ភ្នំពេញ: ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ជ្រើសរើស​បេក្ខជន​ចំនួន​ ១៩ ១៧៩ ​នាក់​ ឱ្យទទួល​អាហារូបករណ៍​ចូលរៀន​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ចំនួន ៣៨ នៅ​ទូទាំង​ប្រទេស​សម្រាប់​ឆ្នាំ​ ២០២១ ​នេះ ដើម្បី​ផ្ដល់​ជំនាញ​ដល់​ពួកគេ​។

សេចក្ដី​ជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី​ ១១ ​ខែ ​ធ្នូ ​ឆ្នាំ​ ២០២០ ដែល​ ភ្នំពេញ​ ប៉ុស្ដិ៍​ ទើប​ទទួល​បាន​ពី​ម្សិលមិញ​ឱ្យដឹងថា ក្នុង​ឆ្នាំ​សិក្សា ២០២០-២០២១ នេះ​ក្រសួង​នឹង​ជ្រើសរើស​បេក្ខជន​ចំនួន ១៩ ១៧៩ ​នាក់ ​ឱ្យទទួល​អាហារូបករណ៍​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ១ (C1) ២ (C2) ​និង ៣ (C3) ​ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​/​បរិញ្ញាបត្ររង បច្ចេកទេស​/​ឯកទេស​ (HDT/S) និង​ថ្នាក់​បរិញ្ញាបត្រ​បច្ចេកវិទ្យា​/​ឯកទេស​/​សញ្ញាបត្រ​វិស្វករ​ (BT/S/BE) ​ទៅតាម​ចំនួន​ជំនាញ​មុខរបរ និង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​មួយចំនួន​។

សេចក្ដី​ជូនដំណឹង​បន្តថា គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទាំងនោះ​រួមមាន វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​បាត់ដំបង និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​តាម​បណ្ដា​ខេត្ត​មួយចំនួន​ទៀត​។

សេចក្ដី​ជូនដំណឹង​បញ្ជាក់ថា​៖ «​បេក្ខជន​ត្រូវ​មក​ទទួល​ពាក្យសុំ​អាហារូបករណ៍​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ខ្លួន​មានបំណង​ចង់​សិក្សា​រាល់​ម៉ោង​ធ្វើការ​។ កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​នឹង​ជូនដំណឹង​ដោយ​សាមី​គ្រឹះស្ថាន​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នីមួយៗ​»​។

លោក ប៉ែន ប៉ាត មន្ត្រី​ទទួល​ពាក្យសុំ​អាហារូបករណ៍​នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តរតនគិរី​ថ្លែង​ពី​ម្សិលមិញ​ថា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តរតនគិរី​បានប្រកាស​ជ្រើសរើស​សិស្ស-និស្សិត​ជិត ៥០០ ​នាក់​ឱ្យ​ចូលរៀន​ជំនាញ​ជាច្រើន​នៅក្នុង​មជ្ឈមណ្ឌល​។

លោក​បញ្ជាក់ថា​៖ «​យើង​ចាប់ផ្ដើម​ទទួល​ពាក្យ​ចាប់ពី​ពេល​នេះ​តទៅ ហើយ​ក៏​មាន​សិស្ស​មក​ដាក់ពាក្យ​បណ្ដើៗ​ដែរ​។ សាលា​យើង​មាន​ជំនាញ​ជាច្រើន​សម្រាប់​ផ្ដល់​ជា​ជម្រើស​ដល់​សិស្ស-និស្សិត គឺ​ជំនាញ​អគ្គិសនី​ខាង​ជួសជុល​គ្រឿង​អេឡិចត្រូនិក ជួសជុល​ម៉ាស៊ីន​ឡាន-ម៉ូតូ​ និង​គ្រឿងយន្ត​ផ្សេងៗ​ទៀត​»​។

លោក​បន្ថែមថា ក្រោយពេល​បញ្ចប់​ការសិក្សា សិស្ស-និស្សិត​ទាំងអស់​អាចមាន​សមត្ថភាព​បំពេញ​ការងារ​តាម​ជំនាញ​របស់​ពួកគាត់​យ៉ាង​មាន​ប្រសិទ្ធភាព​។ ក្រុមហ៊ុន​ឯកជន​មួយចំនួន​តែងតែ​មក​ទំនាក់ទំនង​ខាង​សាលា​ដើម្បី​ស្នើសុំ​សិស្ស​ឆ្នើម​ទៅ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​។

មន្ត្រី​ទទួល​ពាក្យសុំ​អាហារូបករណ៍​នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តព្រៃវែង​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែងថា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តព្រៃវែង​ប្រកាស​ជ្រើសរើស​សិស្ស​ឱ្យចូល​រៀន​ចំនួន​ ៧០០ ​នាក់​ ប៉ុន្ដែ​ត្រូវ​ឆ្លងកាត់​ការប្រឡង​ជ្រើសរើស​ជាមុន​។ ក្នុងនោះ​នឹងមាន​ផ្ដល់​អាទិភាព​ចំពោះ​សិស្ស​ក្រីក្រ និង​សិស្ស​ជា​ជនជាតិ​ដើម​ភាគតិច​។

លោក​ថា​៖ «​កម្មវិធី​អាហារូបករណ៍​នេះ គឺ​យើង​ជ្រើសរើស​ជា​រៀងរាល់ឆ្នាំ ប៉ុន្ដែ​ឆ្នាំនេះ​រៀង​យឺត​បន្ដិច​ដោយសារ​វិបត្តិ​កូវីដ​ ១៩​។ កម្មវិធីសិក្សា​មាន​ជំនាញ​រយៈពេល​ខ្លី​ចាប់ពី ៤ ​ខែ​ដល់​ ៨ ​ខែ រីឯ​ជំនាញ​រយៈពេល​វែង​ចាប់ពី​ ១០ ​ខែ​ដល់​ ១៨ ​ខែ​។ ប្រសិន​ពួកគាត់​បញ្ចប់​ការសិក្សា​គឺ​ពួកគាត់​អាច​ធ្វើ​ការងារ​បានតែ​ម្ដង​»​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​សាទរ​ចំពោះ​ការផ្ដល់​អាហារូបករណ៍​ដល់​សិស្ស-និស្សិត និង​យុវជន​ក្រក្រី​ប៉ុន្ដែ​លោកស្រី​ជំរុញ​ឱ្យ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល វិជ្ជាជីវៈ​តាម​បណ្ដា​ខេត្ត ក្រុង​ទាំងអស់​ត្រូវ​តែ​រៀបចំ​ឱ្យមាន​តម្លាភាព យុត្តិធម៌ និង​គ្មាន​អំពើពុករលួយ​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា បើទោះជា​ពួកគាត់​មិនបាន​រៀន​ចប់​ថ្នាក់​ឧត្តមសិក្សា ឬ​មហាវិទ្យាល័យ​ក៏ដោយ យើង​ត្រូវតែ​ផ្ដល់​ឱកាស​ឱ្យ​ពួកគាត់​ជា​យុវជន យុវនារី​ហ្នឹង​បាន​សិក្សា រៀនសូត្រ​ពី​ជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ​តាម​សមត្ថភាព​របស់​ពួកគាត់​។ ខ្ញុំ​លើក​ឧទាហរណ៍​មួយ​ថា យើង​កុំ​យក​ត្រី​ទៅឱ្យ​ពួកគាត់​ហូប ប៉ុន្ដែ​យើង​ត្រូវតែ​បង្រៀន​ពួកគាត់ ឱ្យ​ចេះ​ស្ទូចត្រី​វិញ ទើប​ប្រសើរ​ជាង​»៕