ភ្នំពេញៈ ក្រសួង​ការងារ ​បណ្តុះបណ្តាល​វិជ្ជាជីវៈ រំ​ឭក​ជាថ្មី​ដល់​ម្ចាស់ ​ឬ​នាយក​សហគ្រាស ​គ្រឹះស្ថាន ​និង​កម្មករ​និយោជិត​ផ្នែក​វាយ​នភណ្ឌ​កាត់ដេរ ​និង​ផលិត​ស្បែកជើង​ទូទាំង​ប្រទេស ​ពី​ការទូទាត់​បើក​ប្រាក់​រំឭកនិង​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ជា​លើក​ដំបូង​សម្រាប់​ឆ្នាំ ២០១៩ ​បន្ទាប់ពី​សង្កេត​ឃើញថា ​ពួកគេ​មួយ​ចំនួន ​នៅតែ​មិនទាន់​យល់ ច្បាស់​អំពី​គោល​ការណ៍​ថ្មី​នេះ​នៅ​ឡើយ។

លោក​ អិុត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ជូនដំណឹង​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយលើកឡើងថា ​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​នេះធ្វើឡើង​សម្រាប់​កម្មករ​និយោជិត​ដែលមាន​កិច្ចសន្យា​មិន​មាន​ថិរវេលា​កំណត់​ទាំងអស់។ ​ចំពោះ​កម្មករ​ដែល​កំពុង​ប្រើ​ប្រាស់​កិច្ចសន្យា​មាន​ថិរវេលា​កំណត់ ​នឹង​ត្រូវបាន​អត្ថ​ប្រយោជន៍​នេះ ​ដោយ​ស្វ័យប្រវត្តិ ​នៅពេល​កិច្ចសន្យា​របស់​ពួកគេ​លើស​ថិរវេលា​កំណត់​ដោយ​ច្បាប់​ ហើយ​វា​នឹង​ក្លាយជា​កិច្ចសន្យា​មិនមាន​ថិរវេលា​កំណត់ ​ដែល​តម្រូវ​ឲ្យ​និយោជក​ត្រូវ​ទូទាត់​ប្រាក់​ទាំង​នេះ​ជូន​កម្មករ។

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ​ចំពោះ​កិច្ចសន្យា​មានថិរវេលា​កំណត់​ទាំងអស់ ​នឹងមិន​អាចទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ​បានទេ ​បើទោះជា​លើស​ថិរវេលា​អតិបរមា​កំណត់​ដោយ​ច្បាប់​ក៏ដោយ ​បើ​ពួកគេ​បានទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​ ៥ ភាគរយ ​រួច​ហើយ។

លិខិត​ដដែល​​​បន្ថែម​ថា​ ប្រាក់​បំណាច់​អតីតភាព​ការងារ ​ដែល​មាន​មុន​ឆ្នាំ ២០១៩ និង​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​នីមួយៗ ​ចាប់ពី​ឆ្នាំ ២០១៩ ​នឹងត្រូវ​លើកលែង​ពន្ធ ​ស្រប​ពេល​​ក្រសួង​បញ្ជាក់​ដែរថា​ ចំពោះ​​កម្មករ​និយោជិត​ទាំងអស់ ​ដែល​បាន​លាឈប់​ដោយ​ឯកឯង ​ឬ​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់​ នោះ​នឹង​មិន​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ​នោះ​ទេ។

ក្រសួង​បញ្ជាក់ថា៖ «ក្រសួង​សង្ឃឹម​ជឿជាក់ថា កា​រ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​លើក​ដំបូង​នេះ និង​ការបើក​បន្តបន្ទាប់​ទៀត នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន ដោយ​រក្សាបាន​ផលប្រយោជន៍ និង​ស្ថិរភាព​ការងារ​ជូន​កម្ម​ករនិយោជិត​ផ្នែក​វាយ​នភ​ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង ក៏ដូចជា​រក្សាបាន​នូវ​វិជ្ជមាន​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ជាក់​ជា​ពុំខាន»។

នៅ​ដើមខែ​កក្កដា​ ឆ្នាំនេះ​ បណ្ដា​រោងចក្រ ​ក្រុមហ៊ុន​ សហ​គ្រាស​ទូទាំង​ប្រទេស​ ចាប់ផ្តើម​ដំណើរការ​ទូទាត់​ប្រាក់​រំឭក​ ​និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករ​និយោជិត​តាម​គោល​ការណ៍​ថ្មី​ដែល​បាន​កំណត់​ដោយ​ក្រសួង​ការងារ​ ដោយ​ក្នុង ​​១ ឆ្នាំ ​ត្រូវទូទាត់​ចំនួន ​២ ដង ​សម្រាប់​កម្មករ​ដែល​មាន​កិច្ចសន្យា​មិន​មាន​ថិរវេលា​កំណត់។

ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​សុំ​ការ​អត្ថាអធិប្បាយ​បន្ថែម​ពី​លោក​ ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារ​បានទេ​ពីម្សិលមិញ​។ ចំណែ​ក​លោក​ កាំង ម៉ូ​នីកា ​អគ្គ​លេខាធិការរង​នៃ​សមាគម​រោង​ចក្រ​កាត់ដេរ​នៅកម្ពុជា​ (GMAC) ក៏​មិនអាច​ទាក់ទង​បានដែរ ​ព្រោះ​លោក​បាន​ចុច​បិទ​ទូរស័ព្ទ។

លោក​ អាត ធន់ ​ប្រធាន​សហ​ភាព​ការងារ​កម្ពុជា ​លើកឡើង​ពី​ម្សិលមិញ​ថា​ ចំពោះ​ការទូទាត់​ជូន​កម្មករ​មួយរយៈ​ចុងក្រោយ​នេះ ​គឺមាន​លក្ខណៈ​ល្អប្រសើរ ​ប៉ុន្តែ​នៅតាម​រោងចក្រ​សហគ្រាស​មួយចំនួន ​នៅតែមាន​សកម្ម​ភាព​មិន​ប្រក្រតី​កើតឡើង​ ដោយ​ពួកគេ​ហាក់​មិន​យល់ និង​មាន​មួយចំនួនហាក់​ចង់​គេចវេះ​ពី​កាតព្វកិច្ច ​ដែល​បណ្តាល​ឲ្យ​មាន​ភាពស្មុគស្មាញ ​និង​ការ​តវ៉ា​ពី​កម្មករ​ផងដែរ។

លោក​ថា ​បើទោះ​ជា​មាន​រូបភាព​បែប​នេះ ក៏​សកម្មភាព​មិនប្រក្រតី​ជាច្រើន​ត្រូវបាន​ដោះស្រាយ ​ក្រោយ​មានការ​ចរ​ចា ​ដោយ​លោក​រំពឹងថា ​ក្រសួង​នឹង​បន្ត​តាមដាន​ទៀត ​ចំពោះ​ការ​អនុវត្ត​គោលការណ៍​ថ្មី ​ដែល​ខ្លួន​បានដាក់​ចេញ​​ ដើម្បី​ផល​​ប្រ​យោជន៍​របស់​កម្មករ​និយោជិត។

លោក​បញ្ជាក់ថា​៖ «រហូត​មក​ដល់​ពេលនេះ ​យើង​មិនទាន់​ដឹង​ថា​ក្រុមហ៊ុន​ណា​បើកឬ​ក្រុម​ហ៊ុន​​ណា​មិន​បើក​ជា​ផ្លូវការ​ទេ ប៉ុន្តែ​យើង​ដឹងថា ​គេ​ចាប់ផ្តើម​បើក​ចំពោះ​ក្រុមហ៊ុន​គ្រឹះស្ថាន​ទាំង​ឡាយ​ដែល​ប្រើ​កិច្ចសន្យា​មិនមាន​ថិរវេលា​កំណត់ ​ខណៈ​ក្រុមហ៊ុន​ដទៃទៀត​ ព្យាយាម​មិន​បកស្រាយ​ចំពោះ​កិច្ចសន្យា​របស់​ខ្លួន ​ជាមួយ​កម្មករ​និ​យោ​ជិត ​ដើម្បី​គេច​ពី​ការទទួល​ខុសត្រូវដែល​នាំ​ឲ្យ​មាន​​ជម្លោះ​ជជែក​គ្នាខ្លះ»។

លោក​បន្ថែមថា​៖ «យ៉ាងណា​យើង​នៅតែ​មើលឃើញ​ថា​មាន​ក្រុមហ៊ុន​ទុច្ចរិត​មួយចំនួន​ ដែល​មាន​ការ​កេង​ប្រវ័ញ្ច​ពី​កម្មករ នៅតែ​បន្ត​មាន​ ព្រោះ​ពួកគេ​ព្យាយាម​បកស្រាយ​កិច្ចសន្យា​របស់​កម្មករឲ្យ​ទៅជា​កិច្ចសន្យា​មិន​ត្រឹមត្រូវ ​ហើយ​ជា​កិច្ចសន្យា​កំណត់​អី​វិញ»។

កាលពី​ឆ្នាំ ២០១៨ ​កន្លងទៅ​ក្រសួង​ការងារ​បានប្រកាស​ពី​ការផ្លាស់ប្តូរ​នីតិវិធី​អនុវត្ត​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការ​ងារ​ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយ​នភណ្ឌ​ កាត់ដេរ ​និង​ផលិត​ស្បែកជើង ​ពី​ការបើក​សរុប​ប្រាក់​បំណាច់​នេះ​នៅពេល​បញ្ចប់​ការងារ​របស់​កម្មករ ​មកជា​ការបើក​ជា​ទៀងទាត់​ក្នុង ១ ឆ្នាំ ​២ ដង ​ហើយ​ត្រូវអនុវត្ត​ជា​ដំណាក់កាល​ទាំង​ប្រាក់​អតីត​ភាព​ការងារ​ថ្មី ​និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​មុន​ឆ្នាំ ២០១៩ ​ដោយ​ចាប់​អនុវត្ត​ជា​លើក​ដំបូង​នៅ​ខែ មិថុនា ​និង​លើក​ទី ២ ​នៅ​ខែ ធ្នូ។

ដោយ​ឡែក​ចំពោះ​សហគ្រាស​ គ្រឹះស្ថាន ​ក្រៅពី​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ​និង​ផលិត​ស្បែក​ជើង​ត្រូវ​ទូទាត់​ជូន​កម្មករ​និយោជិត ​នូវ​ប្រាក់​អតីតភាព​ការងារ​ថ្មី ​ចាប់ពី​ឆ្នាំ ២០១៩​ ដោយ​បែង​ចែក​ជា ២ ​ដង ​ដោយ​ចាប់ពី​ខែមិថុនា​ដូចគ្នា​ ដោយ​គ្រាន់តែ​ការបើកប្រាក់​រំឭក​អតីតភាព​ការងារ​ដែលមាន​មុន​ឆ្នាំ ២០១៩ ​ត្រូវ​ពន្យារពេល​ទៅ​អនុវត្ត​ក្នុង​ខែ ធ្នូ ​ឆ្នាំ ២០២១៕