ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃនេះ បានជូនដំណឹងដល់រោងចក្រសហគ្រាសដែលបើកដំណើរការឡើងវិញ គឺមិនត្រូវឱ្យកម្មករនិយោជិតមានភ្ជាប់លក្ខខណ្ឌទៅនឹងការចាក់វ៉ាក់សាំង ដើម្បីបានចូលធ្វើការងារឡើយ និងត្រូវបើកប្រាក់ឈ្នួលសម្រាប់ខែមេសាចំនួន ៥០% និងប្រាក់ឧបត្ថម្ភនានា ដែលបានពន្យារក្នុងអំឡុងពេលនៃការបិទខ្ទប់កន្លងទៅដល់កម្មករនិយោជិតមិនឱ្យហួសពីថ្ងៃទី ១៤ ខែឧសភានេះ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃនេះ ស្ដីពីការចូលធ្វើការឡើងវិញ និងការបើកប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសដែលបើកដំណើរការឡើងវិញ ក្រោយការបញ្ចប់វិធានការបិទខ្ទប់។
សេចក្ដីជូនដំណឹងរបស់ក្រសួងបានលើកឡើងថា យោងអនុសាសន៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារ សូមជម្រាបដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាស និងបងប្អូនកម្មករនិយោជិត ដែលស្ថិតនៅក្នុងតំបន់លឿងនៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ហើយបើកដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្មឡើងវិញថា នៅក្នុងការបើកដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្មឡើងវិញនេះ គឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌទៅនឹងការចាក់វ៉ាក់សាំងនោះឡើយ។
ក្រសួងបញ្ជាក់ថា មន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះធ្វើអធិការកិច្ចលើករណីនេះភ្លាម ប្រសិនជាទទួលបានព័ត៌មាន។ សូមបងប្អូនកម្មករនិយោជិតជូនដំណឹងមកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាបន្ទាន់តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat ប្រសិនជាមានការភ្ជាប់លក្ខខណ្ឌចាក់វ៉ាក់សាំងនេះ។
ក្រសួងបានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសថា ការបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ចំនួន ៥០% និងប្រាក់ឧបត្ថម្ភនានាដែលបានពន្យារពេលនៅក្នុងអំឡុងពេលនៃការបិទខ្ទប់កន្លងទៅ គឺត្រូវចាប់ផ្តើមបើកជូនបងប្អូនកម្មករនិយោជិតមិនឱ្យហួសពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២១ ឡើយ។
ក្រសួងបញ្ជាក់ថា៖ «ចំពោះបងប្អូនកម្មករនិយោជិត ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ឬលឿងទុំ គឺសូមម្ចាស់ ឬនាយករោងចក្រ សហគ្រាស ពិចារណារកវិធីបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភនេះតាមប្រព័ន្ធធនាគារជូនបងប្អូនកម្មករនិយោជិតផងដែរ»។
ក្រសួងបានអំពាវនាវសារជាថ្មី ដល់ម្ចាស់ផ្ទះជួលទាំងអស់មេត្តាយោគយល់ លើកលែង ថ្លៃជួលបន្ទប់ ឬបន្ធូរបន្ថយថ្លៃជួលបន្ទប់ ឬពន្យារការបង់ថ្លៃជួលបន្ទប់ជូនអ្នកជួលដែលជាកម្មករនិយោជិត ឱ្យអស់លទ្ធភាពនៅក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពនៅក្នុងដំណាក់កាលនេះ។
ក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិត និងម្ចាស់ផ្ទះជួលនឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕