ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើការហាមឃាត់ជនបរទេស ដែលមករស់នៅក្នុងប្រទេសកម្ពុជា មិនឱ្យធ្វើសកម្មភាពស្វ័យនិយោជ (មុខរបរផ្ទាល់ខ្លួនម្នាក់ឯង) លើប្រភេទមុខរបរ និងការងារមួយចំនួន ដើម្បីការពារការដណ្តើមទីផ្សាររបស់ពលរដ្ឋខ្មែរ ដោយភាគច្រើននៃមុខរបរដែលនឹងហាមឃាត់នេះ គឺវាស្ថិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា សេចក្តីប្រកាសដែលនឹងកំណត់អំពីការងារដែលត្រូវហាមសម្រាប់ជនបរទេសនេះ អាចនឹងប្រកាសឲ្យអនុវត្តនៅក្នុងសប្តាហ៍ទី ២ នៃខែ សីហា ខាងមុខ ខណៈដែលលោកបញ្ជាក់ពីគោលដៅក្នុងការបង្កើតច្បាប់នេះ គឺដើម្បីការពារនូវមុខរបរ អាជីវកម្មខ្នាតតូច ឬជាលក្ខណៈគ្រួសារ សម្រាប់ទុកឲ្យប្រជាពលរដ្ឋរស់នៅមូលដ្ឋាន។ លោកបញ្ជាក់ថា ក្នុងប្រទេសនីមួយៗ គឺមានការតាក់តែងលិខិតបទដ្ឋានគតិយុត្តស្របទៅតាមបច្ចុប្បន្នភាពនៃតម្រូវការជាក់ស្តែងតាមកាលៈទេសៈនីមួយៗ ដែលបណ្តាប្រទេសមួយចំនួន ក៏មានការកំណត់នូវលក្ខខណ្ឌ ឬក៏ហាមជនបរទេសមិនឲ្យប្រកបមុខរបរ ឬក៏ធ្វើការងារអាជីវកម្មខ្នាតតូចឬជាលក្ខណៈគ្រួសារ។
លោក សួរ ថ្លែងថា៖ «សម្រាប់នៅកម្ពុជាយើងនេះ ពិតជាមានបំណង់ ដើម្បីការពារនូវមុខរបរ អាជីវកម្មខ្នាតតូច ឬក៏ជាលក្ខណៈគ្រួសារ ដែលយើងប្រើពាក្យថា ស្វ័យនិយោជនេះ គឺសម្រាប់ទុកឲ្យបងប្អូនយើងដែលជាអ្នករស់នៅមូលដ្ឋាន។ យើងពិនិត្យឃើញថា នៅកម្ពុជានេះ គឺជាពេលវេលាមួយ ដែលអាចគិតថា សមស្របក្នុងការកំណត់នូវប្រភេទមុខរបរនៃការងារមួយចំនួនដែលជនបរទេសមិនគួរធ្វើនៅកម្ពុជា ជាពិសេសគឺមុខរបរជាលក្ខណៈអាជីវកម្មតូចៗ ក្រៅប្រព័ន្ធ»។
លោក ហេង សួរ បានបញ្ជាក់ថា ប្រកាសនេះ មានគោលដៅហាមជនបរទេស មិនឱ្យធ្វើសកម្មភាពស្វ័យនិយោជលើប្រភេទមុខរបរ និងការងារ មួយចំនួនដូចជា បើកបរយានយន្តតាក់ស៊ី ម៉ូតូកង់បី ម៉ូតូឌុប លក់ដូរតាមផ្លូវ ឬតាមរទេះរុញ កាត់សក់ ចែកចាយផលិតផល និងអាជីវកម្មខ្នាតតូច ខណៈការងារមួយចំនួនទៀត ដូចជាតំណែងជាប្រធានផ្នែកធនធានមនុស្ស ឬបុគ្គលិកនៅក្នុងសហគ្រាស គ្រឹះស្ថានឯកជន ក៏នឹងអាចត្រូវហាមឃាត់ផងដែរ។
លោក សួរ ថ្លែងថា៖ «ហើយក្នុងវិស័យដែលយើងនឹងហាមគឺស្ថិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការលក់ដូរ កំប៉ិកកំប៉ុក នៅតាមផ្លូវ តាមរទេះរុញ ឬមួយក៏ប្រកបនូវការជួលឡាន បើកឡានតាក់ស៊ី ម៉ូតូឌុប ដែលជាទូទៅជាការងារ និងមុខរបរ ដែលបងប្អូនប្រជាពលរដ្ឋយើង អាចធ្វើបានដោយខ្លួនឯង មិនអាចឲ្យជនបរទេសណាមួយមកធ្វើការងារនេះទេ»។
យោងតាមច្បាប់ជាតិ និងអន្តរជាតិមួយចំនួន ដែលប្រកាសឲ្យប្រើប្រាស់បានឲ្យដឹងថា កម្ពុជាក៏ដូចបណ្តាប្រទេសនានាដែរ ជនបរទេសអាចមកធ្វើការវិនិយោគ ប្រកបអាជីវកម្ម និងធ្វើការងារនៅកម្ពុជាបាន ប្រសិនជាបុគ្គលនោះទទួលបាន ការអនុញ្ញាតលើគម្រោងវិនិយោគ ឬអាជីវកម្មរបស់ខ្លួន មានទិដ្ឋាការស្នាក់នៅរយៈពេលវែង និងមានប័ណ្ណ/សៀវភៅការងារជនបរទេស ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។
លោកមេធាវី សុក សំអឿន បាននិយាយកាលពីម្សិលមិញថា ការកំណត់ពីការហាមឃាត់ជនបរទេស មិនឲ្យប្រកបមុខរបរមួយចំនួននេះ ក៏ជាការប្រសើរផងដែរ ស្របពេលដែលលំហូរចូលជនបរទេស ជាជនជាតិចិន ដែលឃើញសព្វថ្ងៃ បានដណ្តើមទីផ្សារការងាររបស់ពលរដ្ឋខ្មែរក្នុងស្រុក។ ជាមួយនឹងការសាទរចំពោះវិធានការនេះ លោកបន្ថែមថា ដើម្បីទប់ស្កាត់បញ្ហានេះ និងធ្វើឲ្យប្រសើរឡើងផ្នែកការងារ ការដំឡើងពន្ធបន្ថែមលើជនបរទេស និងការគ្រប់គ្រងជនបរទេសឲ្យត្រឹមត្រូវ គឺជាវិធានការមួយដែលល្អផងដែរ។
លោក សំអឿន ថ្លែងថា៖ «សម្រាប់ឲ្យខ្មែរយើងក៏ល្អម្យ៉ាងដែរ ខ្ញុំគិតថា បើការងារដែលអាចមានបរទេស ហើយយកពន្ធឲ្យច្រើនជាងខ្មែរយើង ក៏ល្អម្យ៉ាងដែរ ព្រោះការងារខ្លះ យើងបិទ អាចបាត់ផល (ចំណេញ) ពីបរទេសមកវិនិយោគនៅស្រុកខ្មែរដែរ»។
លោក សំអឿន អះអាងផងដែរថា ការគ្រប់គ្រងប្រព័ន្ធរបស់រដ្ឋាភិបាលទៅលើជនបរទេសនាពេលកន្លងមកដូចជានៅខ្សោយ។ យោងតាមច្បាប់ការងារ និងសេចក្តីប្រកាសបន្ថែមស្តីពីការប្រើប្រាស់ហត្ថពលកម្មបរទេស បានកំណត់ឲ្យគ្រប់រោងចក្រ សហគ្រាស គ្រឹះស្ថាននៅកម្ពុជា អាចប្រើប្រាស់ជនបរទេស ដែលជាអ្នកឯកទេស អ្នកបច្ចេទេស ឬអ្នកមានជំនាញវិជ្ជាជីវៈ យ៉ាងហោចណាស់ ១០ ភាគរយប៉ុណ្ណោះ នៃចំនួនបុគ្គលិក ឬកម្មករសរុបនៅស្ថាប័នទាំងនោះ ខណៈច្បាប់ ក៏កំណត់ឲ្យគ្រប់ស្ថាប័នទាំងអស់ ត្រូវជ្រើសរើសជនជាតិខ្មែរ នៅក្នុងតំណែងណាមួយជាអាទិភាពផងដែរ។
លោក សុក សំអឿន បានអះអាងថាភាពចន្លោះប្រហោងនៃច្បាប់ចំពោះការកំណត់ការហាមឃាត់មុខរបរណាមួយមិនឲ្យជនបរទេសធ្វើនោះ គឺជាឱកាសមួយដែលនាំឲ្យជនបរទេសទាំងនោះ អាចប្រកបអាជីវកម្ម គ្រប់បែបយ៉ាង ដែលពួកគេចង់។
លោក ហេង សួរ ឲ្យដឹងថាវិនិយោគិនបរទេស ដែលស្នាក់នៅជាប្រចាំនៅកម្ពុជាត្រូវបង់អាករលើទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នរយៈពេលវែងចំនួន ១៨០ ដុល្លារ ក្នុង ១ ឆ្នាំ និងបង់អាករប័ណ្ណ/សៀវភៅ ការងារប្រមាណជា ១៣០ ដុល្លារ ក្នុង ១ ឆ្នាំ។
ដោយឡែកសម្រាប់ជនបរទេស ដែលមកធ្វើការងារនៅកម្ពុជា ក្រៅពីបង់អាករទាំង ២ នេះ គឺត្រូវបង់អាករស្នើសុំកូតាប្រើប្រាស់ជនបរទេសប្រមាណ ៥០ ដុល្លារ ក្នុង ១ ឆ្នាំបន្ថែមទៀត។ ជារួមជនបរទេសម្នាក់ត្រូវបង់អាករ ជាចំណូលថវិកាជាតិប្រមាណជា ៣៦០ ដុល្លារ ក្នុង ១ ឆ្នាំ៕