
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបថត ក្រសួងការងារ
ភ្នំពេញៈ ក្រសួងការងារបានបង្ហាញពីបំណងចង់កាត់បន្ថយប្រាក់ឈ្នួលរបស់កម្មករដែលធ្វើការនៅវេនយប់ ដើម្បីឱ្យស្មើនឹងប្រាក់ឈ្នួលការងារនៅវេនថ្ងៃ និងលុបបំបាត់ថ្ងៃឈប់សម្រាកសងរបស់កម្មករដើម្បីឲ្យស្របតាមស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាអ្វីដែលក្រុមសហជីព និងកម្មករមួយចំនួនរិះគន់ថា ជាការធ្វើឲ្យបាត់ប្រយោជន៍កម្មករនិយោជិត និងការទាមទារផ្សេងៗរបស់ពួកគេ។
កាលពីថ្ងៃ ៩ មករា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញលិខិតមួយដោយបញ្ជាក់ថា ក្រសួងការងារកំពុងរៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារលើការកែសម្រួលអត្រាប្រាក់ឈ្នួលវេនការងារយប់ លុបការឈប់នៅថ្ងៃបន្ទាប់ សម្រាប់ថ្ងៃឈប់សម្រាកចំលើថ្ងៃអាទិត្យ និងពង្រីកវិសាលភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទបុគ្គល ។
នៅក្នុងលិខិតនោះ ក្រសួងបញ្ជាក់ថា ការកែប្រែនេះនៅក្នុងច្បាប់ស្ដីពីការងារ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ចក្នុងគោលបំណងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជា ។
លិខិតនោះបានសរសេរថា «ដើម្បីឱ្យការធ្វើវិសោធនកម្មនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ក្រសួងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារដោយសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) នៅថ្ងៃព្រហស្បតិ៍ទី ១៦ ខែមករា ឆ្នាំ ២០២០» ។
ក៏ប៉ុន្តែលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានថ្លែងកាលពីម្សិលមិញថា ការកាត់បន្ថយប្រាក់ឈ្នួលវេនយប់របស់កម្មករពី ១៣០% នៃប្រាក់ឈ្នួលដើម្បីសម្រួលឱ្យស្មើនឹងប្រាក់ឈ្នួលវេនថ្ងៃនាពេលខាងមុខនេះ នឹងធ្វើឱ្យប្រយោជន៍របស់កម្មករត្រូវបាត់បង់បន្ថែមទៀត ។
លោកថា៖ «ខ្ញុំគិតថាក្រសួងការងារគួរតែគិតអំពីអ្វីដែលជាប្រយោជន៍កម្មករ ឬគេហៅថាតម្លាភាពទាំងនិយោជក និងកម្មករ អាហ្នឹងទើបជារឿងមួយប្រសើរ។ ប៉ុន្តែយើងឃើញ (ក្រសួង) គិតតែប្រយោជន៍ថៅកែ ខណៈកម្មករយើងនៅមានបញ្ហាប្រឈមច្រើនណាស់ទាំងការធ្វើដំណើរ និងបញ្ហាសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ...»។
លោក ប៉ាវ ស៊ីណា បានបន្តថា ការកាត់បន្ថយប្រាក់ឈ្នួលវេនយប់ និងការលុបបំបាត់ថ្ងៃឈប់សម្រាកសងរបស់កម្មករនៅពេលនេះគឺជាការស្នើឡើងដោយក្រុមភាគីនយោជក ។ លោកបន្ថែមថានឹងទៅចូលរួមពិគ្រោះយោបល់នេះតាមការអញ្ជើញរបស់ក្រសួង ប៉ុន្តែលោកមិនមានក្ដីសង្ឃឹមថាក្រសួងការងារនឹងយកក្ដីកង្វល់របស់លោកទៅពិចារណាឡើយ។
លោកថា៖ «កន្លងមក យើងតែងតែតស៊ូមតិ និងរួមគ្នាធ្វើ ប៉ុន្តែគេឃើញហើយការតស៊ូមតិរបស់យើងហាក់មិនត្រូវបានចាប់អារម្មណ៍ និងដោះស្រាយនោះទេ បញ្ហាច្បាប់ស្ដីពីសហជីពដែលយើងមើលឃើញថា មានការប្រឈម ប៉ុន្តែ (ក្រសួង) មិនបានទទួលយកយោបល់ពួកយើងដើម្បីធ្វើការដោះស្រាយ ទាំងនោះទេ»។
ចំណែកលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានលើកឡើងកាលពីម្សិលមិញដែរថា ច្បាប់ការងារដែលដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ១៩៩៧ មកគឺបានគិតគូរច្រើនពីផលប្រយោជន៍កម្មករប៉ុន្តែក្រោយៗមកមានការកែប្រែច្បាប់នេះធ្វើឱ្យកម្មករត្រូវខាតប្រយោជន៍ជាបន្តបន្ទាប់។
លោកបន្តថាកាលពីឆ្នាំ ២០០៧ កម្មករធ្វើការងារវេនយប់ត្រូវបានកាត់បន្ថយប្រាក់ឈ្នួលម្ដងរួចហើយគឺពី ១៥០% មកនៅត្រឹម ១៣០% ដោយក្រសួងលើកហេតុផលថា ដើម្បីទាក់ទាញឱ្យមានអ្នកវិនិយោគមកម្ពុជាបន្ថែមទៀត។
លោកថា៖ «ខ្ញុំចាំច្បាស់ណាស់ គឺកាលពីឆ្នាំ ២០០៧ ខាងនិយោជកបានស្នើមកក្រសួងថា បើកាត់បន្ថយប្រាក់ឈ្នួលពេលយប់បាន គេនឹងមកដាក់វិនិយោគទុន ២៤ ម៉ោង ហើយនឹងបង្កើនចំនួនការងារ និងកំណើនសេដ្ឋកិច្ចធ្វើឱ្យកម្ពុជាសម្បូរបែប។ ប៉ុន្តែចាប់ពីពេលនោះមកដល់ពេលនេះជាង ១០ ឆ្នាំគឺកាន់តែយ៉ាប់ជាងមុនទៀតមិនមានការកែប្រែអីទេ»។
កាលពីថ្ងៃម្សិលមិញលោក ហេង សួរ មន្ត្រីនាំពាក្យក្រសួងការងារ មិនទាន់បានឆ្លើយតបចំពោះការលើកឡើងរបស់ក្រុមសហជីពទាំងនេះទេ។ រីឯលោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលសុំមិនអត្ថាធិប្បាយជុំវិញរឿងនេះទេ ដោយលោកបានជំរុញឱ្យទៅសួរលោក ហេង សួរ វិញ។
ចំណែកលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានថ្លែងពីម្សិលមិញថា លោកមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារនេះទេ ប៉ុន្តែលោកថានឹងផ្ដល់បទសម្ភាសនៅពេលក្រោយ បន្ទាប់ពីលោកបានទៅចូលរួមសិក្ខាសាលាពិគ្រោះយោបល់របស់ក្រសួងនៅថ្ងៃទី ១៦ មករាខាងមុខនេះ ។
លោក សុខ វណ្ណា កម្មកររោងចក្រកាត់ដេរ វ៉ូរី នៅភូមិកន្ទោកខាងត្បូង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានលើកឡើងថា ការបន្ថយប្រាក់ឈ្នួលវេនយប់នេះគឺជារឿងអយុត្តិធម៌សម្រាប់កម្មករដែលក្រសួង គួរតែជួយការពារផលប្រយោជន៍ជូនកម្មករវិញទើបល្អ។
លោកថា៖ «ខ្ញុំគិតថា វាមានផលប៉ះពាល់ និងអត់សមរម្យទេ ហើយការកែទម្រង់របស់ក្រសួងបែរជាធ្វើឱ្យបាត់ប្រយោជន៍កម្មករទៅវិញ។ ខ្ញុំគិតថា វាមិនគួរដែលគាត់ (ក្រសួង) គឺជាម៉ែឪរបស់កម្មករ។ ពួកខ្ញុំជាកម្មករអត់សប្បាយចិត្តទេ ដូចជានៅក្នុងឆ្នាំ ២០២០ នេះកាត់ថ្ងៃឈប់សម្រាក ៥-៦ ថ្ងៃហើយថែមប្រាក់ខែបានត្រឹមតែ ៨ ដុល្លារក្នុងពេលដែលផ្ទះជួលនៅម្ដុំបែកចាន បានឡើងថ្លៃចាប់ពី ២៥ ទៅដល់ ៣៥ ដុល្លារនោះ»៕
វីដេអូ៖