ភ្នំពេញ: ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អនុញ្ញាត​ឲ្យ​ជនបរទេស​ដែល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ធ្វើ​សកម្មភាព​ស្វ័យនិយោជន៍ (​មុខរបរ​ផ្ទាល់ខ្លួន​ខ្នាតតូច​) លើ​ប្រភេទ​មុខរបរ និង​ការងារ​មួយចំនួន​ឡើងវិញ ដើម្បី​លើកទឹកចិត្ត​ដល់​ការវិនិយោគ​នៅ​កម្ពុជា​បន្ទាប់ពី​ក្រសួង​បាន​ប្រកាស​ហាម​ជនបរទេស​ប្រកប​មុខរបរ​ខ្នាតតូច​ដែល​ជា​ការដណ្តើម​​ទីផ្សារ​ការងារ​របស់​ពលរដ្ឋ​ខ្មែរ​។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ថ្ងៃទី​ ៥ ​តុលា​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា យោង​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​នៃ​ជនបរទេស​ក្នុង​វិស័យ​សេវាកម្ម និង​ដើម្បី​លើក​ទឹកចិត្ត​ដល់​ការវិនិយោគ​ក្នុង​ប្រទេស​ កម្ពុជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អនុញ្ញាត​ឡើងវិញ​នូវ​គ្រប់​សកម្មភាព​ស្វ័យនិយោជន៍​ដោយ​ជនបរទេស​។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ថ្លែង​ថា​លោក​ខកចិត្ត​ចំពោះ​សេចក្ដី​ប្រកាស​ទី​ ២ ​នេះ​ដែល​អនុញ្ញាត​ឲ្យ​ជនបរទេស​អាច​បើក​ប្រកប​អាជីវកម្ម​ខ្នាតតូច​ឡើងវិញ​ដោយ​សំអាង​ថា ចង់​លើក​ទឹក​ចិត្ត​ដល់​ជនបរទេស​មក​វិនិយោគ​នៅ​កម្ពុជា​។

លោក​បន្ត​ថា​លោក​គាំទ្រ​ចំពោះ​ការទាក់ទាញ និង​ការលើកទឹកចិត្ត​ដល់​វិនិយោគ​បរទេស​តាមរយៈ​បើក​មុខរបរ​ធំៗ ឬ​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា ប៉ុន្ដែ​លោក​មិន​ស្វាគមន៍​ចំពោះ​ជនបរទេស​ដែល​មក​ដណ្ដើម​មុខរបរ​ខ្នាតតូច​របស់​ពលរដ្ឋ​ខ្មែរ​ដូចជា ការលក់​នំ​តាម​ចិញ្ចើម​ផ្លូវ លក់​បបរ លក់​នំប៉័ង រត់ Taxi ប៉ះ​កង់ឡាន ឬ​ម៉ូតូ ម៉ាស្សា ផលិត​វត្ថុអនុស្សាវរីយ៍ និង​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផ្សេងៗ​ទៀត​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​គាំទ្រ​ឲ្យ​មាន​ក្រុមហ៊ុន​បរទេស​ធំៗ រោងចក្រ​កាត់ដេរ​ធំៗ​ ឬ​អ្នកជំនាញ​ផ្នែក​បច្ចេកទេស​ដែល​ខ្មែរ​មិន​ទាន់​មាន​គឺ​យើង​ស្វាគមន៍​គាត់​ឲ្យ​មក​បើក​អាជីវកម្ម និង​ធ្វើការ​នៅ​កម្ពុជា​យើង ប៉ុន្ដែ​អ្នកបើកបរ អ្នកលក់​ទាខ្វៃ អ្នក​ប៉ះ​កង់​ជា​ជនបរទេស យើង​មិន​ស្វាគមន៍​ទេ ព្រោះ​ខ្មែរ​យើង​ក៏​អាច​ធ្វើ​បានដែរ​។ ដូច្នេះ​ពួកខ្ញុំ​គ្មានអ្វី​តវ៉ា​ទេ តែ​សូម​រដ្ឋាភិបាល​ជួយ​ពិចារណា​លើ​លិខិត​នេះ​ផង ព្រោះ​វា​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​ប្រកប​អាជីវកម្ម​ខ្នាតតូចៗ​នេះ​»​។

លោក វន់ ពៅ បន្ថែម​ថា​រហូត​មក​ដល់​ពេលនេះ​គេ​មិនទាន់​អាច​កំណត់ថា ជនបរទេស​ប៉ុន្មាន​នាក់ ឬ​ប៉ុន្មាន​ភាគរយ​ដែល​កំពុង​ប្រកប​អាជីវកម្ម​ស្ថិតនៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​ទេ ប៉ុន្ដែ​លោក​កត់សម្គាល់​ឃើញ​ថា​នៅ​ខេត្ត​ព្រះសីហនុ ភ្នំពេញ បាវិត និង​ប៉ោយប៉ែត ឃើញ​មាន​ភាគច្រើន​ជា​ជន​ជាតិចិន​កំពុង​បើក​អាជីវកម្ម​ដែល​ទាក់ទង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​។

កាលពី​ថ្ងៃទី​ ២៨ ខែ​សីហា​ឆ្នាំ​នេះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​ការកំណត់​ប្រភេទ​មុខរបរ និង​ការងារ​ដែល​ត្រូវ​ហាមឃាត់​ចំពោះ​ជនបរទេស​។

ដោយ​ប្រការ​ ២ នៃ​សេចក្តី​ប្រកាស​នោះបាន​លើកឡើង​ថា​ត្រូវ​ហាមឃាត់​សកម្មភាព​ស្វ័យ​និយោជន៍​ដោយ​ជនបរទេស​នូវ​មុខរបរ និង​ការងារ​ដូចជា អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ​ជា​លក្ខណៈ​អាជីវកម្ម អ្នកម៉ាស្សា អ្នក​អ៊ុតសក់ អ្នក​កាត់ដេរ អ្នក​ប៉ះ​កង់ និង​មុខរបរ​ខ្នាតតូច​មួយ​ចំនួន​ទៀត​។

ក្នុង​ប្រការ ៣ ​នៃ​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះបាន​បញ្ជាក់​ថា​៖ «​ក្រសួង​ការងារ​នឹង​មិន​ផ្ដល់ ឬ​មិន​បន្ត​សុពលភាព​ប័ណ្ណ ឬ​សៀវភៅ​ការងារ​ដល់​ជនបរទេស​ដែល​កំពុង​ប្រកបមុខរបរ​ដូច​មាន​កំណត់​ក្នុង​ប្រការ​ ២ ​នៃ​ប្រកាស​នេះ​។ ជន​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​បញ្ញត្តិ​នៃ​ប្រកាស​នេះ​ត្រូវ​ធ្វើ​ការពិន័យ​ជា​ប្រាក់ និង​ផ្ដន្ទាទោស​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ និង​បទប្បញ្ញត្តិ​ជា​ធរមាន​»​។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ពន្យល់​ពាក្យ «​បុគ្គល​ស្វ័យ​និយោជន៍​» ថា​គឺ​សំដៅ​ទៅ​ដល់​ជន​ដែល​ប្រកបការងារ ឬ​មុខរបរ​រក​ចំណូល​ផ្ទាល់ខ្លួន ដោយ​មិន​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល ឬ​ប្រាក់បៀវត្សរ៍​ដែល​ផ្ដល់​ដោយ​និយោជក ឬ​រដ្ឋ​តាម​កិច្ចសន្យា​ការងារ​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​សេចក្ដី​ប្រកាស​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នក​ទទួល ខណៈ​ដែល​លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បដិសេធ​ធ្វើ​អធិប្បាយ​៕

វីដេអូ៖