The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ការងារ​ជូនដំណឹង​ពី​ការបើកប្រាក់​រំឭក​ និង ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករ​វិញ




ក្រសួង​ការងារ​ជូនដំណឹង​ពី​ការបើកប្រាក់​រំឭក​ និង ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករ​វិញ

Content image - Phnom Penh Post
កម្មករ​នៅ​រោងចក្រ Y&W ​តវ៉ា​ទាមទារ​ប្រាក់​អតីតភាព​ការងារ​។ រូបថត សង់ត្រាល់

ក្រសួង​ការងារ​ជូនដំណឹង​ពី​ការបើកប្រាក់​រំឭក​ និង ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករ​វិញ

ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ជូនដំណឹង​ទៅដល់​ម្ចាស់ ឬ​នាយក​រោងចក្រ​សហគ្រាស​ និង​កម្មករនិយោជិត​ផ្នែក​កម្មន្តសាល​ទាំងអស់​នឹង​ទទួលបាន​ឡើងវិញ​នូវ​ការបើកប្រាក់​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែលមាន​មុន​ឆ្នាំ​ ២០១៩ ​និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ ដោយ​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ឡើងវិញ​នៅក្នុង​ឆ្នាំនេះ​។

លោក​ អ៊ិត សំហេង ​បាន​លើកឡើង​ក្នុង​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ការបើកប្រាក់​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែលមាន​មុន​ឆ្នាំ​ ២០១៩ (​ប្រសិន​បើ​មាន​) ដែល​ត្រូវ​បើក​ក្នុង​ឆ្នាំ​ ២០២០ ត្រូវ​ទូទាត់​នៅក្នុង​ត្រីមាស​ទី​ ១ និង​នៅក្នុង​ត្រីមាស​ទី​ ៣​។

លោក​បន្តថា ចំពោះ​ប្រាក់​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​ ២០១៩ (​ប្រសិន​បើ​មាន​) ដែល​ត្រូវ​បើក​ក្នុង​ឆ្នាំ​ ២០២១ ត្រូវ​ទូទាត់​នៅក្នុង​ត្រីមាស​ទី​ ២ និង​នៅក្នុង​ត្រីមាស​ទី​ ៤​។ ចំពោះ​ការបើកប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​ ២០២០ ​ត្រូវ​ទូទាត់​នៅក្នុង​ត្រីមាស​ទី​ ១ និង​នៅក្នុង​ត្រីមាស​ទី​ ៣ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​ ២០២១ ត្រូវ​ទូទាត់​នៅក្នុង​ត្រីមាស​ទី​ ២ និង​នៅក្នុង​ត្រីមាស​ទី​ ៤​។

លោក​ អ៊ិត សំហេង ​លើកឡើង​ថា​៖ «​កម្មករនិយោជិត និង​និយោជក​ក៏​អាច​ចរចា​កំណត់​នីតិវិធី និង​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ ស្របតាម​ស្ថានភាព​រោងចក្រ សហគ្រាស និង​អាជីវកម្ម​របស់ខ្លួន​បាន​»​។

ទន្ទឹមនឹងនេះ ក្រសួង​ក៏បាន​អំពាវនាវ​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស កម្មករនិយោជិត​ផ្នែក​កម្មន្តសាល និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​លើកកម្ពស់​ផលប្រយោជន៍​រួម​ជាធំ ដោយ​ត្រូវ​ពិភាក្សាគ្នា​រក​ដំណោះស្រាយ​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​រក្សា​នូវ​និរន្តរភាព​ការងារ និង​ភាព​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​។

ជាមួយ​គ្នា​នេះ​ដែរ កម្មករ​ប្រមាណ​ជា ៦០០០ ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើការ​តវ៉ា​ដោយបាន​បិទផ្លូវ​សាធារណៈ​នៅ​ខាងមុខ​រោងចក្រ​តាំងពី​រសៀល​ថ្ងៃទី​ ២០ និង​បន្ត​រហូតដល់​ថ្ងៃទី​ ២១ ខែមករា ឆ្នាំ​ ២០២១ ដោយ​ទាមទារ​ឱ្យ​ថៅកែ​ជនជាតិ​ចិន​របស់​រោង​ចក្រ Y &W Garment Co.,LTD ផ្តល់នូវ​លក្ខខណ្ឌ ៣ ​ចំណុច​ដល់​ពួកគេ​។

កម្មការិនី ១ ​រូប​ដែល​បានធ្វើការ​នៅ​រោងចក្រ​នេះ​អស់​រយៈពេល​ ៥ ​ឆ្នាំ​មកហើយ បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះថា ដោយសារ​តែ​មិនមាន​ដំណោះស្រាយ​សម្រាប់​កម្មករ ទើប​ពួកគាត់​បាន​សម្រេច​ចិត្ត​ធ្វើការ​តវ៉ាឱ្យ​មាន​ការដោះស្រាយ​។

កម្មការិនី​រូបនេះ​និយាយថា​៖ «​ប្រសិនបើ​មិនមាន​ដំណោះស្រាយ​ទេ គឺ​ពួកយើង​នៅតែ​បន្តធ្វើ​ការតវ៉ា និង​មានការ​បិទផ្លូវ​ដដែល ដោយសារ​រោងចក្រ​ចេះតែ​ពន្យារពេល​នៃ​ការបើក​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​ ៥% ដែល​ធ្វើឱ្យ​ពួកយើង​មិនអាច​រង់ចាំ​បាន​បន្តទៀត ទើប​នាំគ្នា​តវ៉ា​»​។

ក្រុមកម្មករ​ក៏បាន​ចោទ​ទៅដល់​សមត្ថកិច្ច​ថា បាន​ប្រើ​ហិង្សា​ និង​បាន​ចាប់​កម្មករ​ម្នាក់​ផងដែរ ប៉ុន្តែ​សមត្ថកិច្ច​បាន​បដិសេធ​។

លោក ជីម ស៊ីថា អធិការ​ខណ្ឌដង្កោ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​មិនបាន​ចាប់ខ្លួន​កម្មករ​ម្នាក់​ណា​ឡើយ ហើយ​ក៏​មិនបាន​ប្រើ​ហិង្សា ទៅលើ​ក្រុមអ្នកតវ៉ា​ដែរ ប៉ុន្តែ​រូបលោក និង​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​បាន​រងរបួស​ស្រាល​ដោយសារ​កម្មករ​បាន​គប់​ដប​ទឹក​សុទ្ធ ដំបង និង​ដុំថ្ម​មកលើ​សមត្ថកិច្ច និង​អាជ្ញាធរ​ដែល​ចុះទៅ​ធ្វើការ​សម្របសម្រួល មិនឱ្យ​កម្មករ​ធ្វើការ​បិទផ្លូវ​បន្តទៀត​។

លោក​ប្រាប់ថា​៖ «​ឥឡូវនេះ ខាង​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​កំពុងធ្វើការ​ចរចា​សម្របសម្រួល​លើ​ករណីនេះ ហើយ​អ្វីដែល​កម្មករ​បាន​ចោទថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​កម្មករ​នោះ គឺ​មិនមាន​ទេ វា​ជា​ពាក្យ​ចចាមអារ៉ាម​តែប៉ុណ្ណោះ​»​។ លោក​ ជីម ស៊ីថា បន្តថា លោក​ត្រូវបាន​កម្មករ​គប់​ត្រូវ​មុខជា​មួយនឹង​ដប​ទឹក​សុទ្ធ និង​នគរបាល​ចរាចរណ៍​ ១ ​រូប​ត្រូវ​នឹង​ដុំថ្ម​ចំ​ទ្រូង និង​មាន​រថយន្ត​ ២ ​គ្រឿង​បាន​រង​ការខូចខាត​។

លោក ទេស រុក្ខាផល អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា​នៃ​ក្រសួង​ការងារ​ (​គ.ក.ប​) ​មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បានទេ​នៅ​ថ្ងៃ​ម្សិលមិញ​។

ចំណែក​លោក​ ជួន វុឌ្ឍី ប្រធាន​មន្ទីរ​ការងារ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​យ៉ាងខ្លី​ថា ខាង​មន្ត្រី​នៃ​ក្រសួង​បាន​ចុះ​ដោះស្រាយ​ករណីនេះ​ហើយ​។

មន្ត្រី​នៃ​រោងចក្រ Y &W Garment Co.,LTD ក៏​មិន​អាចទាក់ទង​សុំ​ការអធិប្បាយ​បានដែរ នៅ​ថ្ងៃ​ម្សិលមិញ​។

អ្នកនាង​ សេង សុខគា កម្មការិនី​នៅ​រោងចក្រ​នេះ​បាន​ថ្លែងថា កម្មករ​ផ្ទុះ​ការតវ៉ា​នេះ​ដោយសារ​ថៅកែ​រោងចក្រ​មិនបាន​បំពេញ​តាម​ការ​សន្យាថា បើក​ផ្តល់ប្រាក់​ ៥% និង​ប្រាក់​អតីតភាព​ការងារ ដែល​ថៅកែ​បាន​សន្យាថា នឹង​បើក​ឱ្យ​កម្មករ​នៅ​ថ្ងៃទី​ ២០ ខែមករា​។

អ្នកនាង​បន្តថា​៖ «​ថៅកែ​សន្យាថា នឹង​ផ្តល់​ឱ្យនៅ​ខែមីនា​ខាង​មុខ ប៉ុន្តែ​ពួកយើង​មិន​ព្រម​ក៏​នាំគ្នា​ចេញ​តវ៉ា​តែម្តង​»​។ កម្មករ​បាន​ព្រមាន​ថា ប្រសិនបើ​នៅតែ​មិនមាន​ដំណោះស្រាយ​ដល់​ពួកគាត់​ទៀត ពួកគាត់​អាច​នឹង​ធ្វើការ​បិទផ្លូវ​បន្តទៀត​រហូត​ទាល់តែ​មាន​ដំណោះស្រាយ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍