នៅលើ​ចំណុច​ដែល​មិនទាន់​ធ្វើ​»​។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់លោក​គ្មាន​អ្នកទទួល​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី ២១ ខែ​មករា ក្នុង​កិច្ចប្រជុំ​ស្ដីពី​សំណង់​ចាស់​ទ្រុឌទ្រោម​នៅក្នុង​រាជធានី​ដែល​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ទៀត​នៅ​សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ ត្រូវ​មើល​ការខុសត្រូវ​ទៅលើ​ការដ្ឋាន​សំណង់​នានា ដោយ​មិន​អនុញ្ញាត​ឱ្យមាន​កម្មករ​ស្នាក់​នៅក្នុង​សំណង់​អគារ​ដែល​កំពុង​សាងសង់​ជាដាច់ខាត​។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​ខណ្ឌ​ត្រូវតែ​យកចិត្ត​ទុកដាក់​ឱ្យបាន​ខ្លាំងក្លា​ជាមួយ​ប្រជាពលរដ្ឋ​។ ត្រូវ​ចុះ​តាមដាន ពិនិត្យ​មើល​ការដ្ឋាន​សំណង់​ដែល​កំពុង​សាងសង់ ថា​តើ​សំណង់​ទាំងនោះ​មាន​ច្បាប់​ឬទេ​? ស្រប​តាម​ស្តង់ដា​បច្ចេកទេស​ទេ​? បើ​ពិនិត្យ​ឃើញ​ថា ការដ្ឋាន​សំណង់​ទាំងនោះ​ធ្វើ​ខុស​លក្ខណៈ​បច្ចេកទេស និង​មិនមាន​ច្បាប់​អនុញ្ញាត​ត្រូវតែ​បិទ​ជា​បណ្ដោះអាសន្ន​នឹង​ត្រូវ​ហៅ​ម្ចាស់​ការដ្ឋាន​សំណង់​មក​ប្រជុំ​ដោះស្រាយ​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការដ្ឋាន​ទាំងនោះ​អនុវត្ត​ស្របតាម​ច្បាប់ និង​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​»៕

អត្ថបទគួរចាប់អារម្មណ៍