ភ្នំពេញៈ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ដែល​បន្ត​ព្យួរការងារ​ប្រមាណ​ ១ ​ម៉ឺន​ ២ ​ពាន់​នាក់ សម្រាប់​ជុំ​ទី​ ៧ ខណៈ​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង ស្នើឲ្យ​មន្ត្រី​បន្ត​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​នូវ​ការទាមទារ​របស់​ពលរដ្ឋ និង​កម្មករនិយោជិត​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​អំឡុង​ពេល​កូវីដ​ ១៩​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់មុខ​សញ្ញា​ (​គ.ក.ប) ​នៅ​ថ្ងៃទី​ ២៣ ​មិថុនា​ថា គ.ក.ប. គ្រប់​កម្រិត​រួមទាំង​រាជធានី-ខេត្ត​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ដោះស្រាយ​នូវ​អ្វី​ដែល​ជា​បញ្ហា​នៃ​ការទាមទារ​របស់​ពលរដ្ឋ និង​កម្មករនិយោជិត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាព​។

លោក​បន្តថា រាល់​ករណី​កូដកម្ម បាតុកម្ម​ដែល​កើតឡើង​នៅតាម​ភូមិសាស្ត្រ​ណាមួយ គណៈបញ្ជាការ​ឯកភាព និង​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​គ្រប់មុខ​សញ្ញា ត្រូវ​ទទួល​ខុសត្រូវ​ដឹកនាំ​ដោះស្រាយ​រាល់​ករណី​ជាក់ស្តែង​នីមួយៗ​។

លោក​ថា​៖ «​ជាពិសេស​ត្រូវ​ក្តាប់​នូវ​មូលហេតុ​នៃ​បញ្ហា ភ័ស្តុតាង​ និង​មុខសញ្ញា​ជន​ឱកាសនិយម​ដែល​ញុះញង់ ឬ​ធ្វើ​សកម្មភាព​ខុសច្បាប់​។ ត្រូវខិតខំ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​សហជីព​បងប្អូន កម្មករ​និយោជិត​ដែល​ធ្វើ​កូដកម្ម បាតុកម្ម​ស្របច្បាប់​។ ក្នុង​ករណី​មាន​អំពើហិង្សា​ត្រូវ​ចាត់វិធានការ​តាម​នីតិវិធី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​»​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី​ ២៣ មិថុនា ឲ្យ​ដឹងថា មាន​កម្មករនិយោជិត​ចំនួន​ ១២ ៧៦០ ​នាក់​ នៃ​រោងចក្រ សហគ្រាស​ទាំង​ ៣៤ នៃ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​ដែល​ទទួល​បាន​ការអនុញ្ញាត​ព្យួរការងារ នឹង​ទទួល​ប្រាក់ឧបត្ថម្ភ​ទៅតាម​ការកំណត់​ដែល​នឹងត្រូវ​ទទួល​បាន​សម្រាប់​ជុំ​ទី​៧ នេះ​។

ក្រសួង​បន្តថា សម្រាប់​ជុំ​ទី​ ៧ ការផ្តល់ជូន​នៅតែ​ត្រូវ​បាន​បែងចែក​ជា​ ៣ ​ផ្នែក​ដដែល​គឺ​សម្រាប់​ការព្យួរ កិច្ចសន្យា​ការងារ​រយៈពេល​ ៧ ​ទៅ​ ១០ ​ថ្ងៃ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រមាណ ១៥ ​ដុល្លារ​។ ឯ​ការព្យួរ​កិច្ចសន្យា​ការងារ​រយៈពេល​ ១១ ​ទៅ​ ២០ ​ថ្ងៃ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រមាណ ៣០ ​ដុល្លារ និង​ការព្យួរ​កិច្ចសន្យា​ការងារ​រយៈពេល​​ ២១ ​ថ្ងៃ​ដល់​ ១ ​ខែ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ ៤០ ​ដុល្លារ​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ប្រាប់​ពី​ម្សិលមិញ​ថា​ការបើក​ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​រហូត​ពេល​នេះ​គឺ​មាន​កម្មករ​ប្រមាណ​ ១៦៩ ១៦១ ​នាក់​ហើយ​។ ក្នុងនោះ​រដ្ឋ​បាន​បើកប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​ដែល​ត្រូវ​បាន​ព្យួរការងារ ដោយ​ចំណាយ​ថវិកា​ប្រមាណ​ ១៥ ៩២០ ៤៧៥ ៥៣០ ​រៀល ឬ​ប្រមាណ​ ៣,៩ ​លាន​ដុល្លារ​៕