ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ឯកជន​ជាតិ និង​អន្តរជាតិ​ ២០០ ​ក្រុមហ៊ុន​ នឹង​ចូលរួម​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​ ២០១៩ ចំនួន​ ២ ​ថ្ងៃ​ នៅ​ដើម​ខែ​វិច្ឆិកា ហើយ​ក្នុង​អំឡុង​ពេលនោះ​ក្រុមហ៊ុន​នានា​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ចំនួន​ ២ ​ម៉ឺន​នាក់​។

ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ២-៣ ខែ​វិច្ឆិកា ​នៅ​អគារ​ពិព័រណ៍​កោះពេជ្រ ដើម្បី​ផ្តល់នូវ​ទីកន្លែង​ជួបជុំ​គ្នា​ដោយ​ងាយស្រួល​សម្រាប់​និយោជក​អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល អ្នក​ស្វែងរក​ការងារ​ធ្វើ និង​កម្មករ​និយោជិត​ក្នុង​ការទទួល​បាន​ឱកាស​ការងារ ជ្រើសរើស​បុគ្គលិក និង​ចែករំលែក​​ព័ត៌មាន​ទីផ្សារការងារ​។

លោក ហៃ ហ៊ុនឡេង ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ចន្ទ​ថា នេះ​គឺជា​លើក​ទី​ ៩ ហើយ​ដែល​កម្ពុជា​បាន​រៀបចំ​ឲ្យ​មាន​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ បន្ទាប់ពី​លើកដំបូង​បានចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១១​។ សម្រាប់​ឆ្នាំ ២០១៩ ​នេះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រោម​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) នឹង​រួមគ្នា​រៀបចំ​មហា​ព្រឹត្តិការណ៍​ដ៏ធំ​ប្រចាំ​ឆ្នាំ​នេះ​ជាថ្មីទៀត​។

លោក​អះអាង​ថា ឱកាស​ការងារ​គ្រប់​ប្រភេទ​ប្រមាណ​ ២ ​ម៉ឺន​មុខ​តំណែង ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​សហគ្រាស​ធំៗ​មកពី​វិស័យ​ឯកជន​សុទ្ធសាធ​ជាង​ ១៥០ បន្ថែម​ពី​នោះ​ក្នុង​នោះ​មាន​ដៃគូ​សហការ​ជាច្រើន​ទៀត ដែល​ជា​ក្រសួង​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​។ កន្លែង​ការងារ​ទាំងនោះ​មាន​ក្នុង​ពី​វិស័យ​សំខាន់ៗ​ដូចជា ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើន បន្ទាប់មក​មាន​ផ្នែក​សំណង់ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច ទូរគមនាគមន៍ ការអប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​កម្មន្តសាល​។

លោក ហៃ ហ៊ុនឡេង (​កណ្ដាល​) ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ​នៃ​ក្រសួង​ការងារ​។ហេង ជីវ័ន

លោក ហៃ ហ៊ុនឡេង បាន​ឲ្យ​ដឹង​ដែរ​ថា​ក្រៅពី​ទទួល​បាន​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង អ្នកចូលរួម​នឹង​ទទួល​បាន​ព័ត៌មាន​ពី​ផែនការ តម្រូវការ និង​គោលនយោបាយ​ក្នុង​ការជ្រើសរើស​កម្លាំង​ពលកម្ម​នាពេល​បច្ចុប្បន្ន និង​អនាគត​កម្មវិធីសិក្សា អាហារូបករណ៍ វគ្គ​សិក្សា និង​កម្មវិធី​អភិវឌ្ឍ​ជំនាញ​។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា មហាព្រឹត្តិការណ៍​នេះ​នឹង​រៀបចំ​ផងដែរ​នូវ​សិក្ខាសាលា​ស្តីពី​ផលិតភាព​ដើម្បី​ចូលរួម​លើកកម្ពស់​ការយល់ដឹង​ពី​ផលិតភាព ការបង្ហាញ​អំពី​វិធីសាស្ត្រ​បំពេញ​​ការងារ គំនិត​ច្នៃប្រឌិត​ថ្មី ជំនាញ និង​ឧបករណ៍​បច្ចេកវិទ្យា​ស្រប​តាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ឧស្សាហកម្ម​ទី​ ៤ ដែល​ពឹងផ្អែក​ជា​ចម្បង​លើ​ប្រព័ន្ធ​ឌីជីថល​។

លោក សុំ មនោរម្យ ប្រធាន​លេខាធិការដ្ឋាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ឲ្យ​ដឹងថា សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ​នឹង​នាំមក​នូវ​វាគ្មិន​ជាតិ​អន្តរជាតិ​ល្បីៗ​ដើម្បី​ចូលរួម​ចែករំលែក​ចំណេះដឹង បទពិសោធ និង​ការអនុវត្ត​ល្អ​លើ​ប្រធានបទ​ពាក់ព័ន្ធ​ការបង្កើន​ផលិតភាព​ការងារ​ប្រកប​ដោយ​ភាពជោគជ័យ​កន្លងមក​។ យុវជន សិស្សនិស្សិត អ្នក​ស្វែងរក​ការងារ​ធ្វើ និង​កម្មករនិយោជិត​ទាំងអស់​ចូលរួម​ទស្សនា និង​អាច​ត្រៀម​ CV តាម​ជំនាញ​រៀងៗ​ខ្លួន​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ចូលរួម​ផ្សព្វផ្សាយ​ទៅ​ដល់​យុវជន​របស់​យើង ជាពិសេស​យុវជន​ដែល​កំពុងតែ​សិក្សា​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ភ្នំពេញ ក៏ដូចជា​ប្អូនៗ​ដែល​ទើបតែ​បញ្ចប់​ថ្នាក់​ទី​ ១២ ដែល​នេះ​គឺ​គោលដៅ​សំខាន់​ដែល​យើង​បាន​ចូលរួម​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​បាន​ទៅ​ដល់ដៃ​ប្អូនៗ​»​។

អ្នកស្រី សុភ័ក្រ តំណាង​មកពី​ធនាគារ PPC Bank បាន​ឲ្យ​ដឹងថា សម្រាប់​ឆ្នាំនេះ ធនាគារ រំពឹង​ទុក​ថា​នឹង​មាន​អ្នក​មក​ដាក់​ការងារ​ថ្មី​នៅ​ធនាគារ​នេះ ចន្លោះ​ពី ៣០០ ទៅ​ ៤០០ ​នាក់​។

អ្នកស្រី​ថ្លែងថា​ក្នុង​ពេល​បច្ចុប្បន្ន​តម្រូវការ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ធនាគារ​មាន​ច្រើនជាង​ធនធាន​មនុស្ស​ដែលមាន​។ ដូច្នេះ​ធ្វើឲ្យ​សិស្សានុសិស្ស​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​មាន​ឱកាស​ច្រើនជាង​វិស័យ​ផ្សេងៗ​។ សម្រាប់​ក្នុង​​ឱកាស​នេះ អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ និង​សិស្ស​ដែល​គាត់​ទើបតែ​បញ្ចប់​ការសិក្សា គួរតែ​ត្រៀមខ្លួន​ជាស្រេច​ជាមួយ​នឹង CV ហើយ​នឹង​ការសម្រេចចិត្ត​ខ្ពស់​ថា ត្រូវ​ជ្រើសរើស​ក្រុមហ៊ុន​មួយណា ដែល​គាត់​នឹង​ផ្ញើ​អនាគត​ជាមួយ​។ នៅពេល​ដែល​គាត់​តៀម​ខ្លួន​រួចហើយ ពេល​គាត់​ទៅ​ចូលរួម​នោះ គាត់​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការសម្ភាស​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ឲ្យ​ដឹងថា ពិព័រណ៍​ដ៏ធំ​នេះ​ត្រូវបាន​រំពឹងថា​មាន​អ្នកចូលរួម​ទស្សនា​ជាង ៣ ម៉ឺន​នាក់​ ដែល​ភាគច្រើន​ជា​សិស្ស-និស្សិត យុវជន អ្នកស្វែងរក​ការងារ និង​កម្មករនិយោជិត​ពី​គ្រប់​វិស័យ អាច​នឹង​ចូលរួម​ទស្សនា​ឱកាស​ការងារ និង​ទទួលបាន​បទពិសោធ​ថ្មីៗ​ដែល​នឹង​ត្រូវបាន​តាំង​បង្ហាញ​នៅក្នុង​បញ្ជរ​សរុប​ចំនួន​ ៣០៕