ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថា នឹងតាមដានការអនុវត្តរបស់បណ្តារោងចក្រ សហគ្រាស ជុំវិញការទូទាត់បើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិត តាមគោលការណ៍ថ្មី ដែលនឹងចាប់ផ្តើមអនុវត្តជាលើកដំបូង នៅខែមិថុនានេះ ហើយក្រសួងក៏ត្រៀមវិធានការពិន័យចំពោះរោងចក្រសហគ្រាសណាដែលអនុវត្តផ្ទុយផងដែរ។
លោក ទេស រុក្ខាផល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានៃក្រសួងការងារ ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ក្រសួងនឹងបន្តជំរុញឲ្យនិយោជកអនុវត្តតាមប្រកាសរបស់ក្រសួងស្តីពីការទូទាត់បើកប្រាក់បំណាច់អតីតភាពការងារជូនកម្មករឲ្យបានគ្រប់ៗគ្នាក្នុងខែមិថុនា ដែលនឹងត្រូវបើកផ្តល់ជូនកម្មករទាំងអស់ជាមួយនឹងប្រាក់ខែរបស់ពួកគេ។
លោកបន្តថា៖ «ប្រាក់រំឭក និងប្រាក់អតីតភាពរបស់កម្មករ នឹងចាប់ផ្តើមនៅចុងខែមិថុនានេះ។ បើរកឃើញថា បណ្តារោងចក្រណាដែលមិនអនុវត្តការបើកប្រាក់រំឭក និងប្រាក់អតីតភាពការងារជូនកម្មករនោះទេ គឺនឹងប្រើវិធានការផាកពិន័យចំពោះរោងចក្រ សហគ្រាសទាំងនោះ ព្រោះអត់មានវិធានការអីផ្សេងក្រៅពីហ្នឹងទេ ក្នុងនាមក្រុមអធិការកិច្ចយើងចុះ»។
ជាមួយនឹងការរំឭកដល់រោងចក្រ សហគ្រាសនេះ លោក ទេស រុក្ខាផល អះអាងថា ផ្នែកវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើង បានឯកភាពអនុវត្តជាទូទៅទាំងប្រាក់រំឭក រួចជាស្រេចហើយ ចំណែកវិស័យផ្សេងៗ ចាប់ផ្តើមអនុវត្តប្រាក់អតីតភាពថ្មី (ឆ្នាំ ២០១៩) ដែលក្រសួងក៏កំពុងបន្តផ្សព្វផ្សាយជុំវិញការអនុវត្តគោលការណ៍ថ្មីនេះផងដែរ ខណៈលោកស្នើសុំកម្មករនិយោជិតទាំងអស់ គួរទទួលយកនូវអ្វីដែលក្រសួងបានគិតគូរជូន ចៀសវាងទាមទារលើសពីសេចក្តីណែនាំរបស់ក្រសួង។
លោកថ្លែងថា៖ «ខ្ញុំមើលដូចជាមិនចោទទេ ព្រោះវាមានការចូលរួម ដូចជា GMAC អី គាត់បានចូលរួមច្រើន ហើយក៏មានប្រកាសជាលិខិតមកវិញថាចូលរួមដោយណែនាំសមាជិកគាត់ឲ្យចូលរួមអនុវត្តតាមសេចក្តីប្រកាសនេះដែរ។ យើងក៏សង្ឃឹមថា វាអត់មានបញ្ហាអ្វីទេ ព្រោះយើងបានផ្សព្វផ្សាយតាំងពីចុងឆ្នាំហើយដែរ»។
ជាមួយគ្នានេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យដែរថា ប្រាក់អតីតភាពការងារនេះ នឹងបើកជូនកម្មករជាមួយប្រាក់ខែក្នុងខែមិថុនា។ ប៉ុន្តែលោកមិនអាចវាយតម្លៃបាននោះទេចំពោះបញ្ហានេះ។
លោកបញ្ជាក់ថា៖ «វាយតម្លៃមិនទាន់បានព្រោះមិនទាន់ដល់ពេលគេបើកប្រាក់បៀវត្សរ៍នៅឡើយ។ ប្រាក់នេះគេបើកនៅជាមួយប្រាក់ខែ ខែ ៦»។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) សុំបដិសេធការធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះដោយលោកបានបង្វែរសំណួរឲ្យទៅសួរលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា។
លោក កាំង ម៉ូនីកា បានថ្លែងកាលពីថ្ងៃចន្ទម្សិលមិញថា៖ «មិនមានអ្វីជាបញ្ហាទេ យើងបានសហការជាមួយក្រសួងការងាររៀបចំវគ្គបណ្ដុះបណ្ដាលអំពីវិធីសាស្ត្រសម្រាប់គណនារយៈពេល ៣ ថ្ងៃ គឺថ្ងៃ ១១ រហូតដល់ ១៣ ខែមិថុនានេះ»។
កាលពីឆ្នាំ ២០១៨ កន្លងទៅក្រសួងការងារបានប្រកាសពីការផ្លាស់ប្តូរនីតិវិធីអនុវត្តទូទាត់ប្រាក់បំណាច់អតីតភាពការងារជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ពីការបើកសរុបប្រាក់បំណាច់នេះនៅពេលបញ្ចប់ការងាររបស់កម្មករ មកជាការបើកជាទៀងទាត់ក្នុង ១ ឆ្នាំ ២ ដង ហើយត្រូវអនុវត្តជាដំណាក់កាលទាំងប្រាក់អតីតភាពការងារថ្មី និងប្រាក់អតីតភាពការងារមុនឆ្នាំ ២០១៩ ដោយចាប់ពីខែ មិថុនា ឆ្នាំ ២០១៩។
ដោយឡែកចំពោះសហគ្រាស គ្រឹះស្ថាន ក្រៅពីវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងគឺត្រូវអនុវត្តទូទាត់ជូនកម្មករនិយោជិត នូវប្រាក់អតីតភាពការងារថ្មី ចាប់ពីឆ្នាំ ២០១៩ ដោយបែងចែកជា ២ ដង ដោយចាប់ពីខែមិថុនាដូចគ្នា ដោយគ្រាន់តែការបើកប្រាក់រំឭកអតីតភាពការងារដែលមានមុនឆ្នាំ ២០១៩ ត្រូវពន្យារ ពេលទៅអនុវត្តក្នុងខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខ។
បើតាមលោក ហេង សួរ ធ្លាប់បានពន្យល់ថា ការទូទាត់ប្រាក់អតីតភាពការងារថ្មីដែលចេញដោយក្រសួងការងារនៅពេលនេះ គឺត្រូវអនុវត្តដូចជា ប្រាក់បំណាច់អតីតភាពការងារថ្មីប្រចាំឆ្នាំដែលមានចាប់ពីឆ្នាំ ២០១៩ នេះតទៅ ត្រូវអនុវត្តនៅគ្រប់វិស័យ ដោយក្នុង ១ ឆ្នាំ ស្មើនឹង ១៥ ថ្ងៃ ក្នុងនោះនិយោជកត្រូវទូទាត់ជូនកម្មករ និយោជិតចំនួន ៧,៥ ថ្ងៃ នៅក្នុងខែមិថុនា និង ៧,៥ ថ្ងៃ នៅក្នុងខែធ្នូនៃឆ្នាំនីមួយៗ។
ដោយឡែក «ប្រាក់រំឭក» ប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ ២០១៩ អនុវត្តជាដំបូងសម្រាប់តែវិស័យវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតស្បែកជើង គឺត្រូវបើកប្រាក់រំឭកចំនួន ៣០ ថ្ងៃ នៃប្រាក់បំណាច់អតីតភាពការងារសរុបរបស់កម្មករ ដោយគិតចំនួន ១៥ ថ្ងៃ នៅក្នុងខែមិថុនា និង ១៥ ថ្ងៃ នៅក្នុងខែធ្នូនៃឆ្នាំនីមួយៗ រហូដល់ទូទាត់អស់ជូនកម្មករ-និយោជិត។
អ្នកស្រី ស្រី នាង កម្មករនៅរោងចក្រ W&D ដែលមានអតីតភាពការងារប្រមាណជាង ៥ ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា វាជាការប្រសើរ បើប្រាក់អតីតភាពការងាររបស់ពួកគេ ពិតជាបានបើកនៅចុងខែមិថុនានេះ។ ទោះយ៉ាងណា អ្នកស្រីបារម្ភ ជុំវិញការទូទាត់របស់ថៅកែរោងចក្រ ព្រោះមិនដឹងថា ការទូទាត់ប្រាក់អតីតភាពការងាររបស់ថៅកែជូនកម្មករ បានត្រឹមត្រូវឬយ៉ាងណា?។
អ្នកស្រីបញ្ជាក់ថា៖ «បើបានមែនវាអាចបានធូរមួយកម្រិតដែរ វាធូរព្រោះយើងជិតបានទៅផ្ទះទៅអី។ តែខ្ញុំមិនសូវដឹងច្បាស់ ថាលុយហ្នឹងបានប៉ុន្មានឲ្យច្បាស់ទេ។ សប្បាយ វាសប្បាយហើយ តែយើងមិនដឹងច្បាស់ថា គេបើកឲ្យយើងត្រឹមត្រូវឬអត់បើយើងមិនដឹងគេគិតម៉េចឲ្យយើងផង។ ដូចពេលណាទេ ខ្ញុំប្រជុំជាមួយគេ គេថាមានប្រាក់អីបន្ថែមឲ្យខ្ញុំ តែមិនដែលបានទទួលផង»៕