ភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកាស​ឲ្យ​ម្ចាស់​ផ្នែក​សេវាកម្ម​ដឹក​ជញ្ជូន​កម្មករ ស្នើសុំ​បណ្ណ​អនុញ្ញាត​ដឹក​កម្មករ និយោជិត​សម្រាប់​រោងចក្រ សហគ្រាស និង​សិប្បកម្ម ដែល​ស្ថិត​ក្នុង​តំបន់​លឿង ដោយ​ការ​ស្នើសុំ​បណ្ណ​អាច​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​បែប​ទំនើប​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ក៏​បាន។

តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​នៅ​ថ្ងៃទី ២៨ ខែ​មេសា​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​ប្រាប់​ទៅ​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​សិប្បកម្ម ព្រម​ទាំង​អ្នក​ផ្តល់​សេវាដឹក​ជញ្ជូន​កម្មករ និយោជិត និង​បុគ្គលិក​ទាំង​អស់ ដែល​ស្ថិត​ក្នុង​តំបន់​លឿង​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល អាច​ស្នើសុំ​បណ្ណ​អនុញ្ញាត​ដឹក​ជញ្ជូន​កម្មករ​និយោជិត​បាន​តាមរយៈ​កម្មវិធី​បច្ចេក​វិទ្យា​ទំនើប​ដោយ ចូលទៅ​តាម​តំណរ​ភ្ជាប់​នេះ https://transportationpass. mlvt.gov.kh។

តាមរយៈ​តំណរ​ភ្ជាប់​នេះ ម្ចាស់​រថយន្ត ឬ​យានយន្ត​ដឹក​ជញ្ជូន​កម្មករ អាច​ធ្វើ​ការ​ស្នើ​សុំ​ចុះ​ឈ្មោះ ស្នើសុំ​បណ្ណ​អនុញ្ញាត​ដឹក​កម្មករ​និយោជិត ដោយ​បំពេញ​ឈ្មោះ​អ្នក​បើកបរ ភេទ ថ្ងៃ​ខែ​ឆ្នាំ​កំណើត លេខ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឈ្មោះ​រោងចក្រ​សហគ្រាស​ចំនួន​កម្មករ​ដែល​ត្រូវ​ដឹក ទីតាំង​រោចក្រ សហគ្រាស ស្លាក​លេខ​រថយន្ត ឬ​យានយន្ត លេខ​ទូរស័ព្ទ និង​ចន្លោះ​ផ្លូវ​ដែល​មិន​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម ឬ​តំបន់​លឿង​ទុំ។

លោក អ៊ិត សំហេង បញ្ជាក់​ថា ការ​ប្រកាស​ឲ្យ​ស្នើសុំ​បណ្ណ​ដឹក​ជញ្ជូន​កម្មករ​និយោជិត​នេះ ​ធ្វើ​ឡើង​ដោយ​យោង​តាម​ប្រការ ៦ នៃ​សេចក្តី​សម្រេច​លេខ ៥៤ សសរ ចុះ​ថ្ងៃទី ២៦ ខែមេសា ស្តីពី​ការ​បន្ត​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោក​ថ្លែង​ថា៖ «អ្នក​ស្នើសុំ​បណ្ណ​ដឹក​ជញ្ជូន នឹង​ទទួល​បាន​បណ្ណ​អនុញ្ញាត​ជា​ទម្រង់​ឌីជីថល​ក្នុង​រយៈពេល ១ ថ្ងៃ បន្ទាប់​ពី​ការ​ស្នើសុំ និង​បំពេញ​ព័ត៌មាន​បាន​ត្រឹមត្រូវ ដោយ​គ្រាន់​តែ​ចុច​តំណរ​ភ្ជាប់ https://transportationpass. mlvt.gov.kh ហើយ​ចុច​ត្រង់​ពាក្យ​ថា ពិនិត្យ​មើល​ស្ថានភាព​ការ​ស្នើសុំ ហើយ​បំពេញ​ថ្ងៃខែឆ្នាំ​កំណើត និង​លេខ​ទូរស័ព្ទ​ជា​ការ​ស្រេច»។

សេចក្តី​ជូន​ដំណឹង​ស្តីពី​ការ​ប្រើប្រាស់​បណ្ណ​អនុញ្ញាត​ដឹក​ជញ្ជូន​កម្មករ​និយោជិត និង​បុគ្គលិក​សម្រាប់​រោងចក្រ សហគ្រាស និង​សិប្បកម្ម ដែល​ស្ថិត​ក្នុង​តំបន់​លឿង របស់​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ដើម្បី​បង្ហាញ​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​រៀងរាល់​ពេល​ធ្វើ​ដំណើរ​ទៅ​កន្លែង​ធ្វើ​ការងារ និង​ត្រឡប់​មក​ផ្ទះ​វិញ អ្នក​ផ្តល់​សេវា​ដឹក​ជញ្ជូន​កម្មករ​និយោជិត និង​បុគ្គលិក ត្រូវ​យក​តាម​ខ្លួន​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ កាត​សម្គាល់​កម្មករ​និយោជិត ឬ​បណ្ណ​សមាជិក បសស ចំពោះ​ការ​ប្រើប្រាស់​យានយន្ត​ផ្ទាល់​ខ្លួន​សម្រាប់​កម្មករ​និយោជិត​ម្នាក់ៗ។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ណែនាំ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស និង​កម្មករ​និយោជិត​អាន​សេចក្តី​សម្រេច​លេខ ០៥៤ របស់​រាជរដ្ឋាភិបាល​ដើម្បី​ដឹង​ថា​អ្នក​ណា​អាច​ធ្វើ​ដំណើរ​ពី​ណា​ដល់​ណា អ្នក​ណា​អាច​ធ្វើ​ដំណើរ​បាន។

លោក​ថ្លែង​ថា៖ «ការ​ដឹក​កម្មករ​និយោជិត​​គឺ​បាន​តែ​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើ​ការ ហើយ​មិន​ទាន់​អាច​ឆ្លង​ពី​ខេត្ត​ចូល​ភ្នំពេញ និង​ពី​ភ្នំពេញ​ទៅ​ខេត្ត​នោះ​ទេ។ រថយន្ត​ផ្ទាល់​ខ្លួន​នៃ​ប្រជាពលរដ្ឋ​ទូទៅ​​ គឺ​មិន​អាច​ប្រើប្រាស់​បណ្ណ​នេះ​បាន​ទេ។ មាន​បណ្ណ​នេះ​ក៏​មិនមែន​មាន​ន័យ​ថា អាច​ធ្វើ​ដំណើរ​បាន​នោះ​ដែរ។ សមត្ថកិច្ច​នៅ​តាម​ផ្លូវ​អាច​បដិសេធ​បណ្ណ​នេះ​បាន​គ្រប់​ពេល ជាពិសេស​រថយន្ត​ផ្ទាល់​ខ្លួន»។

លោក ហេង សួរ បញ្ជាក់​ថា បណ្ណ​ដឹក​ជញ្ជូន​ដែល​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​សម្រាប់​ដឹក​កម្មករ​ទៅ​ធ្វើ​ការ។ បើ​សិន​ធ្វើ​ការ​បើកបរ​ដោយ​ខ្លួន​ឯង​គឺ ៧០ ភាគរយ អាច​ត្រូវ​បាន​បដិសេធ​ដោយ​សមត្ថកិច្ច៕