ភ្នំពេញៈ ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ណែនាំ​ពី​នីតិវិធី និង​របៀប​នៃ​ការព្យួរ​ការងារ និង​ទាមទារ​ឲ្យ​កម្មករ​ត្រូវ​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់ ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ ២០ ​ភាគរយ​បន្ថែម​ពី​រដ្ឋាភិបាល ក្នុង​ករណី​ដែលមាន​រោងចក្រ​ណាមួយ​ប្រកាស​ព្យួរការងារ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​អះអាង​ថា មកដល់​ពេល​នេះ​មិនទាន់​មាន​រោងចក្រ​ណាមួយ​ប្រកាស​ព្យួរការងារ ១០០ ​ភាគរយ​នៅឡើយ​ទេ​។

ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​លើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប ដែល​ខ្វះ​វត្ថុធាតុដើម​ពី​ប្រទេស​ផ្គត់ផ្គង់​វត្ថុធាតុដើម ដោយសារ​ប្រទេស​នោះ​រង​ផលប៉ះពាល់​ជំងឺ​រលាក​ផ្លូវដង្ហើម (CoVid-19) ដូច្នេះ​ក្រសួង​ការងារ​បាន​ណែនាំ​ដល់​គ្រប់​ប្រធាន​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ម្ចាស់​ ឬ​នាយក​រោងចក្រ និង​កម្មករនិយោជិត​អំពី​នីតិវិធី​សុំ​ព្យួរ​កិច្ចសន្យា​ការងារ ការចុះឈ្មោះ​ចូលរៀន​វគ្គ​បណ្តុះបណ្តាល និង​ការស្នើសុំ​ផ្អាក​បង់​ភាគទាន និង​ការបន្ត​ផ្តល់ (​ប.ស.ស.) ​ជាដើម​។

ក្រសួង​បាន​ឲ្យ​ដឹង​បន្តថា នៅពេល​មាន​រោងចក្រ​ណាមួយ​ប្រកាស​ព្យួរការងារ​ ១០០ ភាគរយ​នោះ​ប្រាក់ឧបត្ថម្ភ ៤០ ​ភាគរយ​ នៃ ១៩០ ​ដុល្លារ​ នឹង​ត្រូវបាន​ផ្តល់​ជូន​ដល់​កម្មករ​ពី​សំណាក់​ថៅកែ​រោងចក្រ​ចំណែក ២០ ​ភាគរយ​នៃ ១៩០ ​ដុល្លា​ទៀត ​គឺ​ក្រុមកម្មករ​ត្រូវតែ​បំពេញ​បែបបទ ដើម្បី​ចុះឈ្មោះ​ចូលរៀន​ជំនាញ​ដែល​រៀបចំ​ដោយ​មន្ត្រី​នៃ​ក្រសួង​ការងារ​នៅ​តាម​រោងចក្រ​តែម្តង​។

ក្រសួង​បាន​ណែនាំ​បន្តថា​ក្នុង​អំឡុងពេល​ព្យួរការងារ​នោះ​បណ្តា​រោងចក្រ​ទាំងនោះ​ក៏​ត្រូវ​បានអនុញ្ញាត​ឲ្យ​ផ្អាក​បង់​ភាគទាន​មកកាន់ ប.ស.ស ជា​បណ្តោះអាសន្ន​ផងដែរ ប៉ុន្តែ​កម្មករ​នៅតែ​អាច​ប្រើប្រាស់​សេវាកម្ម​ផ្នែក​ថែទាំ​សុខភាព និង​បន្ត​ទទួល​បាន​តាវកាលិក​ផ្នែក​ហានិភ័យ​ការងារ និង​ប្រាក់ឧបត្ថម្ភ​នានា ពី ប.ស.ស បាន​ដដែល​។

ក្រសួង​ការងារ​បាន​បញ្ជាក់ថា​៖ «​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ប្រឹក្សា​ការងារ​ត្រូវ​សហការ​ជាមួយ​នាយក​គម្រោង និង​ភាគី​ពាក់ព័ន្ធ​នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​អំពី​វឌ្ឍនភាព​វិជ្ជមាន​ជា​បន្តបន្ទាប់​នៃ​លក្ខខណ្ឌ​ការងារ សិទ្ធិការងារ និង​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​ដល់​កម្មករ​និយោជិត សារព័ត៌មាន​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា​»​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ដល់​កម្មករ គ្រាន់តែ​ការណែនាំ​ពី​របៀប និង​បែបបទ​តែប៉ុណ្ណោះ ខណៈ​មកដល់​ពេល​នេះ​មិន​ទាន់​មាន​រោងចក្រ​ណាមួយ​ប្រកាស​ព្យួរការងារ​កម្មករ​ទាំង​ស្រុង​នោះទេ​។

លោក​បន្តថា​៖ «​មកដល់​ពេល​នេះ​មាន​តែ​កម្មករ​ចំនួន ១០ ​រោងចក្រ​ប៉ុណ្ណោះ​បាន​ព្យួរ ប៉ុន្តែ​មិនមែន​ជា​ការព្យួរ​ ១០០ ភាគរយ​នោះទេ​ គឺ​ព្យួរ​ជា​របៀប​ដោយ​ផ្នែកៗ​នៃ​ចង្វាក់​ផលិតកម្ម​ដែល​មិនមាន​បងប្អូន​កម្មករ​និយោជិត​ណាមួយ​អត់​ការងារ​ធ្វើ​ ១០០ ​ភាគរយ​នោះទេ ហើយ​រោងចក្រ​ក៏​មិនទាន់​មាន​ការស្នើសុំ​ការអនុវត្ត​វិធានការ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ក្នុងករណី (​ព្យួរការងារ​) នេះ​នៅឡើយ​ដែរ​»​។

លោក ហេង សួរ បាន​ឲ្យ​ដឹងថា​នៅក្នុង​ខែមីនា​នេះ​នឹង​មាន​រោងចក្រ សហគ្រាស ប្រហែល​ជា​ជិត ២០០ ដែល​នឹង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ១៦ ម៉ឺន​នាក់​ នឹង​ត្រូវ​ប្រឈម​ដោយ​ការប្រកាស​ព្យួរការងារ ដោយ​កត្តា​កង្វះ​វត្ថុធាតុដើម​សម្រាប់​ផលិត​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​បាន​សាទរ​ចំពោះ​ចំណាត់ការ​បណ្តោះអាសន្ន​របស់​ក្រសួង​ការងារ​ដែល​បាន​បង្កើត​ជា​វគ្គបណ្តុះបណ្តាល​ដល់​កម្មករ ប៉ុន្តែ​កត្តា​នេះ​អាច​នឹង​ផ្តល់​ការលំបាក​ខ្លះ​ដល់​កម្មករ ស្រប​ពេល​ដែល​កម្មករ​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយចំនួន ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ ២០ ​ភាគរយ​បន្ថែម​ពី​រដ្ឋាភិបាល​។

លោក​ក៏បាន​ថ្លែង​ដោយ​ក្ដីបារម្ភ​ផងដែរ​ថា បើ​បញ្ហា​នេះ​នៅតែ​បន្ត​អូសបន្លាយ​នោះ​នឹង​គំរាមកំហែង​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ព្រោះ​ជាទូទៅ​មិន​មាន​វិស័យ​ណា​អាច​មក​ជំនួស​វិស័យ​កាត់ដេរ​នេះ​បាន​ទេ ហើយ​បើសិន​ជា​កម្មករ​រាប់ម៉ឺន​នាក់​ប្រឈម​នឹង​អត់​ការងារ​ធ្វើ​នោះ​ក៏​ពិបាក​រក​ការងារ​ថ្មី​ក្នុង​វិស័យ​ផ្សេង​មក​ជំនួស​បានដែរ​។

លោក​ថ្លែងថា​៖ «​ការងារ​ផ្សេង​ត្រូវបាន​កាត់បន្ថយ បុគ្គលិក​ខ្លះ​ត្រូវ​បាន​រំសាយ និង​ព្យួរ ដូច្នេះ​ខ្ញុំ​គិតថា​វា​នឹង​ប៉ះពាល់​ព្រោះតែ​បញ្ហា​នេះ​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​»៕