ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រកាស​ពី​កាលវិភាគ​នៃ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០២១ ដែល​កំណត់​ថា​នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ ខណៈ​សហជីព​បារម្ភ​ពី​ភាពតានតឹង​ជាង​ឆ្នាំ​មុន​​ក្នុង​អំឡុងពេល​ចរចា​ក្រោម​ហេតុផល​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ិត សំហេង កាលពី​ថ្ងៃទី​ ១០ មិថុនា បាន​ឲ្យ​ដឹងថា យោងតាម​ច្បាប់​កំណត់​កិច្ចចរចា​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​ ២០២១ នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែកក្កដា​ខាងមុខ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ភាគី​​នីមួយៗ អាច​ពិភាក្សា​គ្នា​ជា​លក្ខណៈ​ផ្ទៃក្នុង​។

សេចក្តី​ជូនដំណឹង​ដដែល​បាន​បន្តថា បន្ទាប់មក​សម្រាប់​ខែសីហា​គឺ​ភាគី​ពាក់ព័ន្ធ​នឹង​ចាប់ផ្តើម​ប្រជុំពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ​ទ្វេភាគី និង​ត្រីភាគី ខណៈ​ក្រសួង​ការងារ​សម្រេចយក​ខែកញ្ញា​ក្នុង​ការបើក​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​ ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ដែល​នឹង​ត្រូវ​យក​ទៅ​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ​ខែ​មករា​ នៅ​ឆ្នាំ​បន្ទាប់​។

ក្រសួង​ការងារ​បាន​បញ្ជាក់​ក្នុង​លិខិត​ថា​ «​គ្រប់ភាគី​ទាំងអស់​ត្រូវ​ប្រើប្រាស់​ទិន្នន័យ​ផ្លូវការ​ស្របច្បាប់ និង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដោយ​យោង​លើ​លក្ខណវិនិច្ឆ័យ​បែប​សង្គម​ (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុង​ការរស់នៅ​) ​និង​លក្ខណ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​ (​ផលិតភាព ភាពប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ​ដែល​មាន​ចែង​ក្នុង​ច្បាប់​»​។

ក្នុងនោះ​ក្រសួង​បាន​បន្ថែម​ថា ចំពោះ​បន្ទាត់​ភាពក្រីក្រ​ក៏ត្រូវ​យក​មក​ប្រើប្រាស់​ក្នុង​ការបូក​បញ្ចូល​ជាមួយ​លក្ខណវិនិច្ឆ័យ​ទាំងនេះ​ផងដែរ ដើម្បី​បាន​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការពិភាក្សា​សម្របសម្រួល​ផ្ទៃក្នុង​ និង​ទទួល​បាន​ជា​គោលជំហរ​រួមមួយ​ដែល​គ្រប់ភាគី​ទាំងអស់​អាច​ទទួល​យក​បាន​។

ចាប់តាំងពី​ឆ្នាំ​ ២០១៤ ​មក រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង​ជា​រៀងរាល់​ឆ្នាំ ហើយ​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ​បាន​ឡើង​ដល់​ ១៩០ ​ដុល្លារ​ក្នុង​ ១ ​ខែ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​បាន​លើកឡើង​ថា រដូវកាល​ចរចា​ប្រាក់ឈ្នួល​សម្រាប់​ឆ្នាំ​ ២០២១ នឹង​មកដល់​នៅ​ខែ​ក្រោយ ដែល​មើល​តាម​ស្ថានភាព​ការចរចា​នឹង​កាន់តែ​តានតឹង​ជាង​ឆ្នាំមុនៗ​ទៅទៀត ស្រប​ពេល​មាន​​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ទាំងអស់​គ្នា​បាន​ដឹង​យ៉ាងច្បាស់​ហើយ​ថា ការចរចា​កន្លងមក បើទោះបី​ជា​គ្មាន​ហានិភ័យ​អ្វី​ក៏ដោយ ក៏​ភាគី​និយោជក តែងតែ​ត្អូញត្អែរ​ពី​ផលវិបាក​នានា​របស់​ពួកគេ​ដែរ​។ ដូច្នេះ​ការចរចា​នៅ​​ក្នុង​ឆ្នាំ​នេះ​វារឹតតែ​តានតឹង​ជាង​ឆ្នាំ​មុនៗ​បំផុត​»​។

យ៉ាងណា​លោក ស៊ីណា បាន​លើកឡើង​ថា ក្នុង​នាម​តំណាង​សហជីព ១ រូប ​លោក​សូម​សាទរ និង​ត្រៀមខ្លួន​ចូលរួម​ក្នុង​ដំណើរការ​នៃ​កិច្ចពិភាក្សា​នេះ ខណៈ​លោក​រំពឹង​ថា ភាគី​សហជីព​នឹង​ជួប​ពិភាក្សា​គ្នា​ក្នុងពេល​ខាងមុខ ដើម្បី​កំណត់​ក្រុម​ស្រាវជ្រាវ​ស្វែងរក​តួលេខ​រួមមួយ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ សម្រាប់​ដាក់​លើ​តុ​ចរចា​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ទស្សនវិស័យ​របស់​និយោជក​ក្នុង​វិស័យ​កាត់ដេរ​គឺ​មិន​ត្រឹមតែ​នៅ​​កម្ពុជា​ទេ តែ​ពិភពលោក​ទាំងមូល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏លំបាក និង​​ភាពមិន​ប្រាកដប្រជា ហើយ​នេះ​ជា​ការពិត​ដែល​គ្រប់​គ្នា​បានឃើញ និង​បាន​ជួបប្រទះ​ដោយផ្ទាល់​ផង​។

លោក​ថា​៖ «​ស្រប​គ្នា​នេះដែរ​ធនាគារពិភពលោក​ក៏បាន​ព្យាករ​ថា​សេដ្ឋកិច្ច​​ពិភពលោក​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​អាច​នឹង​ថយចុះ​ជាង​ ៥ ​ភាគរយ​។ ​ក្នុង​ស្ថានភាព​បែប​នេះ​ការពិភាក្សា​ណាមួយ​អំពី​ការដំឡើង​ប្រាក់​ឈ្នួល​គឺ​មិន​មាន​​ភាពសមស្រប​ទាល់តែ​សោះ​»៕