ភ្នំពេញៈ ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ ណែនាំ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន និង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ចំនួន​ ៥ ​ឲ្យ​រៀបចំ​បំពេញ​នីតិវិធី​នៃ​ការព្យួរ​កិច្ចសន្យា​ការងារ​ជា​ដាច់ខាត ដើម្បី​ងាយស្រួល​ដល់​ក្រសួង​ធ្វើជា​មូលដ្ឋាន​ក្នុង​ការបង្វិល​លុយ​ ៤០ ​ដុល្លារ ​ក្នុង​ ១ ​ខែ​ដល់​កម្មករនិយោជិត​តាមរយៈ​ធនាគារ​វីង​។

កាលពី​ថ្ងៃទី​ ៧ ខែ​មេសា ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​កែប្រែ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ កម្មការិនី​កាត់ដេរ​ពី​ការទទួល​បាន​ ៦០ ​ភាគរយ ​ក្នុង​អំឡុងពេល​ព្យួរការងារ​មក​ទទួល​បាន​ប្រាក់​ ៧០ ​ដុល្លារ​វិញ ដោយ​ក្នុង​នោះ ៤០ ​ដុល្លារ ​ទទួល​បាន​ពី​រដ្ឋាភិបាល និង​ ៣០ ​ដុល្លារ​ទទួល​បាន​ពី​ថៅកែ​រោងចក្រ​។

ជាមួយ​គ្នា​នេះ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​ស្នើឲ្យ​ក្រសួង​ចេញ​សេចក្តី​ណែនាំ​ឲ្យ​បាន​ជាក់លាក់ ជុំវិញ​នីតិវិធី​នៃ​ការផ្តល់​ប្រាក់ឧបត្ថម្ភ​នេះ​ជូន​ដល់​កម្មករ​។ ព្រោះ​កន្លងទៅ​កម្មករ​មួយ​ចំនួន​អះអាង​ថា ពួកគេ​មិនទាន់​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ ៤០ ​ដុល្លារ​ពី​រដ្ឋាភិបាល​នៅឡើយ​។

សេចក្តី​ណែនាំ​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី​ ១៧ មេសា ឲ្យ​ដឹងថា ដើម្បី​អាច​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ៤០ ​ដុល្លារ​បាន ​គឺ​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង ត្រូវ​រួមគ្នា​ជាដាច់ខាត​បំពេញ​នូវ​នីតិវិធី​នៃ​ការព្យួរ​កិច្ចសន្យា​ការងារ​ដែល​កំណត់​ដោយ​ក្រសួង​ការងារ​។

ក្រសួង​ថា ចំពោះ​កម្មករ​និយោជិត​ក្នុង​វិស័យ​ទេសចរណ៍​ដែល​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្តកំពត​មានដូចជា​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ភ្នាក់ងារ​ទេសចរណ៍​ទាំងអស់ ដែល​រង​ផលប៉ះពាល់​ជាក់ស្តែង​នាំឱ្យ​ព្យួរ​សកម្មភាព​ផលិតកម្ម ឬ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​នោះ​ក៏​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​នេះ​ដូចគ្នា​។

ក្រសួង​បន្តថា​៖ «​ផ្សព្វផ្សាយ និង ជូន​ដំណឹង​ឲ្យ​បាន​ទូលំទូលាយ និង​ជា​ចំហ​ដល់​កម្មករនិយោជិត​ដែល​ត្រូវបាន​ព្យួរការងារ​ឲ្យ​បានផ្តល់​ជាដាច់ខាត​នូវ​លេខ​អត្តសញ្ញាណប័ណ្ណ លេខ​ទូរស័ព្ទ​ផ្ទាល់ ឬ​សាច់ញាតិ​ដើម្បី​ក្រសួង​យកទៅ ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ផ្ទេរប្រាក់​ឧបត្ថម្ភ​ចំនួន​ ៤០ ​ដុល្លារ​ក្នុង​ ១ ​ខែ​តាមរយៈ​ធនាគារ​ឯកទេស​វីង​»​។

ជាមួយ​គ្នា​នោះ​ក្រសួង​ការងារ​បាន​ព្រមាន​ថា បើ​ក្នុង​ករណី​ដែល​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ដែល​ខកខាន​ក្នុង​ការផ្សព្វផ្សាយ និង​ខកខាន​បំពេញ​តាម​សេចក្តី​ណែនាំ​នេះ​គឺ​ត្រូវ​ទទួល​ខុសត្រូវ​បង់​ជូន​កម្មករនិយោជិត​នូវ​ប្រាក់ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ចំនួន​ ៤០ ​ដុល្លារ ​ក្នុង​ ១ ​ខែ​ដោយ​ខ្លួនឯង​។

លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បាន​បញ្ជាក់​ក្នុង​សេចក្តី​ណែនាំ​ថា នៅពេល​ដែល​ម្ចាស់​សហគ្រាស​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ហើយ​នោះ កម្មករនិយោជិត​នឹង​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​និយោជក​ ១០ ​ដុល្លារ និង​ពី​រដ្ឋាភិបាល​ចំនួន​ ១៥ ​ដុល្លារ​នៅពេល​រោងចក្រ សហគ្រាស ប្រកាស​ព្យួរការងារ​រយៈពេល​ត្រឹមតែ​ ៧ ​ថ្ងៃ​ដល់​ ១០ ​ថ្ងៃ​។

លោក​បន្តថា បើ​ក្នុង​ករណី​រោងចក្រ សហគ្រាស ប្រកាស​ព្យួរការងារ​រយៈពេល​ពី​ ១០ ដល់​ ២០ ​ថ្ងៃ​ កម្មករនិយោជិត​នឹង​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​និយោជក​ ២០ ​ដុល្លារ និង​ពី​រដ្ឋាភិបាល​ ៣០ ​ដុល្លារ​។ ក្នុងករណី​ដែល​រោងចក្រ សហគ្រាស ប្រកាស​ព្យួរការងារ​ពេញ​ ១ ​ខែ​នោះ​នឹង​ទទួលបាន​ ៣០ ​ដុល្លារ​ពី​និយោជក និង​ ៤០ ​ដុល្លារ​ពី​រដ្ឋាភិបាល​។

លោក​ អ៊ិត សំហេង បញ្ជាក់ថា​៖ «​ក្រោយពេល​ព្យួរ​កិច្ចសន្យា​ចំនួន​ ១០ ​ថ្ងៃ កម្មករនិយោជិត​នឹង​ទទួល​បាន​សារ​តាមរយៈ​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វីង ដែល​ជម្រាប​ដំណឹង​អំពី​ចំនួន​ទឹកប្រាក់ ដែល​ត្រូវ​ទទួលបាន​។ ក្រោយ​ទទួល​បាន​សារ​ជូនដំណឹង​នេះ សូម​បងប្អូន​យក​អត្តសញ្ញាណប័ណ្ណ​សញ្ញាតិ​ខ្មែរ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នៅ​ភ្នាក់ងារ​វីង​ណាមួយ​ដែល​នៅ​ជិត​ផ្ទះ​បំផុត​»​។

ទោះយ៉ាងណា​លោក​បញ្ជាក់​ដែរ​ថា ក្នុងករណី​ដែល​កម្មករ​និយោជិត​ខកខាន​មិន​បាន​ចូលរួម​សហការ​ក្នុង​ការផ្តល់​ឯកសារ និង​លេខ​ទូរស័ព្ទ​នោះ ពួកគេ​នឹង​មិន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ ៤០ ​ដុល្លារ​ ពី​រដ្ឋាភិបាល​នោះទេ គឺ​មានន័យថា ពួកគេ​បាន​បោះបង់​ការទទួល​យក​នូវ​ប្រាក់ឧបត្ថម្ភ​ទាំងនេះ​។

លោក​ កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ប្រាប់​ពី​ម្សិលមិញ​ថា​៖ «​នេះ​គឺជា​ការអនុវត្ត​គោលនយោបាយ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ និយោជិត​ក្នុង​វិស័យសេដ្ឋកិច្ច​រៀបរយ​ជា​លើក​ទី​ ១ ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​ក្នុង​កម្រិត​ណាមួយ​នោះ​យើង​គួរ​មាន​មោទនភាព​នូវ​ការបោះ​ជំហាន​ជា​វិជ្ជមាន​នេះ​។ ជា​នីតិវិធី​ខ្ញុំ​គិតថា​មិន​មាន​ការស្មុគស្មាញ​ទេ​គ្រាន់​តែ​មាន​បន្ទុក​ការងារ រដ្ឋបាល​ច្រើន​បន្តិច​សម្រាប់​ខាង​ភាគី​រោងចក្រ​»​។

លោកស្រី​ យ៉ាង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ថ្លែង​ថា ករណី​នេះ​កន្លង​ទៅ​និយោជក​តែងតែ​ព្យាយាម​គេចវេះ មិន​បំពេញ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ការព្យួរ​ការងារ​នោះទេ ដែល​ជា​ហេតុ​ធ្វើឲ្យ​ការអនុវត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​មាន​ភាពយឺតយ៉ាវ ឬ​មិនអាច​ធ្វើ​ទៅ​បាន​។

លោកស្រី​ថា​៖ «​ខ្ញុំ​គិតថា អាច​អនុវត្ត​បាន​ពីព្រោះ​បើ​ក្រុមហ៊ុន គាត់​ចង់​រួច​កាតព្វកិច្ច​ក្នុង​ការចេញ​លុយ​ឲ្យ​បងប្អូន​កម្មករ​ជំនួស​រដ្ឋាភិបាល​។ ​ប៉ុន្តែ​មិន​បំពេញ​កាតព្វកិច្ច​ក្នុង​ការព្យួរការងារ​ត្រឹមត្រូវ គាត់​មិន​អើពើ​នោះ​គាត់​នឹង​ទទួលខុស​ត្រូវ​បញ្ហា​នេះ​។ ចំណែក​កម្មករ​គឺ​បាន​ចូលរួម​អនុវត្ត​តួនាទី​របស់​ពួកគាត់ រួចរាល់​អស់​ហើយ​តាំងតែ​ក្រសួង​ប្រកាស​ប្រមូល​លេខ​ទូរស័ព្ទ​តាំង​ពី​មុន​មក​»​។

បើតាម​លោក​ ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​គិត​ត្រឹម​ពាក់កណ្តាល​ខែមេសា រោងចក្រ​ប្រមាណ​ជាង​ ១០០ ​បាន​ប្រកាស​ព្យួរការងារ​កម្មករ​ដោយ​ហេតុផល ថា​ខ្វះ​វត្ថុធាតុដើម​ ឬ​គ្មាន​ការបញ្ជាទិញ​ ឬ​មិនមាន​ទីផ្សារ​នាំចេញ​៕