
កម្មករកំពុងធ្វើការនៅរោងចក្រកាត់ដេរមួយក្នុងខណ្ឌសែនសុខ។ ហុង មិនា
ភ្នំពេញៈ មន្ត្រីក្រសួងការងារបានអំពាវនាវឲ្យកម្មករក្នុងវិស័យវាយនភណ្ឌប្ដឹងមកក្រសួងការងារជាបន្ទាន់ បើសិនជាថៅកែរោងចក្រមិនបានបើកប្រាក់បំណាច់អតីតភាពការងារឆ្នាំ ២០១៩ ខណៈសហជីពអះអាងថាមានរោងចក្រមួយចំនួនពុំទាន់បានបើកប្រាក់នេះឱ្យកម្មករជាលើកទី ២ ក្នុងឆ្នាំ ២០១៩ ទៅតាមសេចក្ដីប្រកាសរបស់ក្រសួងការងារនៅឡើយទេ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃពុធថា ក្រសួងការងារមិនទាន់ទទួលពាក្យបណ្ដឹងណាមួយជុំវិញបញ្ហាថៅកែរោងចក្រមិនព្រមបើកប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ ២០១៩ ឱ្យកម្មករនៅឡើយទេ។
លោក សួរ បានសរសេរក្នុងប្រព័ន្ធតេឡេក្រាមមកកាន់ភ្នំពេញប៉ុស្ដិ៍ថា៖ «មិនមានតួលេខនោះទេ (តួលេខចំនួនរោងចក្រដែលមិនបើកប្រាក់អតីតភាពការងារឱ្យកម្មករ)។ ប្រសិនបើមានករណីបែបនេះក្រសួងសូមអំពាវនាវដល់បងប្អូនប្ដឹងមកក្រសួងជាបន្ទាន់ផង»។
យោងតាមសេចក្ដីប្រកាសមួយរបស់ក្រសួងការងារស្ដីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារបានបញ្ជាក់ថាចាប់ពីឆ្នាំ ២០១៩ និយោជកត្រូវបើកប្រាក់រំឭកបំណាច់អតីតភាពការងារឱ្យកម្មករក្នុង ១ ឆ្នាំ ២ ដងដែលការបើកប្រាក់លើកទី ១ ធ្វើនៅក្នុងខែមិថុនា និងលើកទី ២ នៅក្នុងខែធ្នូ។
ទោះជាយ៉ាងណាលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានលើកឡើងថា មានរោងចក្រមួយចំនួនពុំទាន់បានអនុវត្តតាមសេចក្ដីប្រកាសរបស់ក្រសួងការងារនេះនៅឡើយទេ ដោយសារថៅកែរោងចក្រខ្លះពន្យារពេលបើកប្រាក់ទាំងនេះឱ្យកម្មករនៅអំឡុងខែមករាឆ្នាំ ២០២០ និងថៅកែរោងចក្រខ្លះទៀតពុំទាន់បានកំណត់ថ្ងៃ ដើម្បីបើកជូនកម្មករនៅឡើយ។
លោក ប៉ាវស៊ីណា បានថ្លែងថា វាជាការបង្ហាញអំពីភាពកម្សោយមួយនៃប្រព័ន្ធច្បាប់របស់កម្ពុជា នៅពេលថៅកែរោងចក្រមួយចំនួនមិនបានគោរពតាមសេចក្ដីប្រកាសរបស់ក្រសួងការងារដែលលោកថា ភាគីក្រសួងគួរតែចុះទៅត្រួតពិនិត្យ និងដាក់ពិន័យចំពោះថៅកែរោងចក្រទាំងនោះ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តច្បាប់មានប្រសិទ្ធភាពពិតប្រាកដ។
លោក ស៊ីណា បញ្ជាក់ថា៖ «ប្រសិនបើ (ក្រសួង) មិនចុះតាមដាន និងអង្កេតដោយយកចិត្តទុកដាក់ទេ អ៊ីចឹងមានន័យថា យើងមានតែលិខិតបទដ្ឋានគតិយុត្ត ប៉ុន្តែលិខិតនោះស្មើនឹងក្រដាសទទេ ដែលនិយោជិកគេហាក់មិនឱ្យតម្លៃ។ អ៊ីចឹង!ទាំងអស់ហ្នឹងទាមទារឱ្យមន្ត្រីពង្រឹងការអនុវត្តប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺការដាក់ទណ្ឌកម្មទៅលើនិយោជិក និងសហគ្រាសទាំងនោះឱ្យងាកមកអនុវត្តច្បាប់»។
បើតាមលោក ប៉ាវ ស៊ីណា តាមការតាមដានលើការបើកប្រាក់រំឭកអតីតភាពការងារលើកទី ២ ឆ្នាំ ២០១៩ របស់សម្ព័ន្ធសហជីពចលនាកម្មករ គឺមានរោងចក្រប្រហែល ១០ មិនទាន់បានទូទាត់ប្រាក់បំណាច់អតីតភាពការងារជូនកម្មករនៅឡើយ។
ចំណែកលោក ពុំ សុគន្ធី អនុប្រធានសម្ព័ន្ធសហជីពចលនាកម្មករប្រចាំរោងចក្រ យូលី នៅក្រុងបាវិតបានថ្លែងកាលពីថ្ងៃពុធថា លោកបានឮពីកម្មករនៅរោងចក្រផ្សេងៗនិយាយអំពីថៅកែមិនព្រមបើកប្រាក់បំណាច់អតីតភាពការងារនេះ ខណៈរោងចក្ររបស់លោកនឹងបិទបញ្ជីផ្សាយអំពីការបើកប្រាក់នេះរួមទាំងប្រាក់មួយចំនួនទៀតដូចជា ប្រាក់ថ្លៃបាយ ថ្លៃរថយន្ត និងប្រាក់សម្រាប់លើកទឹកចិត្តនៅថ្ងៃទី ២ ខែធ្នូ។
លោកបន្តថាខាងកម្មករនឹងពិនិត្យផ្ទៀងផ្ទាត់អំពីទឹកប្រាក់នៅក្នុងបញ្ជីដែលបិទនោះ ហើយប្រសិនបើវាមិនត្រឹមត្រូវតាមសេចក្ដីប្រកាសរបស់ក្រសួងការងារទេ នោះខាងកម្មករនឹងធ្វើការតវ៉ា ។
លោក សុគន្ធី បន្តថា៖ «ខាងក្រសួងបានប្រកាសរួចរាល់ហើយ ហើយខ្ញុំមិនដឹងថា ហេតុអ្វីបានជារោងចក្រមួយចំនួនមិនព្រមស្ដាប់តាមសេចក្ដីណែនាំរបស់ក្រសួង។ អ៊ីចឹងខ្ញុំគិតថា កម្មករមិនសប្បាយចិត្តទេ ហើយវាអាចមានបញ្ហាការតវ៉ាផ្សេងៗកើតឡើង ប្រសិនបើក្រុមហ៊ុនមិនបានគោរពអនុវត្តតាមសេចក្ដីប្រកាសរបស់ក្រសួង។ រោងចក្រខ្ញុំនឹងចេញក្រដាសឱ្យកម្មករពិនិត្យមើលអំពីទឹកប្រាក់ហ្នឹងនៅថ្ងៃទី ២ មករា ហើយពួកខ្ញុំកំពុងរង់ចាំមើល»៕