The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ការងារ​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​សិក្សា​ឯកជន ​ផ្អាក​ការ​បង់​ភាគ​ទាន​​ដល់​ ប.ស.ស ខណៈ​ឪពុក​ម្តាយ​សិស្ស​ទាមទារ​បញ្ចុះ​ថ្លៃ​សិក្សា




ក្រសួង​ការងារ​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​សិក្សា​ឯកជន ​ផ្អាក​ការ​បង់​ភាគ​ទាន​​ដល់​ ប.ស.ស ខណៈ​ឪពុក​ម្តាយ​សិស្ស​ទាមទារ​បញ្ចុះ​ថ្លៃ​សិក្សា

Content image - Phnom Penh Post
សាលាដែល​មាតា​បិតា​សិស្ស​ តវ៉ា​ទាម​ទារ​សូម​ឲ្យ​បញ្ចុះ​តម្លៃ​សិក្សា​​​។ រូបថត ហ៊ាន រង្សី​

ក្រសួង​ការងារ​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​សិក្សា​ឯកជន ​ផ្អាក​ការ​បង់​ភាគ​ទាន​​ដល់​ ប.ស.ស ខណៈ​ឪពុក​ម្តាយ​សិស្ស​ទាមទារ​បញ្ចុះ​ថ្លៃ​សិក្សា

ភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សម្រេច​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​សិក្សា​ឯកជន​ផ្អាក​ការ​បង់​ភាគ​ទាន​រយៈពេល ​៦ ​ខែ ទៅ ដល់​បេឡាជាតិ​ របប​សន្ដិសុខ​សង្គម ​(ប​.​ស​.​ស​) ​ដែល​ការ​សម្រេច​នេះ​ធ្វើ​ឡើង​ស្រប​ពេល​មាន​ការ​ស្នើ​សុំ​ពី​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា ​កាល​ពី​ថ្ងៃទី ​១០​ ខែ​មេសា​។​

លិខិត​ចុះ​ថ្ងៃទី ​២៣ ​ខែមេសា​ របស់​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ផ្ញើ​ជូន​លោក ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ នៃ​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​បញ្ជាក់​ថា ក្រសួង​បាន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​សិក្សា​ ដែល​ជា​សមាជិក​ទាំង ​១១៣​ នៃ​សមាគម​ឧត្តម​សិក្សា​កម្ពុជា ផ្អាក​ការ​បង់​ភាគ​ទាន​ដល់ ប.ស.ស ចាប់​ពី​ខែ​មេសា​ រហូត​ដល់​ខែ​កញ្ញា​ ឆ្នាំ ​២០២០​​។​

លិខិត​​សរសេរ​ថា​៖ «​ក្នុង​ករណី​ស្ថានភាព​នៃ​ជំងឺ​កូវីដ ​១៩ ត្រូវ​បាន​បញ្ចប់​មុន​ខែ​កញ្ញា​ ឆ្នាំ ​២០២០ ព្រម​ទាំង​មាន​ការ​ជូន​ដំណឹង​ពី​រាជ​រដ្ឋាភិបាល តម្រូវ​ឱ្យ​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត​ និង​គ្រប់​ប្រភេទ​ដំណើរការ​ឡើង​វិញ​។ នោះ​គ្រឹះស្ថាន​សិក្សា​ដែល​ជា​សមាជិក​នៃ​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ត្រូវ​មាន​កាតព្វកិច្ច​បន្ត​បង់​ភាគ​ទាន​ចាប់​ពី​​​ខែ​ដែល​បាន​ដំណើរ​ការ​តទៅ​»​។​

ការ​សម្រេច​របស់​ក្រសួង​ការងារ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​គ្រឹះស្ថាន​សិក្សា​ឯកជន​មួយ​ចំនួន កំពុង​ប្រឈម​នឹង​ការ​តវ៉ា​ពី​ឪពុកម្ដាយ​សិស្ស ដើម្បី​ស្នើសុំ​ឱ្យ​បញ្ចុះ​ថ្លៃ​សិក្សា នៅ​ក្នុង​អំឡុង​ពេល​កំពុង​ផ្ទុះ​ឡើង​ជំងឺ​កូវីដ ​១៩ ដែល​តម្រូវ​ឱ្យ​សិស្ស​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​នៅ​តាម​ផ្ទះ​។​

កាល​ពី​ថ្ងៃ​សៅរ៍​ ឪពុក​ម្ដាយ​សិស្ស​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលា​អន្តរជាតិ ស៊ី.អាយ.អេ ហ្វឺស​ត៍ ​(CIA FIRST International School) សា​ជា​ថ្មី ដើម្បី​ទាមទារ​ឱ្យ​សាលា​នេះ បញ្ចុះ​ថ្លៃ​សិក្សា ​៥០ ​ភាគរយ​ សម្រាប់​ថ្នាក់​សិក្សា​ចាប់​ពី​ថ្នាក់​ទី ​១ ​រហូត​ដល់​ថ្នាក់​ទី ​១២ និង​ផ្អាក​ការ​បង្រៀន​ ចំពោះ​ថ្នាក់​មត្តេយ្យ​សិក្សា​។ ការ​ទាមទារ​នេះ ខណៈ​សាលា​អាច​បញ្ចុះ​តម្លៃ​សិក្សា​បាន​ត្រឹមតែ​ ១៥ ភាគរយ​ ពី​ថ្នាក់​ទី ​១ ​ដល់​ថ្នាក់​ទី ​១២ និង​បញ្ចុះ ​២៥ ភាគរយ ​សម្រាប់​ថ្នាក់​មត្តេយ្យ​សិក្សា​។​

ជាមួយ​គ្នា​នេះ កាល​ពី​ថ្ងៃ​ ទី ​២២​​ខែ​មេសា នៅ​ខាង​មុខ​សាលា​អន្តរជាតិ ផារ៉ាហ្គន (Paragon International School) ក៏​មាន​ការ​តវ៉ា​ពី​ក្រុម​ឪពុកម្ដាយ​សិស្ស​ចំនួន ​៩៧ ​គ្រួសារ​​​ផង​ដែរ ដើម្បី​ស្នើ​សុំ​ឱ្យ​សាលា​បញ្ចុះ​ថ្លៃ​សិក្សា​គ្រប់​កម្រិត​ចំនួន ​៣០ ភាគរយ ក្នុង​ករណី​កំពុង​តម្រូវ​ឱ្យ​សិស្ស​សិក្សា​តាម​អនឡាន និង​ស្នើ​សុំ​ពន្យារ​ពេល​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​សិស្ស​​ចូល​សិក្សា​ឆ្នាំ ​២០២០-២០២១​។​

កាល​ពី​ថ្ងៃទី ​២៤ ខែ​មេសា​ សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​បាន​ចេញ​សេចក្ដី​អំពាវនាវ​ទៅ​ដល់​ឪពុក​ម្ដាយ​សិស្ស ត្រូវ​ដាក់​ពាក្យ​សុំ​បញ្ចុះ​តម្លៃ​សិក្សា និង​មិន​គួរ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា ​នៅ​តាម​សាលា​ឡើយ ដើម្បី​ចៀស​វាង​ជំងឺ​រាត​ត្បាត​កូវីដ ​១៩​។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ខណៈ​សមាគម​បាន​អះអាង​ថា គ្រឹះស្ថាន​សិក្សា​ឯកជន ក៏​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយសារ​ជំងឺ​កូវីដ ​១៩ ​ដែរ ចាប់​តាំង​ពី​មាន​ការ​ប្រកាស​ផ្អាក​សេវា​អប់រំ​តាំង​ពី​ថ្ងៃទី ​១៤​ ខែ​មីនា ​មក​។​ ​

សេចក្ដី​អំពាវនាវ​សរសេរ​ថា​៖ «សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ថា មាតាបិតា ឬ​អាណាព្យាបាល​សិស្ស នឹង​ចូលរួម​ដោះស្រាយ​ដោយ​ធ្វើ​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក និង​ដោយ​ភាព​អត់ធ្មត់​បំផុត តាម​វិធី​ឈ្នះឈ្នះ​ទាំង​អស់​គ្នា ដើម្បី​ឆ្លង​ផុត​ដំណាក់​កាល​លំបាក​នេះ​ជាក់​ជា​ពុំ​ខាន​ឡើយ​»​។​

សមាគម​បន្ត​ថា ខាង​គ្រឹះស្ថាន​សិក្សា​​ឯកជន កំពុង​ជួប​ប្រទះ​ការ​លំបាក​ និង​ប៉ះពាល់​យ៉ាង​ខ្លាំង ដូចជា​ត្រូវ​បន្ត​បើក​ប្រាក់​បៀវត្សរ៍​ដល់​បុគ្គលិក បន្ត​បង់​ឈ្នួល​អគារ បន្ត​បង់​ការ​ប្រាក់ ​និង​ប្រាក់​ដើម​ដល់​ធនាគារ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត និង​ស្រប​ពេល​មាន​ការ​ធ្លាក់​ចុះ​បរិមាណ​សិស្ស​។​

បន្ថែម​ពី​នេះ គ្រឹះស្ថាន​សិក្សា​ឯកជន​​ខ្លះ​បាន​សម្រេច​បញ្ចុះ​ថ្លៃ​សិក្សា​ដោយ​ខ្លួន​ឯង ខណៈ​​ដែល​ឪពុក​ម្តាយ​នៅ​គ្រឹះស្ថាន​សិក្សា​​ផ្សេង​ទៀត​កំពុង​ស្នើសុំ​បញ្ចុះ​តម្លៃ​សិក្សា​។​

ភ្នំពេញ​ប៉ុស្ដិ៍​ មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ ពី​លោក ហេង វណ្ណដា បាន​ទេ​កាល​ពី​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល​​។​

លោក លឹម សុខ ដែល​មាន​កូន​រៀន​នៅ​សាលា​អន្តរជាតិ ស៊ី​.​អាយ​.​អេ​ហ្វឺសត៍ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា មក​ដល់​ពេល​នេះ​ខាង​សាលា​មិន​ទាន់​សម្រេច​ទទួល​យក​ការ​ស្នើសុំ​ពី​ខាង​ឪពុកម្ដាយ​នៅ​ឡើយ​ទេ ថ្វី​ដ្បិត​មាន​ការ​តវ៉ា​នៅ​ខាង​មុខ​សាលា​អស់​ចំនួន ​២ ​លើក​មក​ហើយ​ក្ដី​។​ ​

លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ខាង​ឪពុក​ម្ដាយ​សិស្ស​​បាន​ព្រម​សុំ​ឱ្យ​សាលា​បញ្ចុះ​តម្លៃ​សិក្សា​ ដែល​ធ្លាប់​ទាមទារ​ចំនួន​ ៥០ ភាគរយ ឲ្យ​​មក​នៅ​ត្រឹម​ចំនួន ​៤៥ ភាគរយ​វិញ បន្ទាប់​ពី​មាន​ការ​ជួយ​សម្របសម្រួល​ពី​ភាគី​ក្រសួង​អប់រំ​​យុវជន​ និង​កីឡា​។​

លោក ​លឹម សុខ បាន​បញ្ជាក់​ថា​៖ «​កូន​ខ្ញុំ​កំពុង​រៀន​សាលា​ហ្នឹង​មាន ​២ ​នាក់ ហើយ​ក្នុង ​១ ឆ្នាំ​ បង់​ខ្ទង់ ​១ ម៉ឺន​ដុល្លារ បើ​បូក​សរុប​ទាំង​អស់ ទាំង​ថ្លៃ​សៀវភៅ ថ្លៃ​បច្ចេកវិទ្យា ថ្លៃ​រដ្ឋបាល ថ្លៃ​សិក្សា​ និង​ថ្លៃ​សាលា​ ហើយ​អ្វី​ដែល​ពួក​យើង​សុំ​នេះ គឺ​សុំ​បញ្ចុះ​តម្លៃ​ត្រឹមតែ​ ៣ ​ខែ​ទេ ក្នុង​រយៈពេល​ដែល​កំពុង​មាន​កូវីដ ​១៩ ​ហ្នឹង​»​។​

កន្លង​មក លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ធ្លាប់​បាន​ថ្លែង​ថា ក្រសួង​អប់រំ​​ និង​រដ្ឋាភិបាល​បាន​លើក​ទឹក​ចិត្ត​ឱ្យ​គ្រឹះស្ថាន​សិក្សា​ឯកជន​ទាំង​អស់ ត្រូវ​ពិភាក្សា​ដោយ​ខ្លួនឯង​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​រក​ដំណោះស្រាយ​រួម​​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍

  • ស្ដង់ដា​គណនេយ្យ ជា​ធាតុ​ផ្សំ​ដ៏សំខាន់​មួយ​ក្នុង​ក្របខ័ណ្ឌ​គណនេយ្យ និង​ការរាយការណ៍​ហិរញ្ញវត្ថុ ព្រមទាំង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​/​សហគ្រាស និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ស្តង់ដា​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​។

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។